ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខា លើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។

កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង ភាពជា ដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

លោក Chas GESCHKE នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា “បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ ។


លោកក៏បានបន្តទៀតថា “នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ”។
លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖ ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន។

លោកជំទាវក៏បានបន្ថែមថា ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព។ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក៕





