Event

ក្រុមហ៊ុន HEINEKEN Cambodia ប្តេជ្ញាចិត្តដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ” ជាមួយ​នឹងការ​ឧបត្ថម្ភ​ ដល់​​​កិច្ចប្រជុំ​កំពូល ​ការប្រែ​ប្រួលអាកាសធាតុ​ លើកដំបូង​របស់កម្ពុជា

ភ្នំពេញ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុង​អះអាង​ជាថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការ​ដោះស្រាយ “ភាពអាសន្ន​អាកាសធាតុ” របស់ពិភពលោកតាមរយៈការ​ឧបត្ថម្ភ​​ និង​ការ​ចូលរួមចំណែក​ដល់​កិច្ចប្រជុំ​កំពូល ​ការ​ប្រែ​ប្រួល​អាកាសធាតុ​កម្ពុជា​​ឆ្នាំ​២០២១ (CCCS21) ដែលជា​កិច្ចប្រជុំ​កំពូល​​ លើកដំបូង​របស់​​កម្ពុជា។

កិច្ចប្រជុំ CCCS21 ដែលមាន​រយៈពេល​មួយថ្ងៃនេះនិង​រៀបចំឡើង ​ដោយក្រសួង​បរិស្ថាន (MoE) ក្រោម​ការ​​​សហការ​ជាមួយ​វិទ្យាស្ថាន​ Mekong Future Institute មានការ​ចូលពីក្រុម​អ្នកជំនាញ អ្នក​បម្រើ​ការងារ​​ ក្នុង​វិស័យ​ប្រែប្រួលអាកាសធាតុ អង្គការ​​សង្គមស៊ីវិល និងក្រុមហ៊ុន​​អាជីវកម្មជាច្រើន​​ ដើម្បី​បង្ហាញ​កិច្ចប្រឹង​ប្រែង​របស់​កម្ពុជា ​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ ការ​ប្រែ​ប្រួល​អាកាសធាតុ។

លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ធ្វើ​ជា​​តំណាង​របស់ក្រុមហ៊ុន HEINEKEN Cambodia ដើម្បីលើកឡើង​​ពី​ការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ផលិត​​ស្រាបៀរ​មួយ​នេះ ​ចំពោះការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួលអាកាសធាតុ។ លោកស្រី Ollivier បាន​រំលេច​គោល​នយោ​បាយ​​របស់​ក្រុមហ៊ុន ​​ព្រមទាំង​ការ​វិនិយោគ ​របស់​ក្រុមហ៊ុន​លើ​ថាមពល​កកើត​ឡើង​វិញ​ផងដែរ។

លោកស្រី Ollivier បានមាន​ប្រសាសន៍ថា៖ “អព្យាក្រឹត្យភាពកាបូន​មិនមែនជាអ្វី​​ថ្មី​ទេ ​សម្រាប់​ក្រុមហ៊ុន HEINEKEN។ យើង​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់ថាមពល របស់​ក្រុមហ៊ុនរបស់​យើង​នៅទូទាំង​ពិភព​លោក ហើយ​យើង​ក៏​កំពុង​ធ្វើ​ដូច​គ្នា​នេះផងដែរ​ ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ យើង​ក៏បាន​ចាប់​ផ្តើមវិនិយោគ ​លើ​ដំណោះស្រាយ​ថាមពល​ កកើត​ឡើងវិញ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះ ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ ប្រកប​ដោយ​និរន្តរភាពរបស់​យើងហៅថា ចូល​រួម​អភិវឌ្ឍ​ពិភព​លោក​ដ៏​ល្អ​ប្រសើរ ដែល​បានដាក់ដំណើរ​ការ ក្នុង​ឆ្នាំ​២០១០។ យុទ្ធសាស្ត្រ​នេះ​ក៏អនុវត្ត​ផង​ដែរ​​ចំពោះ​​កម្ពុជា”។

គិត​ត្រឹមឆ្នាំ​២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​របស់​ខ្លួន​​បាន ៥០%។

ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគ​ទឹក​ប្រាក់​រាប់លានដុល្លារ​ លើ​រោងចក្រ​ប្រព្រឹត្តកម្ម​សំណល់​រាវ​នៅ​ក្នុង​រោងចក្រ​ផលិតស្រាបៀរ​ របស់ក្រុមហ៊ុន​ក្នុងរាជធានី​ភ្នំពេញ។ ជីវឧស្ម័ន​ដែល​បញ្ចេញដោយ​ការ​​ដំឡើង​ រោងចក្រ​ប្រព្រឹត្តកម្ម​​សំណល់​រាវ​នេះ ​កំពុង​ត្រូវបានប្រើប្រាស់ ​ធ្វើជា​ថាមពល​កម្តៅ​​​ក្នុង​ប្រតិបត្តិការ​​​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ដែលជា​ថាមពល​កកើតឡើងវិញមួយ​ ក្នុង​ចំណោម​ថាម​ពល​កកើត​ឡើងវិញ​ផ្សេងៗទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិត​ស្រាបៀរ​មួយ​នេះ​ បាន​រៀបចំ​ការ​សាង​សង់​រោងចក្រជីវម៉ាសផងដែរ។

លោកស្រី Ollivier បាន​បន្ត​ថា៖ “ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់ផងដែរថា មានការងារជាច្រើនទៀត​ដែល​ត្រូវធ្វើ។ ហើយ​យើង​ប្តេជ្ញា​ចិត្ត ​ពន្លឿន​សកម្មភាពរបស់​យើង ​ដើម្បីដោះស្រាយ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដើម្បី​ឆ្លើយ​តបទៅនឹង​គោលដៅ ១,៥អង្សាសេ ​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស”។

កាលពីខែ​មេសា ឆ្នាំមុន ក្រុមហ៊ុន​ផលិត​ស្រាបៀរ ​លំដាប់ពិភពលោក​មួយនេះ ​បាន​បង្ហាញ​គោលបំណង​ថ្មីៗ​នៅ​អន្តរជាតិ និង​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សម្រេច​បាន​ផែន​ការ​​​ប ញ្ចេញឧស្ម័ន​កាបូនសូន្យ​នៅក្នុង​ផលិតកម្ម​ផ្ទាល់​របស់ខ្លួន​ នៅ​ត្រឹម​ឆ្នាំ​២០៣០។

ក្នុងភាពជាដៃគូជិត​ស្និទ្ធ​ជាមួយ ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន HEINEKEN មានបំណង​កាត់​បន្ថយការ​បញ្ចេញកាបូន​ឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំង​ចង្វាក់​តម្លៃ​ទាំងមូល (value chain) ​របស់ខ្លួន​ធៀប​នឹង​ឆ្នាំ​២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ ឱ្យ​បាន​អព្យាក្រឹត្យ​ភាព​​កាបូន​នៅក្នុង​ចង្វាក់​តម្លៃ​ទាំង​ស្រុង​របស់ខ្លួន។ ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ ផ្អែកលើវិទ្យាសាស្រ្ត​តាម​រយៈការ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ​គំនិត​ផ្តួច​ផ្តើម​ទិសដៅ​ផ្អែក​លើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បី​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​ក្រុមហ៊ុន។

លោកស្រី Ollivier បានបន្ថែមថា៖ “ក្នុង​នាមជាក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ​ក្នុង​ប្រទេស និង​ជា​ម៉ាក​យីហោ​​ក្នុង​ស្រុក​មួយ​ដែលមានការ​គាំទ្រ​ ជាលក្ខណៈអន្តរជាតិ​ពីក្រុមហ៊ុន​មេ​ លំដាប់ពិភពលោករបស់​យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿ​ជាក់ថា ក្រុមហ៊ុន​មានភារកិច្ច​ដើម្បីជំរុញ និង​បង្ហាញ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ថា វាអាច​សម្រេច​បានយ៉ាង​ពិត​ប្រាកដ”។

ក្រៅ​ពី​អព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន HEINEKEN ក៏​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់ទឹក​សម្រាប់​ក្រុមហ៊ុន និង​​ការ​ប្រើប្រាស់ទឹក​ឡើង​វិញ​ផងដែរ។ គោលបំណង​របស់ក្រុមហ៊ុន គឺ​ជំរុញ​ឱ្យ​មាន​ពិភពលោក​មួយ​ប្រកប​ដោយ​បរិយាបន្ន ស្មើភាព និង​​​សមធម៌ ខណៈដែល​ក្រុមហ៊ុន​ក៏​តស៊ូ​មតិ​ ឱ្យ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ស្រប។ ទាំង​នេះ​គឺជា​សរសរស្តម្ភ​ពីរ ​ផ្សេង​ទៀត​នៃ​គោលបំណង “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​​ដ៏​ល្អ​ប្រសើរ” របស់ក្រុមហ៊ុន៕

Most Popular

To Top