Event

ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវា ទូទាត់អគ្គិសនី ដោយមិនគិតថ្លៃសេវា ដល់៧ ខេត្ត/រាជធានី

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវា បង់ថ្លៃអគ្គិសនី ដោយមិនគិតថ្លៃសេវារបស់ខ្លួន រហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអគ្គិសនី។

អ្នកប្រើប្រាស់សេវា របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើការទូទាត់ថ្លៃអគ្គិសនី ជូនអគ្គិសនីកម្ពុជា (EDC) ដោយមិនគិតថ្លៃសេវា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។

ការផ្តល់ជូនសេវា ទូទាត់ថ្លៃអគ្គិសនី “ដោយមិនគិតថ្លៃសេវា” នេះ មានសុពលភាពសម្រាប់ អ្នកដែលទូទាត់ថ្លៃអគ្គិសនីជូន EDC តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកា ផ្នែកយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ អ្នកខ្លះបានជួបបញ្ហាប្រឈម ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការផ្តល់ជូនសេវា បែបនេះ យើងសង្ឃឹមថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃ របស់អតិថិជនយើង មានភាពកាន់តែងាយស្រួលខ្លាំង និងចំណាយកាន់តែតិចផងដែរ ដោយសារការលើកលែងថ្លៃសេវា លើការទូទាត់ថ្លៃអគ្គិសនី”។

អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានទទួលបានការ លើកលែងថ្លៃសេវានេះ រួចហើយសម្រាប់ការទូទាត់ ថ្លៃអគ្គិសនីជូន EDC កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ បានដាក់បញ្ចូលខេត្តចំនួន៥ បន្ថែមទៀត ទៅក្នុងការផ្តល់ជូនការលើកលែង សេវាថ្លៃទូទាត់អគ្គិសនីនេះ។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាផ្នែកដ៏សំខាន់មួយរួចហើយ នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូន ការទូទាត់នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងពង្រីកសេវារបស់ខ្លួន ដល់អតិថិជនកាន់តែច្រើន ថែមទៀតនៅទូទាំងប្រទេសកម្ពុជា”។

ចាប់តាំងពីចាប់ផ្តើម ប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជាដែលមិនទាន់មាន សេវាធនាគារ។ ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើន ប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ៕

Most Popular

To Top