ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួម របស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។
កាលពីអំឡុងពេល បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត កម្មវិធីមួយដែលអនុញ្ញាតឲ្យ អតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេស នៅរៀងរាល់ពេល ដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូន នឹងបរិច្ចាកទឹកប្រាក់ ០,០៥ដុល្លារ ដើម្បីបរិច្ចាគជូន ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។
ឥឡូវនេះ តាមរយៈកម្មវិធីដែល បានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូន បានធ្វើប្រតិបត្តិការស្កេន QR Code សរុបចំនួន ៩៦.២៩២ដង ហើយទឹកប្រាក់ចំនួន ៤.៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាកសម្រាប់ ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានប្រគល់អំណោយជាថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោក ឌិនថន បានថ្លែងថា អំណោយនេះគឺជាផ្នែកមួយ នៃសកម្មភាពទំនួលខុសត្រូវសង្គម ជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញ ទៅឲ្យសង្គមកម្ពុជា ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា “មន្ទីរពេទ្យគន្ធបុប្ផាបានជួយ សង្គ្រោះជីវិតកុមារ និងទារកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនមិត្តហ្វូនតែងតែ រីករាយក្នុងការជួយរួមចំណែក ជាវិភាគទានថវិកាទៅឲ្យមន្ទីរពេទ្យ ។ យើងនឹងបន្តរៃអង្គាសមូលនិធិច្រើន ថែមទៀតសម្រាប់ធ្វើ អំណោយទៅកាន់មន្ទីរពេទ្យ” ។
លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យ គន្ធបុប្ផា បានសម្ដែងនូវការអរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗ ដើម្បីរៃអង្គាសមូលនិធិ គាំទ្រដល់មន្ទីរពេទ្យ ។
លោកវេជ្ជបណ្ឌិត Laurent បានថ្លែងយ៉ាងដូច្នេះថា “យើងនឹងប្រើប្រាស់ថវិកាទាំងនេះ ដើម្បីជួយធ្វើឲ្យសុខភាពកុមារ និងទារកនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈការគាំទ្រដល់សកម្មភាព នានារបស់មន្ទីរពេទ្យគន្ធបុប្ផា” ។
ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងនាំមុខគេ នៅក្នុងការជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាដើម្បី អនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថល ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្ម នៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន ។
មិនត្រឹមតែផ្តោតលើ អាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដទៃទៀតដែលតែងតែរួមចំណែក យ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជា សកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម ៕