ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងរួមគ្នា ផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយ យ៉ាងខ្លាំង ដែលការគាំទ្រទំាងនេះធ្វើឡើង តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។
ព្រឹត្តិការណ៍នេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នឹងរៀបចំធ្វើឡើងក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពនេះដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. មានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។
ក្រុមហ៊ុននិងស្ថាប័នដែលផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍នេះក្នុងនាមជាអ្នកឧបត្ថម្ភ រួមមានធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិវប្បធម៌និងទេសរណ៍ Chengdu និងសហភាពអឺរ៉ុប។ ក្រុមហ៊ុននិងស្ថាប័នដែលចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពនេះ កំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងរូបភាពជាការឧបត្ថម្ភ។ រីឯក្រុមហ៊ុននិងស្ថាប័នផ្សេងទៀតកំពុងពិចារណាអំពីរបៀបដែលពួកគេអាចជួយបាន។
លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថា ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខេត្តសៀមរាបបានទទួលរងគ្រោះយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជួយដល់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណដ៏សាកសមដល់កេរ្តិ៍មរតកវប្បធម៌របស់កម្ពុជា និងទស្សនីយភាពសិល្បៈក្នុងស្រុកផងដែរក្នុងពេលមួយដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាន ហើយខេត្តសៀមរាបបានក្លាយជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២»
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយនឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងល្ខោនខោលផងដែរ។
លោក Aaron Carpene បានបន្ថែមថា៖ «យើងសង្ឃឹមថា មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១នេះ នឹងជួយជំរុញភ្ញៀវទេសចរឱ្យវិលមកទស្សនាខេត្តសៀមរាបឡើងវិញ។ ដូច្នេះ ក្រុមហ៊ុនដែលគាំទ្រព្រឹត្តិការណ៍នេះនឹងមានន័យថាក៏កំពុងគាំទ្រដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឱ្យវិលមករកភាពធម្មតា និងស្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដវិញផងដែរ»។
មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១ នឹងប្រព្រឹត្តឡើងនៅទីកន្លែងផ្សេងៗក្នុងខេត្តសៀមរាប នៅឧទ្យានអង្គរ និងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា ដើម្បីចាប់ផ្តើមបើកដំណើរការមហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ សូមទាក់ទងមកកាន់ក្រុមការងារមហោស្រពសិល្បៈអន្តរជាតិអង្គរតាមរយៈអ៊ីមែល info@aifa-cambodia.com។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/AIFA2021Festival៕