កម្ពុជាបានធ្វើការងាររួមគ្នាដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលទីក្រុងនេះអបអរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA)។
លោក Aaron Carpene ជា Artistic Director នៃមហោស្រពសិល្បៈអន្តរជាតិអង្គរបានសម្ដែងការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបាលខេត្តសៀមរាប អ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ដើម្បីអបអរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ក៏ដូចជាសាធារណៈជនទូទៅ និងអ្នកឧបត្ថម្ភព្រឹត្តិការណ៍ទាំងអស់ដែលបានធ្វើឱ្យព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរលើកដំបូងនេះបញ្ចប់ទៅបានដោយជោគជ័យ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបើកព្រឹត្តិការណ៍វប្បធម៌ក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតរបស់ប្រទេសអាស៊ាន អ្នកមុខអ្នកការ និងអាជ្ញាធរផ្សេងៗ។ នៅក្នុងសុន្ទករថាថ្លែងបើកពិធីនេះ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ «សៀមរាបជាទីក្រុងទី៦ ដែលបានដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការសម្រេចជ្រើសរើសក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានពុំមែនជាការចៃដន្យឡើយ ត្បិតសៀមរាបគឺជាអតីតរាជធានីនៃចក្រភពខ្មែរចាប់ពីសតវត្សរ៍ទី៩ ដល់ទី១៥ ដែលមានប្រាង្គប្រាសាទដ៏ស្គឹមស្កៃចំពោះមុខយើងជា សក្ខីភាព និងជាខេត្តសម្បូរទៅដោយមរតកវប្បធម៌ទាំងរូបិយនិងអរូបិយ ដែលជាទិសដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាយនៅអាស៊ីអាគ្នេយ៍យើងនេះ»។
លើសពីនេះទៀត មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងមហោស្រពនេះដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ក្នុងខេត្តសៀមរាប។ កម្មវិធីពិសេសៗក្នុងព្រឹត្តិការណ៍នេះរួមមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើន រួមទាំងតន្ត្រីករ វិចិត្រករគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។
យោងតាមលោក Carpene បានឱ្យដឹងថា ព្រឹត្ដិការណ៍ដ៏លេចធ្លោរបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ គឺការបង្ហោះខ្លែងប្រពៃណីកម្ពុជាដែលហៅថា ខ្លែងឯកខ្មែរ ដែលបានចាប់យកចំណាប់អារម្មណ៍របស់អន្ដរជាតិ។
លោក Carpene មានប្រសាសន៍ថា៖ «មហោស្រពសិល្បៈអន្ដរជាតិអង្គរជាព្រឹត្ដិការណ៍ដ៏អស្ចារ្យ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីកម្ពុជារួមគ្នា ក្រោយឆ្លងកាត់ឧបសគ្គដ៏វែងឆ្ងាយរួចមក។ វាជាក៏ឱកាសដ៏ល្អផងដែរក្នុងការបង្ហាញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ»។
លោកបានបន្ថែមថា៖ «ក្នុងនាមជាអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំ និងការចង្អុលបង្ហាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ការគាំទ្រដ៏ពេញទំហឹង ដើម្បីធ្វើឱ្យព្រឹត្ដិការណ៍នេះបញ្ចប់ទៅដោយជោគជ័យ»។
អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។
អ្នកឧបត្ថម្ភព្រឹត្ដិការណ៍នេះ រួមមានស្រាបៀរអង្គរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិវប្បធម៌និងទេសចរណ៍ Chengdu ដែលបានចូលរួមឧបត្ថម្ភមហោស្រពសិល្បៈអន្ដរជាតិអង្គរឆ្នាំ២០២១នេះ។
អំឡុងពេលពិធីបិទព្រឹត្តិការណ៍អបអរក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានជាផ្លូវការ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ «ការរៀបចំព្រឹត្ដិការណ៍វប្បធម៌នេះពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងពេលដែលពិភពលោកទាំងមូលនៅបន្ដប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្ដឱ្យប្រជាជនទូទាំងប្រទេសចូលរួមលើកស្ទួយកិច្ចការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញក្នុងគ្រប់វិស័យ»។
ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំផែនការរួចហើយសម្រាប់ព្រឹត្ដិការណ៍មហោស្រពឆ្នាំក្រោយ ដែលគ្រោងរួមបញ្ចូលទាំងកម្មវិធីតន្ត្រី Mozart នៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរ ដោយមានការសម្ដែងសិល្បៈតន្រ្តីដោយតន្ដ្រីករក្លាស៊ីកអន្ដរជាតិជាច្រើនរូប៕