Event

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំង ជូនបុគ្គលិក

ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយ នៃយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល ៣សប្តាហ៍ របស់ក្រុមហ៊ុន។

ដោយមានការយកចិត្តទុកដាក់ ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ ចាក់វ៉ាក់សាំងនេះឡើង នៅឯរោងចក្រផលិតស្រាបៀរ ដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការ ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចំណាយពេល ៣សប្តាហ៍។

លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ “បុគ្គលិក គឺជាកម្លាំងស្នូល របស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តា អាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំ ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន នូវកម្មវិធីចាក់វ៉ាក់សាំង ជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើង ដែលជាកំលាំងចលករ របស់អាជីវកម្មយើងមានសុវត្ថិភាព។”

ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អ ដើម្បីពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងនេះផងដែរ។

លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធី ចាក់វ៉ាក់សាំងនាថ្ងៃនេះ សម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាម មូលដ្ឋានរបស់ពួកគាត់ បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុន ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបាន ជានិច្ចនូវសុវត្ថិភាពខ្ពស់។

ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែង របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធី ផ្សងសំណាងផងដែរ សម្រាប់អ្នកដែលបានបញ្ចប់ ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបាន ចាក់វ៉ាក់សាំងរួច ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាកង់។

ដោយមានវត្តមាន នៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិក ចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោល ជូនដល់ប្រជាជនកម្ពុជា រាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករ ដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។

នៅក្នុងសេចក្ដីប្រកាសមួយ កាលពីពេលថ្មីៗនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធ ជូនរាជរដ្ឋាភិបាល ច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងត្រូវបានផ្តល់កិត្តិយស នៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកលោក គង់ វិបុល រំពឹងថានឹងផ្តល់ជូន លិខិតថ្លែងអំណរគុណ និងកោតសរសើរមួយ ដែលមានការចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក បណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា៖ “នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវ លើកាតព្វកិច្ចរបស់យើង ចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុន បង់ពន្ធច្រើនជាងគេ នៅកម្ពុជា និងជាក្រុមហ៊ុន ផលិតស្រាបៀរធំបំផុតមួយ ក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំង នៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយ បានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានសារៈសំខាន់ខ្លាំង”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ ចំនួនជាង ២៣០លានដុល្លារ សហរដ្ឋអាមេរិក ទៅក្នុងរោងចក្រផលិត ស្រាបៀររបស់ខ្លួននៅកម្ពុជា នាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមស្តង់ដារ គុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken®, ABC, Tiger, Anchor និង Gold Crown។

ស្ថិតក្រោមពាក្យស្លោក “ចូលរួមអភិវឌ្ឍពិភពលោក ដ៏ល្អប្រសើរ” ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយ បរិមាណទឹកយ៉ាងច្រើន ដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថា ជាក្រុមហ៊ុនផលិតស្រាបៀរ ដែលមានប្រសិទ្ធភាព សន្សំសំចៃទឹកបំផុតមួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយ ការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរ គិតចាប់ពីឆ្នាំ២០១៣មក។

ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវ ដំបូងគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញ នូវជីវឧស្ម័នសម្រាប់ថា មពលកម្តៅផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រ ដល់ការបង្ហាញតម្លាភាពផងដែរ តាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភ នៅលើស្រាបៀរគ្រប់ម៉ាកយីហោ ទាំងអស់របស់ខ្លួន៕

Most Popular

To Top