ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានដាក់ដំណើរការក្នុងពិធីចុះហត្ថលេខាមួយនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា រួមជាមួយនឹងលោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការកោតសរសើរ និងការគាំទ្រដោយធនាគារ ក្រុងស្រ៊ី ដែលជាធនាគារដ៏ល្បីឈ្មោះមួយនៅក្នុងតំបន់ ធនាគារ ហត្ថា ពិតជាមានមោទនភាពដែលអាចផ្តល់សេវាថ្មីនេះដើម្បីជាប្រយោជន៍ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅកម្ពុជា”។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាជឿជាក់ថា តាមរយៈភាពជាដៃគូនេះ យើងអាចផ្តល់ដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់យើង។ សំខាន់ជាងនេះ វាក៏នឹងក្លាយទៅជាផ្នែកមួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបង្កើនលទ្ធភាពជូនអតិថិជនឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស និងមានសុត្ថិភាពខ្ពស់នៅទូទាំងប្រទេសផងដែរ»។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីជួយដល់អតិថិជនរបស់យើង ព្រមទាំងក្រុមហ៊ុនជាដៃគូនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ ដូចគ្នាទៅនឹងក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ ធនាគារ ហត្ថា គឺជាក្រុមហ៊ុនអន្តរជាតិដែលមានកំណត់ត្រានិងប្រវត្តិដ៏ល្អក្នុងការបម្រើសេវាជូនអតិថិជន។ ហើយជាពិសេសជាងនេះទៀតនោះ យើងមានក្តីរីករាយដែលអាចផ្តល់សេវាបន្ថែមទៀតទៅកាន់អតិថិជនរបស់ធនាគារ ហត្ថា»។
សេវាថ្មីនេះដែលនឹងផ្តល់លទ្ធភាពឱ្យអតិថិជនរបស់ធនាគារ ហត្ថា បង់សងប្រាក់កម្ចីរបស់ខ្លួនតាមរយៈកម្មវិធី TrueMoney Wallet និងភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំងប្រទេសនោះ នឹងដាក់ដំណើរការចាប់ពីថ្ងៃនេះតទៅ៕
អំពីធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងលក្ខខណ្ឌផលប័តឥណទាន និងប្រាក់បញ្ញើ ហើយក៏ជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធសេវាហិរញ្ញវត្ថុឈានមុខគេមួយនៅជប៉ុន និងលំដាប់ពិភពលោក។
នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យចំនួន១៧៧ និងមានបណ្តាញម៉ាស៊ីនអេធីអឹម ១៣៧ទីតាំង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ធនាគារ ហត្ថា មានប្រាក់បញ្ញើសរុបចំនួន ១.០២៨លានដុល្លារ និងផលប័ត្រឥណទានសរុបចំនួន ១.៦៩១លានដុល្លារ ជាមួយគណនី ជាង ៤០០.០០០គណនី។
ប្រព័ន្ធធនាគារស្នូលដ៏ទំនើបរបស់ធនាគារ ហត្ថា ផ្តល់លទ្ធភាពឱ្យធនាគារខ្លួន ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងផ្តល់សេវាធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងមានសុវត្ថិភាព ព្រមទាំងផ្តល់ដំណោះស្រាយសេវាហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពខ្ពស់។ ធនាគារ ហត្ថា ឆាប់ៗនេះនឹងដាក់ដំណើរការសេវាធនាគារបន្ថែមជាច្រើនទៀតដើម្បីបម្រើអតិថិជនរបស់ខ្លួនបានកាន់តែប្រសើរ៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