ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ – UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយ នៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង។
តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើតនិងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត។ គ្រប់វីដអូទាំងអស់ នឹងត្រូវបានផ្សាយនៅលើTikTok នៅមុនពេលការប្រកួតធំៗ ដើម្បីជូនដំណឹងដល់ទស្សនិកជន អំពីព្រឹត្តិការណ៍ឬការប្រកួតដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងពេលឆាប់។
UFC និង TikTok នឹងធ្វើការចែកចាយវីដេអូរាប់រយ ជារៀងរាល់ឆ្នាំតាមរយៈគណនី TikTok របស់ភ្នាក់ងារ UFC ទូទាំងពិភពលោករួមមាន@UFC @UFCRussia @UFCBrasil និង @UFCEurope ដែលមានអ្នកតាមដានសរុបប្រមាណ៧លានគណនី។ ជាមួយនឹងប្រិយភាពដែលកំពុងកើនឡើងជាគំហុក ក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់TikTok និងអ្នកគាំទ្ររបស់UFC នឹងអាចទទួលយកបទពិសោធន៍នៃការទស្សនាការប្រកួតការប្រដាល់ បែបថ្មីលើទម្រង់TikTokដ៏អស្ចារ្យនេះ។
UFCនឹងត្រៀមបុគ្គលិកពេញម៉ោងរបស់ខ្លួនដើម្បីធ្វើការជាមួយ TikTok ក្នុងការផលិតវីដេអូសម្រាប់ផ្សាយផ្ទាល់និងវីដេអូផ្សេងៗទៀតសម្រាប់គណនី @UFC ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយនឹងសហគមន៍UFCដ៏ធំនៅលើTikTok។ នេះបានបង្ហាញពីការចាប់ដៃសហការគ្នាជាលើកដំបូងរបស់TikTokនិងវិស័យកីឡាUFC។
Harish Sarma ដែលជាប្រធាន TikTok ផ្នែក Global Strategic Partnerships នៃសហរដ្ឋអាមេរិកនិងអូសេអានីបានឲ្យដឹងថា៖«ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ នឹងដៃគូសហការរបស់យើងUFC តាមរយៈការបង្កើតមាតិកាយ៉ាងពិសេសសម្រាប់ផ្សាយតែនៅលើTikTok។ អ្វីដែលកាន់តែពិសេស អ្នកគាំទ្រនិងអ្នកស្នេហាវិស័យកីឡាអាចមើលព្រឹត្តិការណ៍នានាដែលពួកគេខកខាន តាមរយៈបទពិសោធន៍ថ្មីលើទម្រង់TikTok។ តាមរយៈកិច្ចសហការនេះ យើងជឿជាក់ថា យើងនឹងនាំយកភាពរំភើបសប្បាយរីករាយ ទាំងក្នុងនិងក្រៅសង្វៀនប្រដាល់»។
David Shaw ដែលជាអនុប្រធាននាយកជាន់ខ្ពស់ផ្នែកមាតិកា UFC បានឲ្យដឹងថា៖ «កិច្ចសហការជាមួយនឹងTikTok គឺជាទម្រង់នៃការចែករំលែកមាតិកាដ៏សំខាន់មួយ ដែលបន្ថែមទៅលើទម្រង់នៃការចែកចែកមាតិកាបែបប្រព័ន្ធអេកូឡូស៊ីរបស់UFC។ ពួកយើងចង់ឲ្យអ្នកគាំទ្ររបស់យើងអាចទទួលព័ត៌មាន និងមាតិការបស់យើងកាន់តែងាយស្រួលថែមទៀត ហើយTikTok គឺជាទម្រង់មួយដែលផ្សាភ្ជាប់ជាមួយ នឹងអ្នកប្រើប្រាស់គ្រប់ជាន់ថ្នាក់ពីទូទាំងសកលលោក។ ការសហប្រតិបត្តិការនេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើន ការទស្សនាកម្មវិធី ហើយជាមួយគ្នានោះដែរចែករំលែក ទៅឲ្យទស្សនិកជន របស់យើងគ្រប់ពេលវេលា»។
TikTok គឺជាបណ្តាញសង្គមដែលលូតលាស់លឿនបំផុត ដែលមានអ្នកប្រើប្រាស់ជា ១០០លាននាក់នៅសហរដ្ឋអាមេរិក។ ជាមួយនឹងអ្នកតាមដានជាង ៧លាននាក់នៅលើគណនីផ្លូវការ របស់ខ្លួន UFCបានក្លាយជាកីឡាដែលរីកចម្រើនលឿនបំផុត នៅលើTikTok។ ចាប់តាំងពីឆ្នាំ២០១៩ វីដេអូក្រោម #UFC ត្រូវបានទស្សនាជាង៨ពាន់លានដង៕