ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០៖ ជំងឺរាតត្បាតសកលបានបង្កអន្ដរាយ ដល់មុខជំនួញនានានៅទូទាំងពិភពលោក ប៉ុន្ដែអាជីវកម្មដែលដឹកនាំដោយស្ដ្រីបានទទួលរងផលប៉ះពាល់អវិជ្ជមានក្នុងកម្រិតខុសៗគ្នាពីការរាតត្បាតជំងឺនេះ។
សហគ្រិនជាស្ដ្រីប្រឈមនឹងឧបសគ្គជាច្រើនក្នុងការបង្កើត និងរក្សានិរន្តរភាពប្រតិបត្ដិការអាជីវកម្មរបស់ពួកគេ។ រាប់ចាប់ពីផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់ផ្នត់គំនិតយេនឌ័រ និងការដាក់កម្រិតដល់ស្រ្តីនៅក្នុងសង្គម ស្ដ្រីរមែងជួបឧបសគ្គជាច្រើន ដែលរារាំងមុខជំនួញរបស់ពួកគេមិនឱ្យរីកចម្រើន។ ថ្វីដ្បិតតែពួកគេជួបបញ្ហាទាំងអស់នេះក្តី ក៏អាជីវកម្មជាងពាក់កណ្ដាលដែលចាប់កំណើតក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានផ្ដួចផ្ដើមដោយស្ដ្រី។
តម្រូវការដើម្បីលើកស្ទួយសមភាពយេនឌ័រ និងជំរុញការផ្តល់អំណាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមអាជីវកម្មដែលដឹកនាំដោយស្ដ្រីក្រោយវិបត្ដិជំងឺរាតត្បាតសកល មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នេះក៏ជាមូលហេតុផងដែរដែលការប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “លុបបំបាត់ភាពលំអៀង (#BreaktheBias)” ដែលមានការពាក់ព័ន្ធជាពិសេស ដោយមានគោលដៅលើកទឹកចិត្ដប្រជាជនជុំវិញពិភពលោកឱ្យគិតគូរដល់ពិភពសមភាពយេនឌ័រដែលគ្មានភាពលំអៀង គ្មានផ្នត់គំនិតចាស់គំរឹល និងការរើសអើង។
អ្នកនាង ឌី វិជ្ជរ៉ា ម្ចាស់សិប្បកម្មផ្កាដូង ដែលមានឯកទេសផលិតប្រេងដូង និងផលិតផលពីផ្លែដូង បានចែករំលែកបទពិសោធរបស់អ្នកនាងថា៖ «លំហូរសាច់ប្រាក់ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ គឺជាឧបសគ្គចម្បងបំផុតមួយដែលខ្ញុំត្រូវប្រឈមពេលប្រកបអាជីវកម្ម។ ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសម្រេចចិត្ដស្នើសុំកញ្ចប់ថវិកាជំនួយ ហើយខ្ញុំទទួលបាន ២កញ្ចប់ ពីសហគ្រិនខ្មែរ និងអង្គការ Wellbeing Advancement ក្នុងឆ្នាំ២០២១»។
អ្នកនាង ឌី វិជ្ជរ៉ា ក៏បានពន្យល់ផងដែរអំពីវិធីដែលគាត់ប្រើប្រាស់ទិចនិកទីផ្សារឌីជីថល និងភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដើម្បីប្រតិបត្ដិការអាជីវកម្មរបស់អ្នកស្រី។
អ្នកនាងបានពន្យល់ថា៖ «មនុស្សគ្រប់រូបនៅកម្ពុជាសុទ្ធតែកំពុងប្រើប្រាស់ Facebook។ ដូច្នេះ នោះជាទីកន្លែងដើម្បីក្លាយជាម្ចាស់អាជីវកម្មផងដែរ។ ខ្ញុំបង្កើតមាតិកាជាច្រើនប្រភេទ ក្នុងបំណងចាប់ផ្ដើមបើកការសន្ទនាជាមួយអ្នកតាមដាន [followers] ដោយទាក់ទាញពួកគេតាមរយៈការលើកកម្ពស់ការយល់ដឹងអំពីផលិតផល បង្ហាញពួកគេអំពីវិធីសាស្ដ្រផលិតនូវផលិតផលទាំងនេះ បង្ហាញពីប្រភពក្នុងការស្វែងរកវត្ថុធាតុដើម ចែករំលែករឿងរ៉ាវអាជីវកម្ម សុខភាព គន្លឹះថែរក្សាស្បែក និងគន្លឹះថែទាំកូនជាដើម»។
