Event

ហេតុអ្វី គួរជំរុញ​ការអប់រំ​ បែបឌីជីថល ​នៅក្នុង​ប្រទេស​កម្ពុជា?

អស់រយៈពេលជាច្រើន​ សតវត្សរ៍មកហើយ ការអប់រំ​ផ្ដោតសំខាន់​ទៅលើ ​មធ្យោបាយ​បំពាក់បំប៉ន​មនុស្ស​ ជំនាន់ក្រោយ​ឲ្យមានជំនាញ ​និង​ចំណេះដឹងជាមូលដ្ឋាន​សម្រាប់​ការប្រកប​របរ​ចិញ្ចឹម​ជីវិត ។ ប៉ុន្តែ នៅពេល​ដែល​ឧស្សាហកម្ម​ មាន​ការវិវត្ត​ឥតឈប់​ឈរ ការអប់រំបែប​ប្រពៃណី ​គឺលែងគ្រប់គ្រាន់ទៀតហើយ ។

មនុស្ស​ក្មេងៗគឺជា​កម្លាំងពលកម្ម​ នាពេល​អនាគត​របស់​ប្រទេស​នីមួយៗ ហើយ​ការវិនិយោគបរទេស​ពឹងផ្អែក​ ទៅលើ​ធនធានមនុស្ស​ដែល​អាចរកបាន ។ កម្ពុជា​គឺជាប្រទេស​កំពុងអភិវឌ្ឍន៍​ដែលត្រូវការចាំបាច់​បំផុត​ នូវ​ធនធានមនុស្ស​កាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស អនាគតរបស់ប្រទេសនេះ ​មាន​សក្ដានុពលខ្លាំង ប្រសិនបើ​ខ្លួន​អាច​សម្រប​ទៅតាម​បដិវត្តន៍ ឧស្សាហកម្ម​ទាំងឡាយ ។

ក្នុងពេល​កន្លង​មក ពិភព​លោក​បាន​ឆ្លងកាត់​នូវ​ ដំណាក់កាល​បដិវត្តន៍ឧស្សាហកម្ម​ ដូចខាងក្រោមនេះ ៖

-បដិវត្តន៍ឧស្សាហកម្មលើកទី១ បានចាប់ផ្ដើម​ឡើង​ជាមួយ នឹងការ​បង្កើត​នូវ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក ដែល​គេ​ប្រើប្រាស់ទៅ​លើ​ការផលិត​ ផលិតផល​ជាច្រើន​នៅតាម​រោងចក្រ ។

-បដិវត្តន៍ឧស្សាហកម្ម​លើកទី២ គឺជារបក​គំហើញ​ថ្មី​ផ្នែក​ឧស្សាហកម្ម នៅក្នុង​ផលិតកម្ម​ដែល​មាន​បរិមាណធំៗ ជាមួយនឹងការ​ប្រើប្រាស់​អគ្គិសនី ឥន្ធនៈ និង​ការផលិតដែកថែប​កម្រិត​ខ្ពស់ ។

-បដិវត្តន៍ឧស្សាហកម្ម​លើក​ទី៣ គឺជាការចាប់ផ្ដើម​នៃយុគសម័យ​ឌីជីថល​​ ដែល​ជា​សម័យកាល​មួយ​ដែល​គេ ចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ អ៊ីនធឺណិត និង​បណ្ដាញ​ទូរសព្ទ​ចល័ត ។

-បដិវត្តន៍ឧស្សាហកម្ម​លើកទី៤ គឺជា​អនុផល​នៃ​បច្ចេកវិទ្យាជំនាន់ទី៣​ ដែល​ជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ដើម្បីបំពេញទៅតាម​សេចក្ដីត្រូវការជាបុគ្គល ។

