Event

លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ

ភ្នំពេញ៖ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័ត លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលបានជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ដែលរៀបចំឡើងដោយ Bright Consultant Education and Travel Co.,Ltd  ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ប្រឹក្សាយោបល់ផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍការសិក្សា។

ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័តនេះ មានការអញ្ជើញជាអធិបតីភាព ពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក Ismail Abdul Samat នាយកសាលា Singapore Cambodia International Academy (SCIA) លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន ព្រមទាំងនាយកក្រុមហ៊ុន Dovlet Klychnyyazov Bright Consultant Education and Travel Co.,Ltd ផងដែរ ដែលបានប្រារព្ធធ្វើឡើង នៅសាលា Singapore Cambodia International Academy (SCIA) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីប្រគល់រង្វាន់ លោក ហែម ស៊ីណារ៉េត បានអំពាវនាវដល់នាយកសាលាគ្រឹះស្ថានអប់រំទាំងអស់បន្តការផ្សព្វផ្សាយដល់សិស្សានុសិស្សឲ្យយល់ពីសារៈសំខាន់ នៃការប្រកួតប្រជែងគណិតវិទ្យា ដើម្បីឲ្យពួកគេអភិវឌ្ឍន៍សម្ថតភាព ការគិតតាមបែបគណិតវិទ្យាឲ្យកាន់តែមានការស្ទាត់ជំនាញ និងមានភាពត្រឹមត្រូវ និងជំរុញលើទឹកចិត្តឲ្យពួកគេបន្តចូលរួមឲ្យបានកាន់តែច្រើនថែមទៀត បើទោះបីពេលនេះ ពួកគេពុំទទួលបានជោគជ័យសម្រាប់ការប្រកួតប្រជែងនេះក៏ដោយ តែនេះជាបទពិសោធន៍សម្រាប់ការចូលរួមប្រឡងប្រកួតប្រជែងលើកក្រោយៗទៀត។

ជាមួយគ្នានេះលោកក៏បានគាំទ្រនិងលើកទឹកចិត្ត ចំពោះការវិនិយោគលើវិស័យអប់រំដែលគ្រឹះស្ថានឯកជន បានចូលរួមការគាំទ្រនិងបង្កើននូវធនធានមនុស្សនៅកម្ពុជា ហើយការវិនិយោគវិស័យឯកជនលើវិស័យអប់រំនេះ បានធ្វើឲ្យ រាជរដ្ឋាភិបាលមានការចំណេញច្រើន។  បន្ថែមលើនេះលោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Bright Consultant Education and Travel Co.,Ltd ឲ្យបន្តសហការជាមួយគ្រឹះស្ថានសិក្សា ឲ្យបានកាន់តែល្អប្រសើរថែមទៀត សម្រាប់ការរៀបចំវគ្គប្រកួតប្រជែងលើកក្រោយៗទៀត។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន លើកឡើងថា ការចូលរួមប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ច្រើនពីសំណាក់សិស្សានុសិស្ស ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អណាព្យាបាលរបស់សិស្សនេះ គឺជាសក្ខីកម្មវឌ្ឍនភាពក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ហើយជាការបង្ហាញនូវការផ្លាស់ប្ដូរនៃផ្នត់គំណិតខ្លាំងដែលឲ្យតម្លៃលើវិស័យអប់រំ។

លោកបន្តថា ជាក់ស្ដែងនៅប៉ុន្មានឆ្នាំមុនបន្ទាប់ពីបានធ្វើកំណែទម្រង់ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយ ភូមិ ឬ បាក់ ឌុប គឺសិស្សនិទ្ទេសអេ មានតែប៉ុន្មាននាក់ទេ តែដោយឡែកសម្រាប់ឆ្នាំនេះ សិស្សនិន្ទេសអេ មានរហូតដល់ ១៧០០នាក់ជាង។ ដូច្នេះក្នុងសង្គមយើងឥឡូវនេះ បានបង្ហាញឲ្យឃើញពីការផ្ដល់តម្លៃខ្លាំង ទៅវិស័យអប់រំ ជាពិសេសផ្នែកគណិតវិទ្យានេះទៀតសោធ ជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាផ្សេងៗទៀត។ លោកថា ការបំផុសបំផុល ឲ្យមានការប្រឡងប្រកួតប្រជែងនេះឡើង ជាការបញ្ជាក់ស្មារតីឲ្យសិស្សនិស្សិតរបស់យើងផ្ដល់តម្លៃទៅលើការអប់រំ។

លោកបានបញ្ជាក់ថា ក្នុងនាមលោកជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន សូមគាំទ្រតាមរយៈការលើកទឹកចិត្តនឹងផ្ដល់ជាអាហារូបករណ៍ចំនួន១០កន្លែងដល់សិស្សថ្នាក់ទី១២ ដែលជាជ័យលាភីចំនួន១០រូប ក្នុងការប្រឡង ប្រកួតប្រជែងគណិតអង្គរនេះ។ លោកបន្ថែមថា លោកនឹងប្ដេជ្ញាបន្តផ្ដល់អារូបករណ៍នេះរាល់ឆ្នាំទៅមុខបន្តទៀត។

លោកបណ្ឌិត ដេត សុខឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Bright Consultant Education and Travel Co.,Ltd  ឲ្យបន្តរៀបចំកម្មវិធីនេះឡើង ហើយបើសិនជាអាចមិនត្រឹមនៅរាជធានីភ្នំពេញទេ គឺទូទាំងប្រទេស ឬអាចឈានរហូតដល់ជួយបញ្ជូនសិស្សរបស់យើង ទៅប្រកួតនៅថ្នាក់អន្តរជាតិ ដើម្បីផ្ដល់ឱកាសដល់សិស្សរបស់យើង មានឱកាសក្នុងការបញ្ចេញសម្ថតភាព ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ នឹងនាំមកវិញ នូវមុខមាត់ជូនដល់ប្រទេសជាតិយើង។

គោលបំណងនៃការប្រកួតប្រជែងគណិតវិទ្យាអង្គរនេះឡើងគីដើម្បីលើកទឹកចិត្តសិស្សថ្នាក់ទី ៥-១២ ឱ្យខិតខំសិក្សាមុខវិជ្ជាគណិតវិទ្យាឱ្យបានពូកែ ,អភិវឌ្ឍជំនាញដោះស្រាយបញ្ហាតាមបែបគណិតវិទ្យា តួយ៉ាងសម្រាប់សិស្សដែលមានទេពកោសល្យ ,អភិវឌ្ឍជំនាញគិតបែបច្នៃប្រឌិត ការសម្រេចចិត្ត និងវិភាគស្ថានការណ៍ ,គាំទ្រការខិតខំអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជំនាញរបស់គ្រូបង្រៀនផ្នែកគណិតវិទ្យាបច្ចុប្បន្ន។

សូមរំលឹកផងដែរថា ការប្រកួតប្រជែងគណិតវិទ្យាអង្គរទាំងអស់មាន ៣ជុំ ដំណាក់កាលពីរដំបូងនៃការប្រកួតប្រជែងគណិតវិទ្យាអង្គរនេះ ដោយជុំទី១ ធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ,ជុំទី២ ធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងជុំទី៣ ដែលជាវគ្គផ្តាច់ព្រ័ត្រគឺរៀបចំឡើងនាសាលា Singapore Cambodia International Academy (SCIA) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ចំពោះតម្លៃចូលរួមប្រកួតសម្រាប់សិស្សគ្រប់ៗរូប ជុំទី១តម្លៃ ៖ $២.៥, ជុំទី២ ៖ $២.៥, និងតម្លៃវគ្គផ្តាច់ព្រ័ត្រ ៖ $២.៥។ សម្រាប់ជុំទី១ ជំរុះយកបេក្ខជនចំនួន ៥០% ដើម្បីទៅប្រកួតនៅជុំទី២ ចំណែកឯជុំទី២ ក៏ជំរុះយកបេក្ខជនចំនួន ៥០% ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរមាន១៥២សាលាចូលរួមដោយមកពីបណ្ដាខេត្តផ្សេងៗគ្នា ចំពោះអ្នកបានចូលរួមប្រកួត៥៥០នាក់ ក្នុងនោះ២២៥នាក់នឹងទទួលបានមេដាយសំរឹត ,១៧៥នាក់ ទទួលបានមេដាយប្រាក់ ,១០០នាក់ទទួលបានមេដាយមាសចំនួន១០០។

រង្វាន់ជ័យលាភីលំដាប់កំពូលទាំង ១០ ពីវិញ្ញាសានីមួយៗនឹងទទួលបានរង្វាន់ជាច្រើនដូចជា៖ កុំព្យូទ័រយួរដៃ ថេបប្រូត កង់ កុំព្យូទ័រ Chrome Books ឧបករណ៍អានសៀវភៅ (ebook reader) នាឡិកាឆ្លាតវៃ -ល-៕

Most Popular

To Top