កំពង់ចាម៖ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន ។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Information System – SIS) ត្រូវបានណែនាំនៅក្នុងសិក្ខាសាលា មួយនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមហ៊ុន មិត្តហ្វូន និងមន្ត្រីមកពីមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ ។
ចាប់ពីពេលនេះទៅ លោកគ្រូអ្នកគ្រូ និងសិស្សមកពីសាលារៀននានា នៅទូទាំងខេត្តទាំងពីរអាចប្រើប្រាស់កម្មវិធី SIS តាមអនឡាញពីទីកន្លែងណាក៏បានតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដើម្បីគ្រប់គ្រងកិច្ចការសាលា និងការសិក្សារបស់សិស្ស ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ ប្រព័ន្ធអប់រំតាមអនឡាញ៖
-ផ្តោតលើសិស្សានុសិស្ស ៖ ងាយស្រួលប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់ដោយមុខងារ ដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និងប្រាស្រ័យទាក់ទងគ្នាជាមួយគ្រូ នៅពេលវេលាណាក៏បាន ហើយការប្រឡងអាចដាក់ ពិន្ទុបានយ៉ាងឆាប់រហ័ស ។
-គ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព ៖ សិស្សអាចរៀបចំកាលវិភាគ សម្រាប់មុខវិជ្ជាណាមួយ ដែលពួកគេចូលរៀន មានភាពបត់បែនដើម្បី ផ្ដោតទៅលើវិធីសាស្ត្រសិក្សាខុសៗគ្នា ដោយផ្អែកលើចំណេះដឹង ជំនាញ និងតម្រូវរបស់សិស្សម្នាក់ៗ ។
-មានប្រសិទ្ធផល ៖ ការសិក្សាតាមអនឡាញសន្សំសំចៃ ថ្លៃចំណាយលើការអប់រំ សរុបបានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយពួកគេមិនចាំបាច់ត្រូវការកាតាប ឧបករណ៍សិក្សា និងការចំណាយធ្វើដំណើរ ទៅកាន់ថ្នាក់រៀនឡើយ ។
-រៀបចំបរិយាកាសសិក្សា ឲ្យស្របទៅតាមការចង់បាន ជាក់លាក់របស់សិស្ស ។ បរិយាកាសសិក្សាបែបប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើងតាមរបៀបចាស់ពីមុន ដែលរឹតត្បិតសក្ដានុពល និងផ្នត់គំនិតច្នៃប្រឌិត របស់សិស្សជាច្រើន ។
-ការប្រមូលព័ត៌មាន និងការតាមដាន ដែលធ្វើឡើងដោយស្វ័យប្រវត្តិ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សាលារៀន និងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំយុទ្ធសាស្ត្រដែលលើកកម្ពស់ និងអភិវឌ្ឍកម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង ។
-ដោះស្រាយបញ្ហាខ្វះគ្រូ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រដល់សិស្ស និងទាក់ទាញសិស្សថ្មីៗបន្ថែមទៀត ។ ជាធម្មតា គ្រូម្នាក់អាចបង្រៀន ដោយផ្ទាល់ដល់សិស្សពី ៣០នាក់ ដល់ ៦០នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់ការបង្រៀន ដល់សិស្សជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬដល់លាននាក់ថែមទៀតផង ។
-វិធីសាស្ត្ររៀនដែលមាន ភាពបរិស្ថានមេត្រី ដូចជា ការរៀនតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ថាមពលអគ្គិសនី ៩០% តិចជាង និងបង្កើតសំរាម ៨០% តិចជាងបរិយាកាសរៀនតាមបែបប្រពៃណី ។ លើសពីនេះទៀត សាលារៀនបោះពុម្ពសៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬសឹងតែគ្មានតែម្ដង និងចូលរួមចំណែកកាត់ បន្ថយការកាប់ព្រៃឈើដើម្បីផលិតក្រដាស ដែលនេះជាការរួមចំណែក ដល់ការការពារបរិស្ថាន ។