ប្រព័ន្ធអប់រំ​ជាប្រពៃណី​ ផលិត​នូវ​ជំនាញ​ និងចំណេះដឹង​ដែល​ប្រព័ន្ធនោះ ​រំពឹងចង់​ឲ្យអ្នក​សម្រេច​ឲ្យ​បាន ។ ការអប់រំប្រភេទនេះ​បង្កើត បាននូវ​ធនធានមនុស្ស​ទូទៅធម្មតា ដែលមិន​មាន​សមត្ថភាព​សម្របខ្លួន ​ទៅតាម​បដិវត្តន៍ឧស្សាហកម្ម​ បន្ទាប់នាពេល​ខាងមុខ​នោះឡើយ ៖ មនុស្ស​យន្តដែលគេ​បញ្ជា​ ដោយ​កម្មវិធីកុំព្យូទ័រ និង​ការប្រើប្រាស់ AI នៅក្នុង​វិស័យ​ធ្វើដំណើរ ផលិតកម្មនិង​ការដឹកជញ្ជូន​ទំនិញ ។

ចំណេះ​ធ្វើ​ផ្នែក​ឌីជីថល​ នឹងសំខាន់​កាន់តែខ្លាំង ​ពីព្រោះពិភព​លោក​នឹង​ប្រែប្រួល ។ បច្ចេកវិទ្យាគឺជា​សសរ​ស្ដម្ភ ​នៅក្នុងការកំណត់​អនាគត​ ។ ភាពប្រឈម គឺ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​របស់​សិស្សនិស្សិត​ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​ ជំនាញ​ឌីជីថលទាំងនេះបាន នៅពេលដែលពួកគេ​ ចូលក្នុង​កម្លាំង​ពលកម្ម ។

SIS Cambodia ជាប្រព័ន្ធដែល​ធ្វើ​ឌីជីថលូបកម្ម​ ការអប់រំ​សម្រាប់​សាលារៀនទាំងអស់​ នៅ​កម្ពុជា ។ កម្មវិធី​នេះ​មានបំណង​ប្រែក្លាយ ​សាលារៀនបែបប្រពៃណី​ឲ្យ​ទៅជា​កម្មវិធីអនឡាញដ៏ទំនើប​ទាន់​សម័យ ។ នៅ​ក្នុង​ដំណាក់កាលដំបូងៗ កម្មវិធីនេះ​ផ្ដោត​ទៅលើ ​វិស័យ​បច្ចេកវិទ្យាចំនួន ៥ រួមមាន៖ ១.ព័ត៌មាន​និង​ទិន្នន័យ, ២.ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ, ៣.ការបង្កើត​មាតិកា, ៤.ការការពារ និងសន្តិសុខ និង៥.បរិយាកាស​ឌីជីថល ។

ជាមួយនឹងអំណះអំណាង​ ដូចបានរៀបរាប់ខាងលើ​នេះ ឥឡូវនេះជាពេលវេលា​ដ៏សំខាន់​ ក្នុងការ​ងាក​មក​ណែនាំ​ បច្ចេកវិទ្យាឌីជីថល​ដល់​សិស្សានុសិស្ស​ ក្នុងលក្ខណៈមួយដែលងាយស្រួល ប្រើ​ជាទីបំផុត​និង​មិនធ្វើ​ឲ្យសិស្ស​ភ័យខ្លាច ។ ជាមួយនឹង​ការអប់រំ​បែប​ឌីជីថល និង SIS Cambodia សិស្សានុសិស្សគ្រប់រូប​អាច​សម្រេចក្ដីសុបិន​របស់ ពួកគេ​តាមអនឡាញ​បាន ។

ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាប់ដៃគូ​សហការជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ធ្វើ​ឌីជីថលុបនីយ​កម្ម​ការអប់រំ និង​ជំរុញ​សាលារៀនទាំងអស់ ​ឲ្យ​ងាកមក​រក​ប្រព័ន្ធ​អនឡាញ ។ មិត្តហ្វូន បាន​ចែកចាយ​ស៊ីមកាត​ដែល​អាច ប្រើអ៊ីនធឺណិត​ដោយ​មិនគិតថ្លៃ ហើយ​កម្មវិធី SIS Cambodia អាចដោនឡូត​ចូលទូរសព្ទដៃ​ បាន​យ៉ាង​ងាយស្រួលជាទីបំផុត បន្ទាប់មក កម្មវិធីសិក្សារបស់សាលា នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីនេះ ដើម្បី​ជួយ​សម្រាលបន្ទុក​ចំណាយ ​របស់​សិស្សានុសិស្ស​មកពីគ្រួសារ ដែលមានជីវភាព​មិន​សូវធូរធារ ៕

Most Popular

To Top