Event

ណាហ្គាវើលដ៍​ បេះដូងសប្បុរស ឧបត្ថម្ភស្បៀងអាហារ ស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារ ដល់សាលាក្រុង ដើម្បីចែកជូនគ្រួសារ កំពុងត្រូវការជំនួយ

ភ្នំពេញ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានឧបត្ថម្ភ ស្បៀងអាហារ ដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូន ដល់ពលរដ្ឋដែលរងផលប៉ះពាល់ ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។

ដើម្បីទប់ស្កាត់ការកើនឡើង នៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់ កាលពីថ្ងៃទី១៥ ខែមេសា ហើយតំបន់ដែលមាន ហានិភ័យខ្ពស់ជាច្រើន ត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។

ផ្សារមិនរៀបរយទាំងអស់ ត្រូវបានបិទដើម្បីជួយទប់ស្កាត់ ការកើនឡើង យ៉ាងឆាប់រហ័ស នៃករណីជំងឺកូវីដ-១៩ ផងដែរ។ គ្រួសារនីមួយៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និងទឹកស៊ីអ៊ីវ ៦ ដប ស្បៀងអាហារ ដែលត្រូវបានឧបត្ថម្ភ នឹងអាចផ្គត់ផ្គង់ ៣.៥០០ គ្រួសារនៅតំបន់ ដែលរងផលប៉ះពាល់ខ្លាំង។

ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ នាយករដ្ឋបាល​ នៃសាលារាជធានីភ្នំពេញ ព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Mike Ngai នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។

លោក Pern Chen នាយកគ្រប់គ្រង ណាហ្គាវើលដ៍ បានឲ្យដឹងថា ណាហ្គាវើលដ៍ បេះដូងសប្បុរស ប្តេជ្ញាចិត្តពេញទំហឹង ដើម្បីជួយដល់សហគមន៍។ វាជាទំនួលខុសត្រូវរបស់យើង ដែលត្រូវជួយដល់សហគមន៍ នៅពេលពួកគេត្រូវការជំនួយ។ ការកើនឡើងនៃករណីឆ្លង នាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ ឲ្យមានការបិទខ្ទប់ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ យើងនឹងធ្វើការជាមួយ ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយសហគមន៍ នៅកន្លែងដែលយើងអាចជួយបាន”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ​ បានមានប្រសាសន៍ថា “ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភ អង្ករ ចំនួន ៨៧.៥០០ គីឡូក្រាម ត្រីខ ចំនួន ៣៥.០០០ កំប៉ុង មី ១០៥.០០០ កញ្ចប់ ទឹកត្រី ២១.០០០ ដប និងទឹកស៊ីអ៊ីវ ចំនួន ២១.០០០ ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩”។

ដោយមានការជួយ ពីមន្ត្រីសាលាក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀងអាហារទាំងនេះ នឹងត្រូវយកទៅចែកជូន ឲ្យបានលឿនបំផុតដល់គ្រួសារ ដែលកំពុងត្រូវការជំនួយបំផុត នៅក្នុងតំបន់បិទខ្ទប់។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភ ជាច្រើនផងដែរ ដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការ ដូចជា ម៉ាស់មុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ការឧបត្ថម្ភសរុប ដល់សាលារាជធានីភ្នំពេញ កន្លងមក មានចំនួនប្រមាណ ២១៨.០០០ ដុល្លារ៕

Most Popular

To Top