លោកស្រី JACK NITH មានស្រុកកំណើត នៅខេត្តព្រៃវែង នៅក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូន ០៣នាក់ ហើយលោកស្រី ជាកូនទីពីរ និងកំព្រាឳពុកតាំងពីអាយុ 9ឆ្នាំ ដោយសារពួកគាត់ បានចែកផ្លូវគ្នា ហើយម្តាយ ត្រូវបង្ខំចិត្តទៅធ្វើការ នៅភ្នំពេញ ចំណែកលោកស្រីវិញ ត្រូវរស់នៅជាមួយ លោកយាយបង្កើត។
ក្នុងបទសម្ភាសន៍មួយ លោកស្រី JACK NITH បានមានប្រសាសន៍ថា៖ ពេលនោះនាងខ្ញុំចាំបានថា គ្រួសារនាងខ្ញុំលំបាកណាស់ មិនត្រឹមតែក្រនោះទេ ថែមទាំងជំពាក់បំណុលគេទៀតផង ហើយស្ថានភាពគ្រួសាររស់ខ្ញុំ គឺលំបាកខ្លាំង ដែលពិបាកនិយាយណាស់។ ខ្ញុំកាលនៅរៀនក៏ជា សិស្សពូកែម្នាក់ដែរ ប៉ុន្តែតែត្រូវបង្ខំចិត្ត ឈប់រៀនត្រឹមថ្នាក់ទី6 ដោយសារ ជីវភាពគ្រួសារលំបាក ទើបខ្ញុំសម្រេចចិត្តឈប់រៀន ទៅធ្វើការរោងចក្រកាត់ដេរ រយៈ5ឆ្នាំ បន្ទាប់មកនៅឆ្នាំ2008 ខ្ញុំក៏ទៅធ្វើការនៅកំពង់សោម ផ្នែកគ្រប់គ្រងហាងមួយកន្លែង ដែលជារបស់មីងខ្ញុំ ធ្វើការនៅទីនោះ គឺរៀនបានគ្រប់រស់ជាតិជីវិត បន្ទាប់មកនាងខ្ញុំ ក៏ចាប់ផ្តើមមានគ្រួសារ ដោយគាត់ជាអ្នកខេត្តកំពត តែគាត់ធ្វើការជាពលករ នៅប្រទេសកូរ៉េ រហូតដល់ឆ្នាំ2015 ខ្ញុំក៏សំរេចចិត្ត រៀនភាសាកូរ៉េ និងប្រលងទៅធ្វើការ នៅប្រទេសកូរ៉េ ហើយខ្ញុំក៏ប្រលងជាប់។
នៅថ្ងៃទី28 ខែ3 ឆ្នាំ2015 ខ្ញុំបានឡើងទៅធ្វើការនៅកូរ៉េ ផ្នែកកសិកម្មបទពិសោធន៍ ធ្វើការនៅទីនោះ មិនងាយស្រួលទេ ដោយសារប្រទេសកូរ៉េ អាកាសធាតុប្រែប្រួល ទាំងត្រជាក់ខ្លាំង និងក្តៅខ្លាំង។ ពិតប្រាកដណាស់ បងប្អូនដែលមិនបានដឹង ប្រហែលជាគិតហើយថា ប្រទេសគេទទួលបាន ប្រាក់ខែច្រើន តែនៅទីនោះ ក៏ចំណាយច្រើនដែល រយៈពេល1ឆ្នាំកន្លះ គឺមិនមានសល់លុយ សូម្បីតែ100$ បងប្អូនប្រហែលជា មិនជឿទេ! នេះក៏ដោយសារខ្ញុំ មិនមានចំណេះដឹងគ្រប់គ្រាន់ និងការប្រើប្រាស់លុយ តែបន្ទាប់មក ខ្ញុំក៏បានស្អាល់លោកគ្រូ ស៊ឺន សុកគា (SEUN SOKEA) ដែលគាត់ជាពលករខ្មែរ ធ្វើការនៅទីនោះ គាត់ក៏បានណែនាំខ្ញុំ ខាងផ្នែករកស៊ីត្រូវ បន្ទាប់មកជីវិតរបស់ខ្ញុំ ក៏ចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំង ដែលខ្ញុំធ្វើការផង រកស៊ីផង ដូចជា៖ លក់សៀវភៅ លក់ទំនិញផ្សេងៗ តាមអនឡាញ-ល-។
