រាជធានីភ្នំពេញ៖ ដោយខកខានក្នុងការប្រារព្ធកម្មវិធីជួបជុំកម្សាន្តរបស់បុគ្គលិកអស់រយះពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និង ដើម្បីជាការចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំជាកម្មវិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខាអូតែ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ ជាមួយនឹងការរៀបចំខ្លួនតាមបែប ជំនាន់ទស្សវត្សទី៦០ ក្នុងគោលបំណងចូលរួមអភិរក្សអត្តសញ្ញាណខ្មែរ។


ដើម្បីញុំងអោយកម្មវិធីកាន់តែមានភាពអធិកអធម ក្នុងកម្មវិធីជប់លៀងនេះផងដែរ ក្រុមហ៊ុនបានរៀបចំជាការសំដែង របាំជូនពរ និង របាំត្រុដិ ពីក្រុមសម្តែងក្រុមវិចិត្រសិល្បៈ ។ ក្នុងនោះផងដែរ ក៏មានជាការបង្ហាញស្នាដៃសម្តែងរបស់បុគ្គលិកក្រុមហ៊ុនផ្ទាល់ដូចជា៖ ការច្រៀងចម្រៀង ដើរបង្ហាញម៉ូត ការសម្តែងរឿងខ្លី ។ បុគ្គលិកដែលរៀបចំខ្លួនលេចធ្លោរជាងគេក្នុងកម្មវិធី ក៏មានជាការផ្តល់រង្វាន់លើកទឹកចិត្តជូនដូចគ្នា។ ក្រៅពីនោះ ក៏មានការចាប់រង្វាន់ផ្សងសំណាង យកកាដូអនុស្សាវរីយ៍ជាច្រើនរួមមាន៖ ម៉ូតូ Honda Scoopy សេរ៊ីឆ្នាំ២០២១ ទូរទស្សន៍ ទូរទឹកកក កង្ហាល់ ឆ្នាំងដាំបាយអគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនប៉ូមធូលី និងរង្វាន់ផ្សេងៗទៀតរាប់រយរង្វាន់សម្រាប់គ្រប់បុគ្គលិកទាំងអស់។







ថ្លែងក្នុងកម្មវិធីសង្ក្រាន្តអ័រគីដេ នៅសណ្ឋាគារសុខា នោះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិ្តបត្តិទូទៅ នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលយើងបានមានឱកាសក្នុងការជួបជុំគ្នាម្តងទៀត បន្ទាប់ពីខកខានអស់មួយរយះកន្លងមក។ បន្ថែមពីនោះលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារទៅតាមផ្នែកនីមួយៗបានយ៉ាងល្អ និងជម្រុញអោយក្រុមហ៊ុនមានការវិវឌ្ឍន៍ទៅមុខយ៉ាងគួរអោយកត់សម្គាល់ និងមានឈ្មោះនៅលើទីផ្សារអភិវឌ្ឍន៍អចលនទ្រព្យ។ យើងសង្ឃឹមថា បុគ្គលិកទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ ស្រឡាញ់ និងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនអោយកាន់តែរលូតទៅមុខ ទាំងអស់គ្នា។



កន្លងមកក្រុមហ៊ុនអ័រគីដេ តែងតែរៀបចំកម្មវិធីជប់លៀង ដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានា និងកម្មវិធីជួបជុំផ្សេងៗ សម្រាប់បុគ្គលិកទាំងអស់ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិកគ្រប់ផ្នែក ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន៕
