Event

ក្រោមសូន្យ៖ កាលពីឆ្នាំ ២០០៨

នៅពេលដែលស្ថានភាព សេដ្ឋកិច្ចវឹកវរ តំលៃហាងឆេងដីធ្លាក់ចុះ របររកស៊ី​លក់ទូរស័ព្ទរបស់ខ្ញុំ បានធ្លាក់ដុនដាប ត្រូវវេចបង្វេចចេញ ពីផ្ទះជួល ត្រូវបានរស់នៅ ក្នុងបន្ទប់ជួលតូចមួយ ក្រោយមកប្អូនស្រីរបស់ខ្ញុំ បានអោយផ្ទះជួលរបស់នាង អោយខ្ញុំស្នាក់នៅ​​ ដើម្បីប្រកបអាជីវកម្ម បោកអ៊ុត ក្នុងគោលបំណងរស់១ថ្ងៃ គិត១ថ្ងៃ ជារៀងរាល់ ។

២ថ្ងៃម្តង ប្រពន្ធរបស់ខ្ញុំទៅទិញអង្ករ ២គីឡូ ពងទា៥ទៅ១០គ្រាប់ កូនស្រីតូចមួយ​អាយុ៤ខែ បំណុលជាប់ពេញទឹសតំបន់ ខាងមីក្រូហិរញ្ញវត្ថុមកលេងផ្ទះ ដែលខ្ញុំជួលគេប្រកបរបរ បោកអ៊ុតជាញឹកញាប់ ខ្ញុំសុញ ខ្ញុំធុញ ខ្ញុំគិតអ្វីមិនចេញ តែខ្ញុំបានរីករាយព្រោះខ្ញុំ នៅជាមួយកូន ប្រពន្ធ ដែលស្រឡាញ់គ្នា ខ្ញុំមិនដែលសំរាកបានពេញភ្នែកទេ កាលនោះខ្ញុំជាអ្នកអ៊ុតខោអាវ ប្រពន្ធជាអ្នកបោកខោអាវ និង ចែកគ្នាមើលកូន។ កាលណោះខ្ញុំតែងតែចូលដេក នៅម៉ោង ១២យប់ជាប្រចាំ និង ត្រូវក្រោកព្រឹកម៉ោង ៥ ភ្លឺ ព្រោះត្រូវរៀបចំ និងសំលៀកបំពាក់ អោយអតិថិជន ពេលខ្លះកូនខ្ញុំឈឺរាកពេលថ្ងៃ គឺមិនទាន់យក​ទៅពេទ្យទេ ព្រោះពេលថ្ងៃត្រូវរងចាំ ចាប់លេខនៅមន្ទីរពេទ្យកុមារ ដូចនេះខ្ញុំត្រូវយកកូន ទៅពេលយប់ម៉ោង ១២ ព្រោះអាចចូលកន្លែងសង្គ្រោះបន្ទាន់ កុំអោយខាតពេល ខ្ញុំត្រូវរងចាំរហូតដល់ម៉ោង ១អាធ្រាត ទាំងពីរនាក់ប្តីប្រពន្ធនិងកូន ខ្ញុំមិនដឹងថា​គួរធ្វើយ៉ាងណាទេ អ្នកសាកគិតលមើល កាលឆ្នាំ ២០០៩ មុខរបរបោកអ៊ុត អោយតែនិយាយប្រាប់គេនោះ គេនិងមាក់ងាយពេបជ្រាយ តែខ្ញុំមិនខ្វល់ទេធ្វើម៉េច អោយរស់សិន របរនេះគឺជារបរមួយ ដែលមនុស្សដាច់យ៉ៃបំផុតលេខទៅហើយ ។