បន្ទាប់មកខ្ញុំបាន ទទួលចំណេះដឹងទូទៅ និងការរកស៊ី ធ្វើឱ្យខ្ញុំសំរេចចិត្ត ត្រឡប់មកខ្មែរវិញ មុនអាណត្តិត្រឹមតែ3ឆ្នាំ។ ថ្ងៃទី28 ខែ3 ឆ្នាំ2018 ខ្ញុំបានត្របល់មកខ្មែរវិញ ដោយចេញរកស៊ី ដោយខ្លួនឯង ហើយពេលនោះ អ្នកស្គាល់ខ្ញុំ ប្រហែលគិតថា ខ្ញុំជោគជ័យខ្លាំងហើយ បន្ទាប់ពីឈប់ ធ្វើការងារអោយគេ ហើយមករកស៊ីខ្លួនឯងវិញ តែធាតុពិត គឺខ្ញុំបានបរាជ័យច្រើន ជាងជោគជ័យ! តែយ៉ាងណាវាបាន ធ្វើឱ្យខ្ញុំកាន់ខ្លាំង កាន់តែរឹងមាំ ដែលនៅតែរក្សាគោលជំហរ និងភាពស្មោះត្រង់ រហូតមកដល់ពេលនេះ ខ្ញុំបានចាប់ផ្តើមរកស៊ី ក្នុងវិស័យអចលនទ្រព្យ ជាមួយក្រុមហ៊ុន BOREY SK LAND ហើយក៏មានទុនមួយចំនួន ចូលរួមជាមួយក្រុមហ៊ុនដែរ និងក៏ជាប្រធានទីផ្សារ នៅក្នុងក្រុមហ៊ុនផងដែរ ហើយខ្ញុំក៏បានក្លាយជា អ្នករកស៊ីក្នុងវិស័យ អចលនទ្រព្យ និងជំនួញផ្សេងៗទៀត៖ ខ្ញុំបានផ្លាស់ប្រែជីវភាពរបស់ខ្ញុំ ជាមួយនឹងវិស័យ អចលនទ្រព្យនេះ រយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានធ្វើឱ្យជីវភាព គ្រួសារល្អប្រសើរឡើងៗ ធ្វើឱ្យខ្ញុំមានលទ្ធភាព វិនិយោគទិញដី បានច្រើនកន្លែង នៅខេត្តមួយចំនួនដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពត តាកែវ និងខេត្ត កណ្តាល មួយចំនួន។ ខ្ញុំក៏ចាប់ផ្តើមមានលទ្ធភាព ទិញផ្ទះផ្ទាល់ខ្លួនប៉ុន្មានកន្លែង និងបានធ្វើផ្ទះជូនម្តាយរបស់ខ្ញុំ នៅខេត្ត។ និងខ្ញុំបានទិញរថយន្តទំនើប សម្រាប់ប្រើប្រាស់មួយចំនួន សម្រាប់សុវត្ថិភាព ការធ្វើដំណើរ និងកិច្ចការជំនួញ។
លោកស្រី JACK NITH ក៏បានមានប្រសាសន៍បន្តថា៖ តាមពិតទៅបច្ចុប្បន្ននេះ នាងខ្ញុំមានអាជីវកម្ម4 នៅក្នុងដៃ ប៉ុន្តែខ្ញុំសូមរាប់ថា វិស័យអចលនទ្រព្យ គឺទុនច្រើនជាងគេ ហើយខ្ញុំចុះធ្វើការផ្ទាល់ទៀត រីឯជំនួញផ្សេងៗទៀត គឺខ្ញុំប្រើប្រាស់ទុនវិនិយោគ ដោយបានផលចំណេញ។
ជាចុងក្រោយខ្ញុំសូមផ្តាំផ្ញើ ទៅកាន់បងប្អូនទាំងអស់គ្នាថា យើងត្រូវតែមានក្តី សង្ឃឹមជានិច្ច ទោះបីជាយើងកើតមក ក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងអាចទទួលបាន នូវភាពជោគជ័យបានដែរ អោយតែយើងចេះតស៊ូ អត់ធ្មត់ រឹងមាំ ជំនះ រាល់ឧបសគ្គទាំងអស់ ដែលយើងជួប ហើយត្រូវរកអោយឃើញ អំពីគោលដៅ និងកិច្ចនៃជីវិតរបស់យើង ឱ្យបានច្បាស់លាស់ និងរឿងដែលសំខាន់ មួយទៀតនោះគឺ មិនថាយើងរៀនបានត្រឹមថ្នាក់ ទីប៉ុន្មាននោះទេ! បងប្អូនគួរតែបន្ត ក្នុងការអភិវឌ្ឍខ្លួន និងបើកចិត្តរៀនសូត្រ នូវអ្វីដែលថ្មីៗជានិច្ច ដើម្បីឱ្យជីវិតយើង មានឱកាសបានរីកចម្រើនថ្កុំថ្កើង ផ្លាស់ប្រែ ប៉ុន្តែក៏សូមពិនិត្យមើល ដោយការត្រិះរិះពិចារណា អំពីឱកាសដែលចូលមកជីវិតយើងផង ព្រោះមិនមែនគ្រប់ឱកាសទាំងអស់ សុទ្ធតែល្អធ្វើឱ្យជីវិតយើង ល្អប្រសើរនោះទេ វាអាចធ្វើឱ្យយើងខាតបង់ដូចគ្នា ប្រសិនចាប់ខុស និងត្រូវបានជនឆបោក បំភ័ណ្ឌបោកប្រាស់ ធ្វើឱ្យខាតបង់ផងដែរ ហើយនេះជាបទពិសោធន៍ ដែលខ្ញុំបានឆ្លងកាត់មក និងធ្វើឱ្យនាងខ្ញុំរឹងមាំបន្ថែម លើជំនួញមកដល់សព្វថ្ងៃនេះ។
នាងខ្ញុំសង្ឃឹមថា និងអាចផ្តល់ជាកម្លាំងចិត្តដល់ បងប្អូនប្រុសស្រី ជាពិសេសស្រ្តីខ្មែរ គ្រប់រូបដែល កំពុងជួបស្ថានភាពលំបាក ឬគេហៅថាស្រ្តី បង្វិលចង្ក្រាន្តមិនជុំ និងបងប្អូនដែលជាពលករកូរ៉េ ដែលកំពុងតែប្រកបការងារ នៅប្រទេសគេ សូមកុំអស់សង្ឃឹម ក្នុងជីវិតអ្វី! មានតែការតស៊ូម្យ៉ាង មិនទាន់គ្រប់គ្រាន់ ធ្វើឱ្យជីវិតយើងល្អប្រសើរបានទេ គឺត្រូវបន្ថែមស្វែងរក ការអភិវឌ្ឍខ្លួន និងស្វែងរកឱកាស ឱ្យយើងបានរីកចម្រើនថែមទៀត៕ ខ្ញុំរីករាយទទួលស្វាគមន៍ សម្រាប់ការជួយផ្តល់យោបល់ ជាគំនិត និងចែករំលែកបទពិសោធន៍ បន្ថែមបាន បងប្អូនអាចទំនាក់ទំនង មកនាងខ្ញុំតាមរយៈព័ត៌មាននេះបាន៖ លេខទូរស័ព្ទ៖ 096 66 555 61 និងគណនី Facebook ផ្ទាល់ខ្លួនឈ្មោះ៖ Jack Nith និងគណនី Facebook Page ឈ្មោះ៖ JACK NITH Real Estate.