ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក (G.T.V.C ) បានអនុញ្ញាតិ ឲ្យអ្នកដែលមានបំណងធ្វើដំណើរតាមផ្លូវទឹក ពីខេត្តព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះនានា អាចធ្វើការកក់សំបុត្រក្នុងការធ្វើដំណើរ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក។
ដូចបានប្រកាសនេះ ក្រុមហ៊ុន G.T.V.C speedboat Cambodia សំណូមពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងរួចរាល់ សូមបង្ហាញប័ណ្ណចាក់វ៉ាក់សាំង គ្រប់ពេលធ្វើការទិញសំបុត្រទូក ពីក្រុមហ៊ុន ជាមួយគ្នានោះក្រុមហ៊ុន G.T.V.C បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូប ចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19 នេះជាសកលនេះ ៕










