ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចែកចាយផលិតផលកាមេរ៉ា ជាមួយនឹងក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះគឺជា ការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរវាងសាជីវកម្ម បច្ចេកវិទ្យាដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុនផ្ដល់សេវា ICT ដ៏ធំបំផុតនៅកម្ពុជា ។
ទីផ្សារកាមេរ៉ាសុវត្ថិភាព (ឬកាមេរ៉ាឃ្លាំមើល) នៅក្នុងទីផ្សារកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី ១៥ ទៅ ៣០% ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែ ទីផ្សារនេះមានអ្នកផ្គត់ផ្គង់ដ៏ច្រើន ដែលក្នុងនោះក៏មានអ្នកផ្គត់ផ្គង់ខ្លះដែលចែកចាយទំនិញ ដែលមិនស្គាល់ប្រភពច្បាស់លាស់ ទៅឱ្យអ្នកប្រើប្រាស់ផងដែរ ។
ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងការផ្ដល់សេវាកម្ម អ៊ីនធឺណិតអចល័ត និងការផ្គត់ផ្គង់នូវផលិតផល ICT (បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍) រួមជាមួយនឹងសក្ដានុពលហិរញ្ញវត្ថុរឹងមាំ បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធសាខាគ្របដណ្ដប់ទូទាំងប្រទេស ក្រុមហ៊ុនមិត្តហ្វូននឹងជួយនាំយក ផលិតផលសុទ្ធដែលមាន គុណភាពល្អនិងតម្លៃសមរម្យ ទៅដល់ប្រជាជននិងក្រុមហ៊ុនអាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ។
តាមរយៈភាពជាដៃគូនេះ មិត្តហ្វូន ក្លាយជាក្រុមហ៊ុនចែកចាយ ផលិតផលកាមេរ៉ាដ៏ធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ។
លោក បួយ មិញ ប៊ិញ (Bui Minh Binh) អគ្គនាយករង ក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖“បច្ចុប្បន្ន នៅលើទីផ្សារ មានអ្នកផ្គត់ផ្គង់ជាច្រើនដែលចែកចាយទំនិញ ដែលមិនស្គាល់ប្រភពដើមច្បាស់ ។ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ Dahua ក្រុមហ៊ុនមិត្តហ្វូននឹងផ្ដល់ផលិតផលសុទ្ធ ក្នុងតម្លៃមួយដែលសមរម្យបំផុត ទៅដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកជំរុញអាជីវកម្ម ឱ្យងើបឡើងវិញលឿនរហ័ស បន្ទាប់ពីជំងឺឆ្លងរាតត្បាតបានធូរស្បើយ ។”
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការរវាងមិត្តហ្វូន និង Dahua នឹងនាំមកនូវជម្រើសច្រើនថែមទៀតសម្រាប់ផលិតផលកាមេរ៉ា សម្រាប់ទាំងអ្នកចែកចាយបន្ត និងទាំងអ្នកប្រើប្រាស់ (ដែលជាអាជីវកម្មក្ដី ជាគ្រួសារក្ដី) ។»
បន្ទាប់ពីបានដំណើរការអាជីវកម្មរយៈពេល ១៥ឆ្នាំ និងបានផ្ដល់សេវាជាង ១៣ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូន នៅបន្តរក្សាបានតំណែងលេខ១ នៅក្នុងទីផ្សារទូរសព្ទចល័ត និងអ៊ីនធឺណិតអចល័តនៅកម្ពុជា។ មិត្តហ្វូន ក៏ត្រូវបានចាត់ទុកជាអ្នកផ្ដល់ដំណោះស្រាយអភិវឌ្ឍន៍ឌីជីថលដ៏ធំជាងគេបំផុត ដល់ក្រុមហ៊ុននិងរដ្ឋាភិបាលនៅកម្ពុជាផងដែរ។
នៅឆ្នាំ២០២១ មិត្តហ្វូនបានទទួលពានរង្វាន់មាសចំនួន ៤ សម្រាប់ផលិតផល ៤ របស់ខ្លួន រួមមាន CamID, SIS System, eMoney e-wallet និងភាពយន្តភាគអប់រំផ្នែកព្រះពុទ្ធសាសនា «មាគ៌ាព្រះធម៌» និងត្រូវបានផ្ដល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្ដល់ពានរង្វាន់អន្តរជាតិ IBA International Award Organization ថាស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង ៥ ដែលបានទទួលពានរង្វាន់ច្រើនជាងគេបំផុតប្រចាំឆ្នាំ ។
ជាមួយនឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការចែកចាយ ផលិតផលកាមេរ៉ាម៉ាក Dahua ក្រុមហ៊ុនមិត្តហ្វូននឹងពង្រីកផលិតផលរបស់ខ្លួន និងពង្រឹងតំណែងលេខ១ របស់ខ្លួនកាន់តែរឹងមាំថែមទៀត នៅក្នុងការផ្ដល់សេវាកម្ម ចម្រុះនៅក្នុងទីផ្សារកម្ពុជា៕