ខ្ញុំព្យាយាមថាបើខ្ញុំរកលុយ បានបន្តិចខ្ញុំនិងទិញម៉ូតូមួយ ទៅរត់ម៉ូតូឌុបហើយ តែដោយសារបងប្រុស គាត់មានម៉ាស៊ីន បោកមួយគ្រឿង ដែលខូចទុកចោល គាត់ក៏បានប្រគល់មកអោយខ្ញុំ ខ្ញុំនៅចាំបានថាកាលណោះ ខ្ញុំជួសជុលម៉ាស៊ីនហ្នឹង អស់តំលៃ ១០ដុល្លារ ដែលជាកំលាំងញើសឈាមខ្ញុំ រកបានទាំងដើម និង ប្រាក់ចំណេញ ក្នុង១ថ្ងៃ ។ ខ្ញុំនៅចាំបានទៀតថា ខ្ញុំចូលចិត្តផឹកកាហ្វេរ ពេលព្រឹកណាស់ តែមិនមែនម៉ោង ៤ព្រឹកទេ ខ្ញុំក្លាយទៅជាមនុស្ស ក្រោកពេលព្រឹកម៉ោង៤ ទៅផឹកកាហ្វេជាមួយចាស់ៗ មូលហេតុតែដេកមិនលក់ អោយតែដេកគឺលក់ តែបើហ៊ានតែដឹងខ្លួន គឺមិនអាចដេកវិញតែម្តង រយៈពេល២ឆ្នាំគត់ ស្ថិតនៅជាមួយទឹកអណ្តូង សក់ខ្ញុំឡើងរឹង ធ្មេញឡើងខ្មៅ ក្រចកដៃក្រចកជើង​ឡើងខ្មៅល្អក់ តែខ្ញុំមិនរួញរា ហេតុតែឈាមជ័រជាអ្នករកស៊ី ខ្ញុំជួលបានឈ្នួលម្នាក់ សំរាប់មើលកូន ដែលប្រាក់ខែពេលនោះគឺ ៣០ដុល្លារ ខ្ញុំចំណាយដើម្បីអោយកូនខ្ញុំ បានស្រួលបន្តិច នេះហើយគឺជាជីវិត។

ខ្ញុំក៏បានស្រួលខ្លួនខ្ញុំក៏ចាប់ផ្តើម ធ្វើការបានច្រើនជាងមុន២ដង ពេលខ្លះខ្ញុំយកឈ្នួលមកជួយបោកខ្ញុំ គិតថាស្រួលជាងមុន ខ្ញុំក៏បន្ថែមឈ្នួល បានដល់ទៅ៣នាក់ ដែលនៅស្នាក់ជាមួយគ្នា កូនខ្ញុំ ប្រពន្ធខ្ញុំ ខ្ញុំ និង ឈ្នួល ៣នាក់ទៀត យើងមិនមានមុងចងធំ ដល់ប៉ុននឹងទេ ដូចនេះខ្ញុំនៅដេកជាមួយគ្នា ដោយគ្រាន់តែប្រើកង្ហាតូចមួយ បក់ទាំងអស់គ្នា។ ដោយសារតែ​ភាពលំបាកទាំងអស់ហ្នឹង ធ្វើអោយខ្ញុំអាចសិក្សា បានច្រើនអំពីរបរបោកអ៊ុត ខ្ញុំប្រើពេលវេលារបស់ខ្ញុំទាំងអស់ នៅជាមួយបោកអ៊ុតទំនើប ខ្ញុំសមិនសោកស្តាយអ្វីទេ សំខាន់គឺខ្ញុំនៅជាមួយ ប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំបានបង្រៀនឈ្នួលរបស់ខ្ញុំ អោយគាត់ចេះបោក ចេះអ៊ុត និង សួរនាំពីចាស់ៗមកវិញអំពីរបៀបរបប ប្រើប្រាស់និងបច្ចេកទេសផ្សេងៗ។ រហូតដល់ខ្ញុំចេញទៅសាខាទី២ ដោយមិនសំអាងអ្វីទេ គឺគ្រាន់តែគិតថាខ្ញុំចំណេញ ពីកន្លែងនេះ ២០០ដុល្លាហើយក្នុង១ខែ ខ្ញុំចង់រកផ្ទះណា ដែលមានទឹកស្អាតគ្រាន់និងមុជ ហើយយកប្រាក់ចំណេញនេះ ទៅទប់ថ្លៃផ្ទះថ្មី ។

