ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។
ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។
ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ ក៏សំបកទាំងនេះជាធម្មតាមិនត្រូវបានកែច្នៃឡើងវិញឡើយដោយសារសំបកពណ៌បៃតងនេះចាំបាច់ត្រូវកែច្នៃដាច់ដោយឡែក។
សំបកវេចខ្ចប់ប្លាស្ទិក ពណ៌សថ្លា មានភាពពេញនិយមជាង ហើយត្រូវបានវិស័យឧស្សាហកម្មកែច្នៃឡើងវិញចាត់ទុកថាមានគុណតម្លៃជាង ដែលមានន័យថា សំបកដបថ្លាទាំងនេះមានតម្រូវការខ្លាំងជាង ហើយងាយស្រួលយកទៅកែច្នៃទៅជាផលិតផលផ្សេងៗ។ ដោយហេតុនេះ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹងបង្កើនអត្រាការច្នៃសំបកវេចខ្ចប់ឡើងវិញនៅក្នុងស្រុក។
លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡាកម្ពុជា មានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថា សំណល់សំបកវេចខ្ចប់គឺជាបញ្ហាធំ និងជាបញ្ហាបន្ទាន់នៅទូទាំងពិភពលោក និងនៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហានេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាអាចដោះស្រាយបាន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជាវិធានការជាក់ស្តែងមួយសម្រាប់ម៉ាកយីហោរបស់យើង។ យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺដើរលើទិសដៅស្របគ្នាទៅនឹងចក្ខុវិស័យពិភពលោកគ្មានសំរាមរបស់យើង។ ចក្ខុវិស័យនេះ សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងក្នុងបរិមាណសមមូលទៅនឹងសំបកដបប្លាស្ទិក និងកំប៉ុងទាំងអស់ដែលយើងបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ អ្វីដែលកំពុងផ្លាស់ប្តូរនេះគឺពណ៌របស់សំបកវេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅតែបន្តផ្តល់ជូននូវរសជាតិក្រូចឆ្មារឆ្ងាញ់ពិសារដែលអតិថិជនតែងតែនិយមចូលចិត្តដដែល»។
ផលិតផលស្ព្រៃ ត្រូវបានដាក់លក់នៅលើទីផ្សារជាមួយនឹងសំបកវេចខ្ចប់ពណ៌បៃតងចាប់តាំងពីផលិតផលនេះត្រូវបានដាក់លក់ជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦១ និងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៣។
ផលិតផលស្ព្រៃសំបកដបប្លាស្ទិកថ្លាថ្មីនេះ មានលក់ក្នុងចំណុះ១,៥លីត្រ ដែលនឹងរក្សារសជាតិឆ្ងាញ់ស្រស់ស្រាយពិសេសដូចដើម ហើយអតិថិជនអាចរកទិញបាននៅតាមបណ្តាដេប៉ូចែកចាយផ្សេងៗនៅទូទាំងប្រទេស។
គំនិតផ្តួចផ្តើមលើការប្តូរពណ៌សំបកដបក្នុងប្រទេសកម្ពុជានេះធ្វើឡើងទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុបភាគខាងលិច សហរដ្ឋអាមេរិក និងអាស៊ាន។
ក្រៅពីការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការកែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបន្តដាក់ចេញគំនិតផ្តួចផ្តើមនានាសំដៅបង្កើនការប្រមូល និងការកែច្នៃសំបកវេចខ្ចប់ប្លាស្ទិកឡើងវិញនៅកម្ពុជា។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនក៏ជួយបង្កើនការយល់ដឹងរបស់សហគមន៍អំពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃសំណល់ឡើងវិញតាមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាមជាង ៩០០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានាជាង ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។
ក្រុមហ៊ុនក៏មានគំនិតផ្តួចផ្តើមមួយទៀត ហៅថា «ផ្តល់ជីវិតទី២ដល់ប្លាស្ទិករុំទំនិញ» ដែលលើកទឹកចិត្តឱ្យអ្នកលក់ដុំ និងអ្នកលក់រាយប្រគល់ស្បោងប្លាស្ទិករុំកេសភេសជ្ជៈមកឱ្យក្រុមហ៊ុនវិញសម្រាប់កែច្នៃឡើងវិញ។
ដើម្បីស្វែងយល់បន្ថែមអំពីគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាមរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័រ ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment) ការគាំទ្រដល់គ្រួសារដែលជួបការលំបាក (Family Hardship) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
ទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh