ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឲ្យប្រើប្រាស់ នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវា ទូរសព្ទអាចពិនិត្យ និងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានា ដែលពួកគេមិនត្រូវការ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជន ប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ ណែនាំរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ។
លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើល និងលុបចោលនូវកញ្ចប់ សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើល ទឹកប្រាក់ដែលនៅសល់ ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មាន អំពីស៊ីមកាតលេខទូរសព្ទ របស់ពួកគាត់។
និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករ ប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់ លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យ និងលុបចោលនូវកញ្ចប់សេវាកម្មណា ដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីមានការត្អូញត្អែរ ពីសំណាក់អ្នកប្រើប្រាស់ អំពីការកាត់ប្រាក់ថ្លៃសេវានានា ដោយមិនបានឲ្យពួកគេដឹងមុន ពីសំណាក់ប្រតិបត្តិករមួយចំនួន ។
បន្ទាប់ពីមានការណែនាំនេះ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយ នៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការ ដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មាន អតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។
គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគ និងដំណើរការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