ខ្ញុំក៏ចេញទៅបានដោយជោគជ័យ គឺតំលៃផ្ទះដែលមានទឹកស្អាត ត្រឹមតែ ១៧០ដុល្លា តែម្ចាស់ផ្ទះក៏មើលងាយថា អារបរបោកអ៊ុតហ៊ានជួលផ្ទះអញ ដល់ទៅ ១៧០ដុល្លារ បើ កើតអញសុខចិត្ត អោយកូនអញឈប់ធ្វើការ មកបោកអ៊ុតទាំងអស់ ( តែនៅទីបំផុត​កូនរបស់គាត់ លួចបច្ចេកទេសខ្ញុំហើយ យកទៅបើកបោកអ៊ុត របស់គាត់ផ្ទាល់ខ្លួនមែន) ពេលនោះខ្ញុំមិនដឹង និយាយថាម៉េចទេ តែចេះតែទ្រាំទៅ ខ្ញុំក៏បានដូចបំណង គឺទឹកស្អាត ខ្ញុំរៀបចំផ្លាកសញ្ញា និងគ្រឿងប្រដាប់អស់ប្រហែល ៣០០ដុល្លារ សំរាប់ហាង​បោកអ៊ុតមួយ ខ្ញុំក៏ចាប់ផ្តើមអាជីវកម្ម លោកអើយគ្រាន់តែថ្ងៃទី១ ដែលខ្ញុំបើក ខ្ញុំទទួលបាន ១០ដុល្លារហើយ ខ្ញុំគិតថាខ្ញុំសង្ឃឹមហើយ ថ្ងៃទី២ថ្ងៃទី៣ ចេះតែកើនជាលំដាប់ រហូតដល់១ថ្ងៃ ខ្ញុំអាចរកប្រាក់ចំណូលបាន ៣០ដុល្លារ ខ្ញុំអរដូចហោះចឹង មិនដែលមានចឹងទេ តែខ្ញុំក៏យល់ដែរថា ​ប្រហែលជាខ្ញុំធ្វើតែ របរមួយមុខហើយ ទើបធ្វើអោយគេមានទំនុកចិត្ត ព្រោះពេលនោះគ្មាននរណា ហ៊ានបើកផ្លាកធំចឹងដែរ ។

ខ្ញុំកាន់តែដាច់ ខ្ញុំក៏បានឈប់ប្រើពាក្យថា ឈ្នួល ព្រោះខ្ញុំយល់ថា ប្រើពាក្យថាឈ្នួល ខ្ញុំគ្រាន់តែជាម្ចាស់របស់ឈ្នួល បើខ្ញុំប្រើពាក្យថាបុគ្គលិក ខ្ញុំប្រហែលជាធំ ដល់ថ្នាក់ប្រធានក្រុមហ៊ុនឯណោះ ។ ពេលនោះខ្ញុំមានបុគ្គលិក ៦នាក់ គាត់ជួយខ្ញុំព្រោះអោយតែមក ដល់ខ្ញុំប្រាប់គាត់ទាំងអស់ថា ត្រូវធ្វើយ៉ាងណា ខ្ញុំមិនដែលបានលាក់ចំណេះអ្វី ដែលខ្ញុំចេះនោះទេ ខ្ញុំក៏បានចេះមកវិញពីបុគ្គលិក របស់ខ្ញុំដែរ យើងប្រឹងប្រែងធ្វើការទាំងអស់គ្នា ។ ខ្ញុំមានឪកាសអាចចេញទៅ ក្រៅបានពិភាក្សាជាមួយមិត្តភ័ក្រ បងប្អូនគាត់អោយបើកបន្ថែមទៀត ខ្ញុំក៏សំរេចចិត្ត បបួលគ្នាបើក តែគ្មាននរណា ចាប់អារម្មណ៍ទេ ខ្ញុំក៏សំរេចចិត្តសន្សំប្រាក់ ដើម្បីបើកសាខាបន្ថែមទៀត ដោយមិនខ្ចីរវល់ ជាមួយរឿងបំណុល ដែលគេមកទាររាល់ថ្ងៃទេ ខ្ញុំបើកសាខាទី ៣ រហូតបានដល់៦សាខា នៅក្នុងខេត្តសៀមរាប ខ្ញុំចាប់ផ្តើមដោះបំណុល អ្នកដែលខ្ញុំជំពាក់ គេចេះតែសួរខ្ញុំថា បានលុយមកពីណា? ខ្ញុំថាខ្ញុំបានមកពីបោកអ៊ុត គេមិនជឿខ្ញុំទេ គេថាម៉ែឪជួយ ។ តែអ្វីដែលខ្ញុំប្រឹង គឺខ្ញុំប្រឹងឈរដោយខ្លួនឯង អ្នកកុំអស់សង្ឃឹម ចាំថ្ងៃក្រោយខ្ញុំនិងសសេររឿងខ្ញុំ បន្ថែមអោយអ្នកបានយល់ថា ខ្ញុំគឺក្រោមសូន្យ ធ្វើរបរមួយ ដែលគេមើលងាយមើលថោក ក្លាយជារបរមានតំលៃ ដោយយ៉ាណា? តើអ្នកចង់ដឹងទៀតទេ? បើចង់ដឹង សូមលើកមេជើងមួយមក

Most Popular

To Top