កំពត៖ កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយនៅតាម សាលារៀននៅខេត្តកំពត ដោយជួយសាលារៀនទាំងនេះ ងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការអប់រំ ។
ការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី SIS Cambodia នេះត្រូវបានធ្វើឡើងនៅឯសិក្ខាសាលាមួយ នាពេលថ្មីៗនេះ ដែលរៀបចំឡើងដោយក្រុមការងារ SIS Cambodia នៅខេត្តកំពត ដែលនៅក្នុងនោះ គេបានធ្វើបទបង្ហាញពីប្រព័ន្ធ SIS និងផលប្រយោជន៍នៃការប្រើប្រព័ន្ធនេះ ។ បើយោងតាមក្រុមហ៊ុន មិត្តហ្វូន ការដាក់ឱ្យប្រើប្រព័ន្ធ SIS Cambodia នេះ គឺដើម្បីលើកទឹកចិត្តជំរុញឱ្យ មានការអប់រំប្រសើរឡើង នៅតាមវិទ្យាល័យនានានៅទូទាំងខេត្ត ដោយប្រើប្រាស់កម្មវិធីអប់រំឌីជីថល SIS នេះ ។
នៅឯសិក្ខាសាលានៅខេត្តកំពតនេះដែរ អ្នកចូលរួម ដែលរួមមានគ្រូបង្រៀន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យអប់រំ ក៏បានស្ដាប់ការចែករំលែកបទពិសោធន៍ ជោគជ័យនៃសាលារៀនផ្សេងៗទៀតនៅបណ្ដាខេត្តផ្សេងៗផងដែរ ដែលប្រើប្រាស់ កម្មវិធីអប់រំឌីជីថល SIS Cambodia ដើម្បីកែលម្អការបង្រៀននិងការរៀនសូត្រនៅក្នុង សាលារៀនរបស់ពួកគេ ។
ក្នុងចំណោមផលប្រយោជន៍ ជាច្រើនផ្សេងទៀត កម្មវិធី SIS Cambodia មានផលប្រយោជន៍សំខាន់ៗចំនួន ៥យ៉ាង ដូចខាងក្រោមនេះ៖
១.ការរៀនតាមប្រព័ន្ធឌីជីថល ធ្វើឱ្យសិស្សកាន់តែឆ្លាតវៃ និងយល់មេរៀនបានច្រើន
ប្រព័ន្ធឌីជីថលបង្កើនប្រសិទ្ធផល នៃការសិក្សានិងផលិតភាព យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។ លើសពីនេះ ឧបករណ៍និងបច្ចេកវិទ្យា រៀនតាមប្រព័ន្ធឌីជីថល ជួយបង្វឹកជំនាញត្រិះរិះពិចារណារបស់ សិស្សឱ្យប្រសើរជាងមុន ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍការគិតគូរបែបវិភាគ ។ សិស្សក៏អភិវឌ្ឍនូវការគិតបែបវិជ្ជមានពីការរៀនចេះនូវចំណេះដឹង និងជំនាញថ្មីតាមរយៈការ ប្រើប្រាស់ឧបករណ៍រៀនតាមឌីជីថល ដែលនាំឱ្យពួកគេកាន់តែមាន ទំនុកចិត្តខ្លួនឯងថែមទៀត ។
២.ការរៀនតាមឌីជីថល ជួយសិស្សរៀនសូត្រពីការ ទំនាក់ទំនងកាន់តែមាន ទំនួលខុសត្រូវថែមទៀត
ជាមួយនឹងឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល សិស្សកាន់តែចេះប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក និងចងចាំមេរៀនបានច្រើន គឺច្រើនជាងការអានមេរៀនប្រាប់តែពីគ្រូមកសិស្ស ។ ពួកគនឹងយល់ពីបរិបទប្រសើរជាមុន និងកាន់តែចូលចិត្តចូលរួម ក្នុងសកម្មភាពរៀនសូត្រ ។ លើសពីនេះ នៅពេលសិស្សអាចតាមដាន ភាពរីកចម្រើនរបស់ខ្លួនដោយខ្លួនឯង ពួកគេអាចធ្វើឱ្យខ្លួនពួកគេ កាន់តែប្រសើរឡើង អាចរៀនសូត្រដោយឯករាជ្យ បង្កើនទឹកចិត្តចង់រៀនសូត្រ និងមានទំនួលខុសត្រូវច្រើនជាងមុន ។
៣.ឧបករណ៍រៀនតាមឌីជីថល លើកកម្ពស់ការបង្រៀនរបស់គ្រូ និងធ្វើឱ្យអាណាព្យាបាលកាន់ តែមានចំណាប់អារម្មណ៍ លើការសិក្សារបស់កូនៗ
