Event

ធនាគារ ស្ថាបនា ផ្តល់ជូនសេវា​ធនាគារ ឱ្យកាន់តែមាន​​ភាពងាយស្រួល ​​​តាម​រយៈ​ការចាប់​ដៃគូ​ ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី

ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា​ ដែល​​ជា​​ធនាគារ​ពាណិជ្ជ​ឈាន​​មុខគេ​មួយ​នៅ​​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​​ភាព​ជា​ដៃគូ​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃ​ធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់គ្នា (MOU) ដែល​រៀបចំ​ធ្វើឡើង​​នៅអគារ ស្ថាបនា ក្នុង​រាជធានី​ភ្នំពេញ។

ការចុះកិច្ចព្រមព្រៀង នេះ នឹងផ្តល់ជូននូវ​សេវា​ដក​ប្រាក់​ទូទាំង​ប្រទេស ដែល​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់​​ធនាគារ​ ស្ថាបនា អាច​ផ្ទេរ​ប្រាក់​ពីកម្មវិធី​ទូរស័ព្ទដៃ និងធនាគារចល័ត​​របស់​ខ្លួន​​ទៅ​កាន់​បង​ប្អូន ​និង​ក្រុម​គ្រួសារ​​​ ដោយ​អា​ច​ធ្វើការដក​ប្រាក់​​​ពី​ភ្នាក់ងារ​​ទ្រូម៉ាន់នី ឬ​ ពី​ម៉ាស៊ីន​អេធីអឹម (ATM) របស់​ធនាគារ ស្ថាបនា នៅ​ទូទាំង​ប្រទេស។

អតិថិជន​របស់​ធនាគារ​ ស្ថាបនា ដែល​ប្រើប្រាស់​សេវា​នេះ នឹង​អាច​ដក​ប្រាក់​នៅតាម​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើប្រាស់​ស្ថាបនា ម៉ូបាល ហើយ​​ដូចគ្នានេះដែរ អតិថិជន​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏​អាច​ដក​ប្រាក់បាន​​ពី​ម៉ាស៊ីន ATM របស់​ធនាគារ ស្ថាបនា ផងដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំមាន​​សេចក្តី​​សោមនស្ស​រីករាយយ៉ាងខ្លាំងចំពោះការសហការរ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងការ​​ផ្តល់​​ជូន​​អតិថិជន​របស់​យើង​​នូវ​ភាព​​ងាយ​​ស្រួល​បន្ថែម​ទៀត​​សម្រាប់​សេវា​ធនាគារ​ប្រចាំថ្ងៃ។ តាមរយៈកិច្ចសហការនេះ អតិថិជ​នរបស់​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង​មាន​លទ្ធភាព​កាន់តែ​ទូលំ​ទូលាយ​ក្នុង​ការ​​ប្រើ​​ប្រាស់​​សេវា​​ដក​ប្រាក់​​​ តាមរយៈ​​​​​វត្តមាន​​ដ៏​ទូលំ​​ទូលាយនៃក្រុមហ៊ុន TrueMoney នៅ​ក្នុង​ប្រទេសកម្ពុជា​​​»។

លោក អ៊ាប បូណារ៉ូ នាយក​ប្រតិបត្តិពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ផ្តល់​ជូន​​សេវាកម្ម​បន្ថែម​​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ យើង​ជឿ​ជាក់​ថា ភាពជា​ដៃគូរបស់​យើង​​ជា​មួយ​ធនាគារ ​ស្ថាបនា នឹងពិត​ជា​ផ្តល់​ភាពងាយស្រួល​សម្រាប់​សេវា​ហិរញ្ញវត្ថុ និងការទូទាត់​ដល់​អតិថិជន​របស់​យើង​ទាំង​ពីរ»។

ការ​ផ្តល់​ជូនថ្មី​នេះ នឹង​ដាក់​ឱ្យដំណើរការ​​​ក្នុង​ខែ​មិថុនា និងអនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ ស្ថាបនា និង​អតិថិជនរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ​ធ្វើ​ការ​​ទូទាត់ប្រាក់​​បានភ្លាមៗ តាមរយៈប្រព័ន្ធ​​បាគង​​របស់​​ធនាគារជាតិ​​នៃ​​កម្ពុជា។ លើស​​​ពី​នេះ អតិថិជន​ដែល​ប្រើប្រាស់​សេវាថ្មីមួយនេះ​ក៏​អាច​ដកប្រាក់​បានយ៉ាងងាយស្រួលដោយ​ប្រើប្រាស់​លេខទូរស័ព្ទ​របស់​អ្នក​ផ្ញើ និង​អ្នក​ទទួល៕

អំពី​ធនាគារ​ ស្ថាបនា

ធនាគារ ស្ថាបនា គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​មួយ​នៅកម្ពុជា ដែល​មាន​ទ្រព្យសកម្ម​សរុប​​ជាង ២,៤​ ពាន់លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ជាង ៤.០០០​នាក់។ យើង​មាន​បណ្តាញ​​សាខា​យ៉ាង​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សាខា​ជាង ១៧០​សាខា ស្ថាបនា ​ព្រីមារណ៍ចំនួន ៣ និង​ម៉ាស៊ីនអេធីអឹមជាង ២៥០។ យើង​ផ្តល់​ជូន​សេវា​ធនាគារ​យ៉ាងពេញ​លេញ​ដូចជា៖ សេវាឥណទាន សេវា​ប្រាក់​បញ្ញើ សេវា iBanking ធនាគារ​ចល័ត ប័ណ្ណ​ឥណពន្ធ និងប័ណ្ណ​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក ​និងក្រៅប្រទេស សេវា​ផ្ទេរ​ប្រាក់​​ឆ្លងប្រទេសន​ជា​មួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។ យើង​ក៏មានផ្តល់​ជូន​​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​​ថ្លៃ​សេវា​សាធារណៈ​ជា​មួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើង​សហការ​ជា​មួយ​ក្រុមហ៊ុន​​ផ្តល់​សេវា​ទូទាត់​ចល័ត​​ផ្សេង​ទៀត​ ដូចជា វីង, ផាយផេ, ទ្រីម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និង​បាគង ដើម្បី​ផ្តល់​ជូន​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​យើង៕

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍យ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

Most Popular

To Top