Ezecom ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅកម្ពុជា បានចូលរួមផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង៥ក្រុមដែលឈ្នះក្នុង ការប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតផ្នែកបរិស្ថានសម្រាប់យុទ្ធនាការផ្សព្វផ្សាយការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម២០២១ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការឧបត្ថម្ភជាមួយអង្គការ USAID ។


កម្មវិធីប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតនេះបានដំណើរការរយៈពេលបីខែចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងនៃការប្រកួត
ប្រជែងនេះគឺដើម្បីលើកទឹកចិត្តអ្នកចូលរួមដែលជាយុវជនឲ្យបង្ហាញពីរបៀបដែលក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេទទួលខុសត្រូវចំពោះបរិស្ថាន ដើម្បីជាការផ្សព្វផ្សាយអប់រំជម្រុញអោយមានការផ្លាស់ប្តូរឥរិយាបទដល់មហាជន។ សូមជម្រាបផងដែរថាកម្មវិធីប្រកួតប្រជែងនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម។


លោករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ធ្វើយ៉ាងណាឲ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថាន កាន់តែមានភាពល្អប្រសើរឡើង។ “ទន្ទឹមនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីវឌ្ឍនភាព នៃសង្គមកម្ពុជា ដែលជាចំណែកនៃការចូលរួមរបស់យើងទាំងអស់គ្នា មិនថាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន វិស័យសាធារណៈ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ក្នុងការចូលរួម ធ្វើកិច្ចការធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបទ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Nancy J. Eslick នាយកបេសកកម្មរបស់អង្គការ USAID បានប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ក្រុមដែលឈ្នះនៅក្នុងពិធីប្រគល់រង្វាន់ដែលធ្វើឡើងនៅក្រសួងបរិស្ថាន។
លោក រស់ សោភា នាយកកិច្ចការសារធារណៈនៃក្រុមហ៊ុន Ezecom ដែលបានចូលរួម និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមអ្នកឈ្នះ បានមានប្រសាសន៍ថា៖ «សូមចូលរួមអបអរសាទរដល់ជ័យលាភីទាំង ៥ក្រុមដែលបានឈ្នះក្នុងការប្រកួតប្រជែងនេះ។ ក្រុមហ៊ុន Ezecom មានសេចក្តីសោមន្សរីករាយដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ និងគាំទ្រដល់រាជរដ្ឋាភិបាល និងដៃគូរក្នុងការរៀបចំជាកម្មវិធីនេះឡើង»។ តាមរយៈគោលនយោបាយទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ក្រុមហ៊ុន Ezecom តែងតែព្យាយាមបង្កើតគុណតម្លៃវិជ្ជមានតាមរយៈកិច្ចការជួយថែរក្សាបរិស្ថាន សកម្មភាពក្នុងសហគមន៍ សកម្មភាពជាមួយដៃគូនិងសាធារណៈស្របតាមបទដ្ឋាន CSR ហើយក្នុងនាមជាសមាជិកនៃវេទិកា CSR កម្ពុជា ក្រុមហ៊ុនមានវត្តមានជាប្រចាំក្នុងការចូលរួមឧបត្ថម្ភដល់សកម្មភាពគាំទ្រសង្គម និងព្រឹត្តិការណ៍ផ្សេងៗជាច្រើន រួមទាំងការឧបត្ថម្ភកម្មវិធីផ្នែកបរិស្ថាន ព្រឹត្តិការណ៍កីឡា ការអប់រំ ព្រមទាំងសន្និសីទបច្ចេកវិទ្យាជាដើម។



ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) ខ្មែរ ១០០ភាគរយនៅកម្ពុជា ក្រុមហ៊ុន Ezecom មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិចធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០ ហើយក៏បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើនផងដែរ។
អំពីក្រុមហ៊ុន Ezecom
ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន Ezecom យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម”។
ក្រុមហ៊ុនរបស់យើងខ្ញុំប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន Ezecom បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។


ទំនាក់ទំនងក្រុមហ៊ុន Ezecom
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១
គេហទំព័រ៖ www.ezecom.com.kh