ឱកាសក្នុងការសម្រួលលំដាប់លំដោយ នៃមេរៀនសម្រាប់សិស្សម្នាក់ៗ នឹងធ្វើឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយគម្លាត ការសិក្សាទាន់ពេលវេលា និងពន្លឿនវឌ្ឍនភាពរបស់សិស្ស ។ ប្រព័ន្ធឌីជីថលក៏ជួយដល់គ្រូ ក្នុងការបង្រៀនកាន់តែប្រសើរឡើង ហើយសិស្សក៏ស្រួលរៀន តាមរយៈការចូលរួមនិងការកម្សាន្ត ។ អាណាព្យាបាលក៏អាចពិនិត្យមើលសកម្មភាព រៀនសូត្រតាមអនឡាញរបស់កូនៗ និងអាចជួយបង្រៀនពួកគេបន្ថែម ពីលើអ្វីដែលបានរៀននៅក្នុងថ្នាក់រៀន ។ ឧបករណ៍និងបច្ចេកវិទ្យារៀនតាមឌីជីថលមានភាពទាក់ទាញសម្រាប់សិស្ស និងមានផលប្រយោជន៍ជាច្រើន ដល់ការវិវឌ្ឍនិងសុខភាពរបស់សិស្ស ។
៤.ឧបករណ៍ និងបច្ចេកវិទ្យារៀនតាមឌីជីថល ជួយបង្កើនការចែករំលែក ព័ត៌មានបានលឿនរហ័ស
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរពីសៀវភៅបោះពុម្ព ទៅជាប្រព័ន្ធឌីជីថលបានជះឥទ្ធិពល យ៉ាងខ្លាំងមកលើរបៀបរៀនរបស់យើង ។ ដូចគ្នានឹងវិស័យរោងពុម្ពកាលពី៦សតវត្សរ៍មុន ការផ្លាស់ប្ដូរនេះកំពុងផ្លាស់ប្ដូរ ការអប់រំក្នុងប្រព័ន្ធ និងបង្កើនឱកាសនៃការរៀនសូត្រ ។ ការរៀនតាមប្រព័ន្ធឌីជីថល មិនត្រឹមតែអនុញ្ញាតឱ្យសិស្សអាចទទួលបានព័ត៌មាន កាន់តែច្រើនប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏ធានាបានថា ព័ត៌មាននេះអាចកែសម្រួល បានឱ្យស្របទៅតាមតម្រូវការ បុគ្គលម្នាក់ៗផងដែរ ។ ដោយប្រើឧបករណ៍ឌីជីថល និងការរៀនតាមអនឡាញ ថ្នាក់រៀននៅទូទាំងប្រទេស និងជុំវិញពិភពលោកមិនត្រឹមតែ អាចធ្វើការជាមួយគ្នាដើម្បីចែករំលែក បទពិសោធន៍ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏អាចលើកកម្ពស់ ជំនាញរៀនបានផងដែរ ។ សាលារៀនអាចសន្សំសំចៃថវិកា និងអាចធានាបានការទទួលបាន ឯកសារមេរៀនបានស្មើភាពគ្នា ដូចគ្នានឹងសាលារៀនឯកជនដែលថ្លៃៗផងដែរ ។
៥.បង្កើនលទ្ធភាពមានការងារ ធ្វើក្រោយបញ្ចប់ការសិក្សា ជាមួយនឹងឧបករណ៍ និងបច្ចេកវិទ្យារៀនបែបឌីជីថល
ការបំពាក់បំប៉នសិស្សនូវជំនាញ និងលក្ខខណ្ឌដែលគេត្រូវការ សម្រាប់ការអប់រំនៅថ្នាក់ មហាវិទ្យាល័យនិងទទួលបាន អាជីពការងារតាំពីក្មេងទៅ បានក្លាយជាទំនួលខុសត្រូវដ៏សំខាន់បំផុតមួយ របស់ប្រព័ន្ធអប់រំនៅតាមសាលារៀន ។ ខណៈដែលពិភពលោកកំពុង មានវិបត្តិការងារដោយសារតែកូវីដ-១៩ ប្រជាជនជាច្រើនលាននាក់បានបាត់បង់ការងារ ជាពិសេស ការងារបែបប្រពៃណី ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជនជាច្រើនក៏មានស្ថិរភាពការងារដែរ នៅក្នុងឧស្សាហកម្មដែល ទាក់ទិននឹងបច្ចេកវិទ្យា ។
សម្រាប់គោលបំណងនេះ វិធីអប់រំនិងរៀនសូត្រថ្មីៗចាំបាច់ត្រូវតែដាក់បញ្ចូល និងដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធីសិក្សា ដោយចាប់ផ្ដើមតាំងពី ថ្នាក់បឋមសិក្សាឡើងទៅ ៕