Instagram គឺជាភ្លែតហ្វមសំខាន់មួយសម្រាប់សហគ្រិនម្នាក់ទៀងគឺអ្នកនាង Luna Chenla ដែលថ្មីនេះបានបើកដំណើរការហាងនំដុត Fluff ផ្ដោតលើផលិតផលធ្វើដោយដៃជាមួយគ្រឿងផ្សំក្នុងស្រុកប្រកបដោយគុណភាពខ្ពស់។
អ្នកនាង Luna បានពន្យល់អំពីផែនការជំនួញរបស់ខ្លួនថា៖ «ខ្ញុំបានចាប់ផ្ដើមហាងនំ Fluff ដោយគ្រាន់តែបង្ហោះរូបភាពផលិតផលរបស់យើងប៉ុន្មានសន្លឹកលើ Instagram ហើយយើងទទួលបានអតិថិជនមួយចំនួនតាមរយៈបណ្ដាញសង្គមនេះ។ យើងតែងតែបង្ហោះរូបភាពជាប្រចាំ និងព្យាយាមបង្កើតបរិយាកាសស្និទ្ធស្នាលបែពលក្ខណៈផ្ទាល់ខ្លួនតាមដែលអាចធ្វើទៅបាន។ ជាធម្មតាខ្ញុំព្យាយាមជជែកជាមួយអតិថិជនតាមបណ្ដាញសង្គម ដូចអ្វីដែលខ្ញុំធ្វើជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ខ្ញុំ»។
អ្នកតំណាងរបស់ក្រុមហ៊ុន Meta មានការចាប់អារម្មណ៍ខ្លាំងលើការវិលទៅរកប្រក្រតីភាពយ៉ាងឆាប់រហ័សរបស់ម្ចាស់អាជីវកម្មជាស្ដ្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឱកាសទិវានារីអន្ដរជាតិនេះ ពួកគេបានអបអរចំពោះភាពក្លាហាននិងភាពអត់ធ្មត់ និងដំណើរវិលទៅរកប្រក្រតីភាពវិញនេះ ក៏ដូចជាបានបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីគាំទ្រដល់ស្ដ្រីទាំងនោះ។ សម្រាប់ខែមីនានេះ ពួកគេនឹងឱ្យអ្នកប្រើប្រាស់ Instagram ប្រកួតប្រជែងបង្កើត Reel ដោយបង្ហាញពីអាជីវកម្មគ្រប់គ្រងដោយស្ដ្រីដែលពួកគេចូលចិត្ដ និងចែករំលែកជាមួយអ្នកតាមដាន (followers) របស់ពួកគេ ដោយលើកទឹកចិត្ដពួកគេឱ្យបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
អ្នកនាង Beth Ann Lim នាយកផ្នែកកម្មវិធីគោលនយោបាយ និងទំនាក់ទំនងរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC Policy Programs and Government Outreach) របស់ក្រុមហ៊ុន Meta មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើងនៅតែប្ដេជ្ញាចិត្ដគាំទ្រអាជីវកម្មដឹកនាំដោយស្ដ្រីនៅជុំវិញពិភពលោកដើម្បីគាស់កកាយនូវសក្ដានុពលសហគ្រិនភាព និងបង្កើតសង្គមមួយដែលកាន់តែមានការវិលទៅរកប្រក្រតីភាព បរិយាបន្ន និងសមភាព។ ការស្រាវជ្រាវបានបង្ហាញថា អាជីវកម្មដឹកនាំដោយស្ដ្រីមិនសូវមានទ្រង់ទ្រាយធំ មិនសូវទទួលបានផលចំណេញខ្ពស់ លូតលាស់យឺត និងប្រឈមអត្រាបិទអាជីវកម្មខ្ពស់។ នៅកម្ពុជា យើងបើកដំណើរការកម្មវិធី #SheMeansBusiness ដើម្បីគាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ដ្រីតាមរយៈការផ្ដល់លទ្ធភាពឱ្យពួកគេទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញ»។
អាជីវកម្មធុនតូច និងមធ្យមដែលដឹកនាំដោយស្ដ្រីមានតួនាទីសំខាន់ក្នុងការបង្កើតពិភពលោកមួយដែលឆាប់វិលទៅរកប្រក្រតីភាព និងវិបុលភាពក្រោយវិបត្ដិកូវីដ ហើយហេតុដូច្នេះ វាពិតជាកត្ដាដ៏សំខាន់ ដែលពួកគេមិនត្រូវបានទុកចោល ខណៈពេលដែលការស្ទុះងើបឡើងវិញមានវិវឌ្ឍនភាពទៅមុខ និងត្រូវបានផ្ដល់ការគាំទ្រ ក៏ដូចជាឱកាសឱ្យពួកគេទទួលជោគជ័យ៕