-មិនត្រូវការឧបករណ៍សិក្សា ពីព្រោះគេប្ដូរពីសៀវភៅមេរៀន ជាក្រដាសទៅជាមួយសៀវភៅបែបឌីជីថល និងរក្សាទុកនៅលើប្រព័ន្ធ ដើម្បីប្រើប្រាស់ អាន និងដោនឡូតនៅពេលណាក៏បានដែរ ។ សម្ភារៈសិក្សាទាំងអស់មាន បច្ចុប្បន្នភាពលើខ្លឹមសារភ្លាមៗ នៅពេលណាមានការកែប្រែ ខុសពីសៀវភៅក្រដាស ដែលចាំបាច់ត្រូវបោះពុម្ពជាថ្មី ហើយសិស្សត្រូវ ទិញសៀវភៅចេញថ្មីជានិច្ច ។
-សន្សំសំចៃពេលវេលា បានច្រើនបំផុត គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំងគ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាម បែបប្រពៃណីនៅតាមថ្នាក់រៀន ។ សម្រាប់សិស្ស ពួកគេមានពេលវេលាច្រើន ជាងមុនសម្រាប់រៀនមុខវិជ្ជាចាំបាច់ៗ និងធ្វើឲ្យខ្លួនឯងរៀនបានប្រសើរជាងមុន ។
លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ប្រព័ន្ធ SIS បានបង្កភាពងាយស្រួល កាន់តែច្រើនសម្រាប់ទាំងគ្រូ និងទាំងសិស្ស ។
លោក កុក ស៊ីជឿន ថ្លែងយ៉ាងដូច្នេះថា «ប្រព័ន្ធ SIS ជួយឲ្យគ្រូ និងរដ្ឋបាលសាលាអាចគ្រប់គ្រង ការងាររបស់ខ្លួនបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព ។ ហើយសិស្សក៏អាចប្រើប្រាស់វាសម្រាប់ ការសិក្សាតាមអនឡាញបានផងដែរ ដោយសន្សំសំចៃបាន ទាំងពេលវេលានិងទាំងថវិកា» ។
ប្រព័ន្ធ SIS ឬហៅថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន គឺជាកម្មវិធីអប់រំបែបឌីជីថលមួយ ដែលអភិវឌ្ឍដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីវិសាលភាពសេវាអ៊ីនធឺណែត គ្របដណ្ដប់ទូទាំងប្រទេស និងបង្កើតឡើងសម្រាប់សាលារៀន ទាំងអស់នៅទូទាំងប្រទេស ។
គ្រូ សិស្ស អាណាព្យាបាល និងរដ្ឋបាលនិងនាយកសាលា អាចប្រើប្រាស់កម្មវិធីឌីជីថលនេះ ដើម្បីស្វែងរកនិងប្រើប្រាស់ព័ត៌មាន ទាំងអស់ដែលពួកគេត្រូវការសម្រាប់កិច្ចការរបស់ខ្លួន ដោយមិនចាំបាច់ត្រូវធ្វើដំណើរ ទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេមានអ៊ីនធឺណែត ប្រើប្រាស់គឺជាការស្រេច ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដ-១៩ សាលារៀនជាច្រើន បានត្រូវប្រើប្រាស់ជាទីតាំងចត្តាឡីស័កសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលនាំឲ្យអាក់ខានដល់ ដំណើរការរបស់សាលារៀន ។
លោក អ៊ិន ពៅសម្បត្តិ បានថ្លែងយ៉ាងដូច្នេះ «ប្រព័ន្ធ SIS មានសារប្រយោជន៍យ៉ាងខ្លាំង ចំពោះសាលារបស់យើង នៅក្នុងកាលៈទេសៈកូវីដ-១៩ ដោយផ្ដល់លទ្ធភាពឲ្យសាលាអាចធ្វើប្រតិបត្តិការទៅបាន ហើយការបង្រៀន និងការរៀនតាមអនឡាញ ប្រព្រឹត្តទៅដោយរលូន និងងាយស្រួល ដោយគ្រាន់តែប្រើតាមអ៊ីនធឺណែត ។»
កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយទៅ ដល់សាលារៀនចំនួន ២៦៥កន្លែងរួចហើយ នៅទូទាំងប្រទេស ដោយផ្ដល់លទ្ធភាពដល់សិស្សជាង ៣សែននាក់ និងគ្រូជាង ១ម៉ឺន៥ពាន់នាក់ ទទួលផលប្រយោជន៍ពីការរៀន និងការបង្រៀនតាមប្រព័ន្ធឌីជីថលនេះ ។
គិតត្រឹមឆ្នាំ២០២២ បើតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយ ទៅដល់សាលារៀនឲ្យបាន ១០០០កន្លែង នៅទូទាំង ២៥រាជធានីខេត្ត ដើម្បីលើកទឹកចិត្ដដល់សកម្មភាពអប់រំឲ្យកាន់តែសកម្ម ថែមទៀតនៅតាមខេត្ត សម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈ ។ ជាមួយនឹងមុខងារថ្មីបន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្សកាន់តែមាន ធនធានច្រើនជាងមុន ដើម្បីបម្រើដល់ការរៀនសូត្រនិងការក្រេបជញ្ជក់ចំណេះដឹងរបស់ខ្លួន ពីទីកន្លែងណាក៏បាន ៕