រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ (Earth Hour 2022) ជាមួយនឹងការគាំទ្រដល់ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរួមមានកម្មវិធីកម្សាន្តផ្សាយបន្តផ្ទាល់ ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃសុក្រ ទី២៦ ខែមីនា។
ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងនាំមុខគេនៅកម្ពុជា ដោយក្លាយជាដៃគូផ្តាច់មុខមួយក្នុងចំណោមដៃគូផ្តាច់មុខចំនួនពីរសម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ដែលរៀបចំដោយអង្គការ WWF-Cambodia និងក្រសួងបរិស្ថាននៅខេត្តមណ្ឌលគិរី។ ប្រធានបទរបស់អង្គការ WWF-Cambodia គឺធម្មជាតិ វប្បធម៌ ទេសចរណ៍ និងនិរន្តរភាព ដែលគំនិតផ្តួចផ្តើមទាំងអស់នេះទទួលបានការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។
ក្រៅពីកិច្ចសហប្រតិបត្តិការដៃគូជាមួយអង្គការ WWF-Cambodia សម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏នឹងបិទភ្លើងដែលមិនចាំបាច់មួយចំនួននៅរោងចក្រស្រាបៀរក្នុងរាជធានីភ្នំពេញរបស់ខ្លួននៅថ្ងៃទី២៦ ខែមីនាផងដែរ។
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសហគ្រាសនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងអង្គការ WWF-Cambodia ក្នុងការគោរពបរិស្ថាន និងនិរន្តរភាពជាទូទៅតាមរយៈការចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២។ យុទ្ធសាស្ត្រនិរន្តរភាពរបស់យើងមិនមែនជារឿងថ្មីនោះទេ វាគឺជាអ្វីដែលយើងអនុវត្តទាំងនៅក្នុងពិភពលោក និងនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆតារបស់យើងក្នុងចូលរួមអភិវឌ្ឍពិភពលោកនិងកម្ពុជាដ៏ល្អប្រសើរ» ។ លោកស្រីបានបន្ថែមទៀតថា៖ «យើងមានមោទនភាពក្នុងការក្លាយជាដៃគូក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំនេះ ក៏ដូចជាការចូលរួមក្នុងការបិទភ្លើងនៅក្នុងរោងចក្រផលិតស្រាបៀររបស់យើង ដែលជានិមិត្តរូបដ៏មានឥទ្ធិពលនៃឯកភាពក្នុងពិភពលោក និងការប្តេជ្ញាចិត្តចំពោះភពផែនដីរបស់យើង»។
ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងប្រព្រឹត្តឡើងក្នុងប្រទេសកម្ពុជានៅម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា។ អ្នកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមជាលក្ខណៈសកលនេះ អាចរំពឹងថានឹងចូលរួមជាមួយមនុស្សរាប់លាននាក់មកពីជុំវិញពិភពលោកផងដែរ។
លោកស្រី Anne Ollivier បានឲ្យដឹងទៀតថា ៖ «ខណៈដែលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា មានគំនិតផ្តួចផ្តើមគួរឱ្យកត់សម្គាល់ និងភាពស័ក្តិសមរបស់ខ្លួន ដើម្បីការពារនិងថែរក្សាបរិស្ថានរបស់ប្រទេសជាតិ ការចូលរួមរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ជាលក្ខណៈសកលនេះក៏បង្ហាញផងដែរថា យើងសហការ ‘រួមគ្នា’ ហើយអ្នករាល់គ្នាអាចធ្វើការងាររបស់ពួកគេបាន រួមទាំងនៅទីនេះក្នុងប្រទេសកម្ពុជាផងដែរ»។
យុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ របស់អង្គការ WWF-Cambodia បានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ជាមួយនឹងយុទ្ធនាការឌីជីថល ដែលមានវីដេអូសម្តែងដោយតារាចម្រៀងល្បីគឺកញ្ញា មាស សុខសោភា។ ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីពិតប្រាកដដែលត្រូវនឹងថ្ងៃទី២៦ ខែមីនា អង្គការ WWF-Cambodia នឹងរៀបចំព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដូចជាម៉ារ៉ាតុង និងការសម្តែងវប្បធម៌ផ្សេងៗ។
លោក សេង ទាក នាយកប្រចាប្រទេសរបស់អង្គការ WWF-Cambodia មានប្រសាសន៍ថា៖ «យើងរីករាយដែលមានក្រុមហ៊ុន «ដែលមានទំនួលខុសត្រូវផ្នែកសង្គម» ដូចជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនាំមុខគេក្នុងការជួយយើងរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំនេះ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសាងកេរ្តិ៍ឈ្មោះរួចហើយចំពោះវិធីសាស្រ្តច្នៃប្រឌិតអាជីវកម្មដែលគាំទ្រដល់និរន្តរភាពនាពេលអនាគត ដូច្នេះ អង្គការ WWF-Cambodia មានសេចក្តីសោមនស្សរីករាយចំពោះការដែលមានការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅកាន់កិច្ចប្រឹងប្រែងពិភពលោក»។
ក្នុងខែវិច្ឆិកា ឆ្នាំមុន ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឆ្នាំ២០២១ (CSR Award 2021) ដ៏មានកិត្យានុភាពដែលរៀបចំឡើងដោយ EuroCham Cambodia ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដ៏ឆ្នើមមួយ ដែលបានចូលរួមជាមួយប្រទេសកម្ពុជាក្នុងការអភិរក្សបរិស្ថាន។
ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានឧបត្ថម្ភដល់កិច្ចប្រជុំកំពូលលើកដំបូងរបស់កម្ពុជាឆ្នាំ ២០២១ ស្តីអំពីការប្រែប្រួលអាកាសធាតុ (CCCS 21) ផងដែរ។ កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃ ដែលត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថានដោយសហការជាមួយវិទ្យាស្ថាន Mekong Future Institute នេះ បានប្រមូលផ្តុំអ្នកជំនាញ អ្នកអនុវត្ត សង្គមស៊ីវិល និងធុរកិច្ច ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ដោយភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រនិរន្តរភាពឆ្នាំ២០៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងផលិតកម្មរបស់ខ្លួនចំនួន ៥០ភាគរយចាប់តាំងពីឆ្នាំ២០១៣ មក។
លើសពីនេះ កាលពីខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះបានដាក់ដំណើរការសាងសង់រោងចក្រថាមពលជីវម៉ាស់ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដា ឆ្នាំនេះ។ ក្នុងភាពជាដៃគូជិតដ៏ស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៣០ភាគរយត្រឹមឆ្នាំ២០៣០ នៅទូទាំងខ្សែចង្វាក់តម្លៃទាំងមូលរបស់ខ្លួន។
សម្លឹងឆ្ពោះទៅមុខក្នុងឆ្នាំ២០៤០ ក្រុមហ៊ុនមានគោលបំណងសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននៅក្នុងខ្សែចង្វាក់តម្លៃពេញលេញរបស់ខ្លួន។ ក្រុមហ៊ុនកំពុងទទួលយកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្រ្តផ្អែកលើគោលដៅ (Science Based Targets initiative) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ខ្លួន។
ក្រៅពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចការពារបរិស្ថាន គោលបំណងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏ដើម្បីលើកកម្ពស់ពិភពលោកមួយប្រកបដោយបរិយាបន្ន យុត្តិធម៌ និងសមធម៌ ខណៈពេលដែលជំរុញឱ្យមានការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដែលទាំងនេះគឺជាសសរស្តម្ភសំខាន់២ ផ្សេងទៀតនៃគោលបំណង «ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ» របស់ក្រុមហ៊ុន៕