ភ្នំពេញ ៖ ម្ចាស់អាជីវកម្មក្នុងស្រុកចំនួន៥ កាលពីពេលថ្មីៗនេះ បានសម្រេចសហការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយអង្គការមូលនិធិកុមារពិការ (KPF) ដើម្បីចូលរួមចំណែកជួយសង្គមក្នុងការគាំទ្រដល់កុមារមានពិការភាពនៅកម្ពុជា ។
ក្នុងពិធីចុះ MOU លោក គង់ វិចិត្រា នាយកប្រតិបត្តិនិងស្ថាបនិកនៃអង្គការមូលនិធិកុមារពិការ (KPF) បានថ្លែងថា ការចុះនេះគឺជាទង្វើ និងកាយវិការដ៏ល្អប្រពៃដែលខាងម្ចាស់អាជីវកម្មចូលរួមចំណែកជួយសង្គម តាមរយៈអង្គការមូលនិធិកុមារពិការ សំរាប់ជាការគាំទ្រដល់កុមារមានពិការភាព។ ការចូលរួមចំណែកនេះ ពិតជាល្អព្រោះស្ថានភាពរបស់ពួកគាត់មានពិការធ្ងន់ធ្ងរ និងខ្សោយបញ្ញាដែលធ្វើឲ្យលំបាកសំរាប់ឪពុកម្តាយរបស់ពួកគាត់ ជាពិសេស ក្នុងពេលជំងឺរាតត្បាតកូវីដ១៩ ជាង២ឆ្នាំនេះ ព្រោះបុគ្គលមិនពិការ ឬមិនមានសមាជិកគ្រួសារដែលពិការ ក៏ជួបការលំបាកហើយ ចុះទំរាំពួកគាត់ដែលតម្រូវឲមានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងការថែទាំសុខភាពពិតជា លំបាកខ្លាំង។
លោកបន្តថា ការរួមចំណែកនេះ មិនត្រឹមតែជួយជាអំណោយ ម្ហូបអាហារ តែនឹងផ្តល់ឱកាសដល់កុមារពិការទទួលបានការងារធ្វើ និងប្រាក់ដើម្បីចិញ្ចឹមក្នុងក្រុមគ្រួសារ ហើយក៏ផ្តល់ឱកាស និងការចូលរួមដ៏ពេញលេញក្នុងសង្គមជាតិ ដោយគ្មានការរើសអើង។
ទន្ទឹងនឹងនេះ នាយកប្រតិបត្តិនិងស្ថាបនិក នៃអង្គការមូលនិធិកុមារពិការ រូបនេះ ក៏បានមើលឃើញថា ស្ថានភាពកិច្ចការពារ និងគាំពារផ្នែកផ្លូវច្បាប់ ក៏ប្រសើរជាងមុន ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តែលោកក៏សុំសំណូមឲ្យបន្តជួយគាំទ្រ និងលើកស្ទួយផ្នែកសង្គម និងសេដ្ឋកិច្ច ដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងការមិនរើសអើងក្នុងសង្គម។
សម្រាប់ម្ចាស់អាជីវកម្មចំនួន៥ ដែលបានចុះហត្ថលេខា MOU រួមមាន៖ លោក Sam Bunteang នាយកប្រតិបត្តិក្រុមហ៊ុន អេឌីខេ រ៉ាយស៍ (ខេមបូឌា) ឯ.ក , លោកស្រី Thuch Sokunthea នាយកប្រតិបត្តិសិប្បកម្មផលិតមី ដាម , លោកស្រី Nhem Chanthou នាយកប្រតិបត្តិ TUK JIT KASEKOR , លោក Ung Sasda នាយកប្រតិបត្តិ Supang និងលោក Leang Chandara នាយកប្រតិបត្តិ BOOK CENTER (PPBC) ។

សូមបញ្ជាក់ថា មូលនិធិ Komar Pikar ឬKPF ឬមូលនិធិសម្រាប់កុមារពិការ គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដែលស្រលាញ់សុខុមាលភាពរបស់កុមារ និងយុវជនដែលមានពិការភាពកម្រិតមធ្យម និងធ្ងន់ធ្ងរ និងក្រុមគ្រួសាររបស់ពួកគេ។ KPF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៨នោះ គឺក្រុមបុគ្គលដែលមានការប្តេជ្ញាចិត្ត និងមានបទពិសោធន៍ មានបំណងឆ្លើយតបទៅនឹងតម្រូវការអស់សង្ឃឹមរបស់កុមារ ដែលមានពិការភាពកម្រិតមធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា។ បុគ្គលិក និងអ្នកគាំទ្រ KPF ជាច្រើននាក់ បានធ្វើការជាមួយកុមារពិការ និងគ្រួសាររបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ អង្គការមូលនិធិកុមារពិការ ជាគម្រោងអភិវឌ្ឍន៍សង្គម ដែលផ្តោតលើកុមារពិការជាង ៩០% និងកុមារក្រីក្រ ១០% ៕














