ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់ កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរក ប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព។
ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ ឬ Equity CFD ក្រុមហ៊ុន G-Link បានក្លាយជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគ ច្រើនជាងគេបំផុត នៅកម្ពុជា សម្រាប់ការជួយបង្កើនឱកាសវិនិយោគ កាន់តែច្រើនសម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់។
ដើម្បីកត់សម្គាល់សមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន G-Link បានរៀបចំពិធីអបអរសាទរ តាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចណែនាំ អំពីផលិតផលវិនិយោគ ក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងគុណសម្បត្តិរបស់ផលិតផលទាំងនេះ ទៅដល់សាធារណជន ក៏ដូចជាចែករំលែកពេលវេលាដ៏រីករាយជាមួយ ភ្ញៀវកិត្ដិយសទាំងអស់ផងដែរ។
ពិធីអបអរសាទរនេះត្រូវបានផ្ដល់កិត្ដិយស ចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) រួមមាន៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ ន.ម.ក លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការី មូលបត្រនៃ ន.ម.ក លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យ គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យ គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ស៊ីម ណារីកិត្យា មន្រ្ដីជំនាញការិយាល័យគ្រប់គ្រង អាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ ដើម្បីជាសក្ខីភាព និងអបអរសាទរដល់ការរីកចម្រើនឥ តឈប់ឈររបស់ក្រុមហ៊ុន G-Link។
ជាមួយគ្នានេះដែរ វត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន សមភាគីកណ្ដាលរួមមាន៖ លោកស្រី ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកស្រី Jen Tran និងលោក Lawrence Kook ដែលជាអភិបាល នៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ កម្មវិធីនេះក៏ត្រូវបានអញ្ជើញចូលរួម អបអរសាទរពីបណ្ដាភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ដែលបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន G-Link ក្នុងការបង្កើនកម្រិតស្តង់ដារទីផ្សារ នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ ន.ម.ក។
ផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុន G-Link បាននាំយកមក គឺជាការជួញដូរលើតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនអន្តរជាតិទាំងនោះ ហើយភាគច្រើន យើងសុទ្ធតែបានស្គាល់ និងកំពុងប្រើប្រាស់សព្វថ្ងៃនេះ។ ជាឧទាហរណ៍ ក្រុមហ៊ុន Facebook Apple Tesla Microsoft Starbucks Amazon Coca-Cola និងក្រុមហ៊ុនជាច្រើនទៀត ដែលភាគច្រើនមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ និងប្រទេសចិន។ វិនិយោគិនអាចជួញដូរលើតម្លៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុនទាំងអស់នេះបាន តាមរយៈកម្មវិធីជួញដូរ របស់ក្រុមហ៊ុន G-Link ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងជាតំណាងនៃក្រុមហ៊ុន G-Link បានមានប្រសាសន៍ថា៖ ក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំតំណាងឱ្យក្រុមហ៊ុន G-Link ទាំងមូល សូមសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលយើងមានផលិតផលវិនិយោគ កាន់តែច្រើនសម្រាប់ទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលវិនិយោគទាំងនេះ នឹងធ្វើឱ្យសកម្មភាពវិនិយោគកាន់តែមមាញឹក និងទាក់ទាញការចូលរួម កាន់តែច្រើនពីតួអង្គទីផ្សារទាំងអស់ នៅក្នុងវិស័យហិរញ្ញវត្ថុ។
លោកបានបន្ដទៀតថា៖ ក្នុងស្មារតីនេះ ក្រុមហ៊ុនរបស់យើងប្តេជ្ញាចិត្ដថា នឹងពង្រឹងប្រតិបត្តិការអាជីវកម្មរបស់យើង ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ហើយយើងនឹងបន្ដការអភិវឌ្ឍសេវាកម្ម និងផលិតផលវិនិយោគឱ្យកាន់តែល្អប្រសើរ។ យើងក៏សូមថ្លែងអំណរគុណចំពោះ ន.ម.ក និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគី កណ្ដាលរបស់យើង សម្រាប់ការដឹកនាំ និងការគាំទ្រជាបន្តបន្ទាប់ក្នុងដំណើររួមគ្នា ក្នុងការជួយសម្រួលដល់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីការពារវិនិយោគិន និងជំរុញកំណើនទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជា និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ។
