នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើង នៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាស អំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួត ចំនួន៥ជុំផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ។

កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន ព្រមទាំងកីឡាករកង់ភ្នំ ជាច្រើននាក់ផ្សេងទៀត។
រៀបចំឡើងដោយ FLYING BIKES2 ក្រោមការគាំទ្រ ពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ រដូវកាល២០២២នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលាបក្នុងរាជធានីភ្នំពេញ និងឩទ្យានជាតិគិរីរម្យ។

លោក នូ ចំរើន បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា៖ «ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បានចូលរួមដល់ការអភិវឌ្ឍន៍ និងការរីកចម្រើន របស់វិស័យកីឡាកង់ភ្នំជាខ្លាំង ដោយសារវា គឺជាវេទិកាមហាជនមួយដ៏ល្អ ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ»។
លោកឲ្យដឹងទៀតថា កីឡាករកីឡាការនី ជម្រើសជាតិជាច្រើន ត្រូវបានជ្រើសរើសចេញពីព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដើម្បីបង្វឹកទៅជាកម្រិតខ្ពស់ ក្លាយជាកីឡាករអាជីពចេញទៅប្រកួត តំណាងប្រទេសជាតិ។
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានប្រសាសន៍ដែរថា៖ «ដោយមើលឃើញថា កីឡាកង់ភ្នំ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងមានប្រជាប្រិយភាពកើនឡើងខ្លាំង ពិសេសជោគជ័យដ៏ធំធេង ក្នុងរដូវកាលកន្លងទៅដែលមាន អ្នកចូលរួមយ៉ាងច្រើនកុះករនោះ ក្រុមហ៊ុនក៏សម្រេចបន្តឧបត្ថម្ភនាំយក ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាថ្មីម្តងទៀត»។

លោក Pierre Yves Catry បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានបន្ថែមជុំចំនួន២ទៀត គឺនៅខេត្តកំពត និងខេត្តសៀមរាប ដែលនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ រដូវកាលថ្មីនេះ កាន់តែទាក់ទាញសម្រាប់កីឡាករ»។
លោកឲ្យដឹងដែរថា រដូវកាលថ្មីនេះដែរ ក៏មានការដាក់ឲ្យដំណើរការនូវប្រពន័្ធ RFID ដែលជាឩបករណ៍ភ្ជាប់ ទៅនឹងកង់ដើម្បីអាចកត់ត្រា លទ្ធផលជាក់ស្តែង នៃការប្រកួតចូលទៅក្នុង ប្រព័ន្ធកំព្យូទ័របានភ្លាមៗ។ ប្រព័ន្ធថ្មីនេះ បូករួមជាមួយនឹងការកត់ត្រា ដោយគណៈកម្មាធិការផ្ទាល់ នៅទីលានប្រកួតនឹងធ្វើឲ្យការផ្តល់ពិន្ទុ កាន់តែមានភាពសុក្រិតបន្ថែមទៀត។
ការប្រកួតនឹងបែកចែកជា ១៤ វិញ្ញាសារផ្សេងគ្នាបើកស្វាគមន៍ ដល់មហាជនគ្រប់រូបអាចចូលរួម ប្រកួតបានទៅតាមប្រភេទ នៃវិញ្ញាសារនីមួយៗ។
ការចុះឈ្មោះអាចធ្វើឡើង តាមរយៈតំណភ្ជាប់ https://hello.last2ticket.com/ ។


សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia ៕
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!