ដោយចូលរួមក្នុងស្មារតីនេះ ជាដំបូងគណៈអធិបតីនៃ ន.ម.ក បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន G-Link ដែលតែងតែបន្ដប្រតិបត្ដិការល្អ ប្រសើរក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេ និងបានអបអរសាទរដល់ក្រុមហ៊ុន G-Link ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្ រើនជាងគេបំផុតនៅកម្ពុជា។
លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ ចាប់តាំងពី ន.ម.ក បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន G-Link ឱ្យដំណើរការអាជីវកម្មរបស់ខ្លួនមក យើងតែងតែមើលឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍផលិតផលវិនិយោគរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនមានផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតឱ្យជួញដូរពី ន.ម.ក ប្រមាណជា ១១២ ផលិតផល រួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណបរទេស កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលើគម្លាតថ្លៃថាមពល កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ។ នេះគឺជាចំនួនផលិតផល ឧបករណ៍និស្សន្ទច្រើនជាងគេ បើធៀបជាមួយនឹងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដទៃទៀត។
លោកបានបញ្ជាក់ទៀតថា៖ ការកើនឡើងនូវទំហំជួញដូរ របស់ក្រុមហ៊ុននេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះក្រុមហ៊ុននេះបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកវិនិយោគសាធារណៈ តាមរយៈការផ្ដល់ជម្រើសផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតជាច្រើនដល់វិនិយោគិន រួមទាំងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្ដិដែលមានជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន G-Link ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការទាក់ទាញ និងការផ្ដល់ទំនុកចិត្ដដល់វិនិយោគិន ឱ្យចូលរួមវិនិយោគនៅក្នុងវិស័យនេះ។
លោក Lawrence Kook បានចូលរួមបញ្ចេញមតិថា៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពដែលបានឃើញ ពីការប្តេជ្ញាចិត្តក្នុងការបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍសេវាកម្មរបស់ក្រុមហ៊ុន G-Link។ ដោយបានចូលរួមជាសក្ខីភាព ក្នុងពិធីអបអរសាទរនេះ យើងជឿជាក់ថា ក្រុមហ៊ុន G-Link នឹងអាចផ្សព្វផ្សាយផលិតផលវិនិយោគក្នុងទម្រង់ជាកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងអត្ថប្រយោជន៍របស់វាដោយជោគជ័យ ដោយអនុញ្ញាតឱ្យវិនិយោគិន និងអ្នកជួញដូរទាំងអស់អាចវិនិយោគបានយ៉ាងងាយស្រួល និងអាចទាញយកផល ត្រឡប់ពីការវិនិយោគជាបន្តបន្ទាប់។
ពិធីអបអរសាទរបានបញ្ចប់ ទៅប្រកបដោយផ្លែផ្កា ហើយក៏ជាការចាប់ផ្តើម នៃឱកាសមាសថ្មីៗជាច្រើន សម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់ ដើម្បីជួយឱ្យជីវិតរបស់ពួកគាត់កាន់តែល្អប្រសើរ ក្រោមការការពាររបស់ ន.ម.ក។
ជាចុងបញ្ចប់ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា និងដើម្បីឱ្យប្រជាជនកម្ពុជាអាចទាញយក សារៈប្រយោជន៍ពីផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន G-Link នឹងរៀបចំផ្ដល់ជូននូវកម្មវិធី ប្រូម៉ូសិនពិសេសៗដល់អតិថិជន។ ដូច្នេះ សូមតាមដានទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Golden FX Link Capital ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាក់ទងនឹងប្រូម៉ូសិន និងចំណេះដឹងពាក់ព័ន្ធ នឹងការជួញដូរផលិតផលហិរញ្ញវត្ថុ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់សាកសួរព័ត៌មានបន្ថែមទាក់ទងនឹង ការបើកគណនីជួញដូរ ឬការប្រឹក្សាយោបល់អំពីការ វិនិយោគលើឧបករណ៍និស្សន្ទ សូមទាក់ទងមកកាន់ក្រុមហ៊ុន G-Link តាមរយៈទូរស័ព្ទលេខ៖ 023 226 666៕