Event

ណាហ្គាវើលដ៍ ផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិក មេដាយមាសកីឡាSEA GAMES នៅវៀតណាម

ភ្នំពេញ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ណាហ្គាវើលដ៍បានផ្តល់រង្វាន់ ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ស្មើនឹងទឹកប្រាក់សរុប ៨៨.០០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ខណៈកាលពី SEA GAMES ឆ្នាំ២០១៩ ណាហ្គាវើលដ៍បានឧបត្ថម្ភ ដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០ ដុល្លារ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក)។ 

ណាហ្គាវើលដ៍ បានផ្តល់ទឹកប្រាក់រង្វាន់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក) ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ប្រទេសកម្ពុជាបានឈ្នះមេដាយច្រើនបំផុត បំបែកឯតទគ្គកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣១ ក្នុងពេលថ្មីៗនេះដោយរកបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងសំរឹទ្ធិ ៤១ គ្រឿងសរុបស្មើនឹងមេដាយ ៦៣ គ្រឿង។ កាលពី SEA GAMES លើកទី៣០ កាលឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង រីឯ SEA GAMES លើកទី៣១ អត្តពលិកកម្ពុជាបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងវិញ្ញាសាឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់ ប៉េតង់៣នាក់ទល់៣នាក់នារី តៃក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម វ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់ ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។  

ពិធីប្រគល់រង្វាន់នេះ មានការចូលរួមពីគណៈអធិបតីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ប្រគល់មូលប្បទានបត្រ ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) ដល់ក្រុមអត្តពលិកមេដាយមាសវ៉ូវីណាម សម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ ជ្រិន ប៊ុនឡុង លី បូរ៉ាមី ប្រាក់ សុវណ្ណនី និងប៉ាល់ ឆរស្ម៊ី និងគ្រូបង្វឹក ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក)អមដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា យើងខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំង នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAMES លើកដំបូងនៅឆ្នាំក្រោយ។ មេដាយមាសកាលពីពេលថ្មីៗ របស់អត្តពលិករបស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវ ឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ដែលបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្រ រហូតដល់យើងទទួលបាន ជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើន សម្រាប់ការប្រកួតលើឆាកអន្តរជាតិ។ 

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយមកដល់បច្ចុប្បន្នមានរយៈពេល ១០ ឆ្នាំ។ ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦.០០០ ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក) អត្តពលិកមេដាយមាសក្រុម ១០.០០០ ដុល្លារ(មួយម៉ឺនដុល្លារអាមេរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០ដុល្លារ(មួយពាន់ដុល្លារអាមេរិក) ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។ 

គួរដឹងផងដែរថា ណាហ្គាវើលដ៍នឹងបន្តគាំទ្រ ដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡា ក្នុងប្រទេសកម្ពុជា ដោយមានកម្មវិធីសហគមន៍ជាច្រើនផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍ បេះដូងសប្បុរសដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បានឧបត្ថម្ភដោយផ្ទាល់ ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាព នៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែខ្លាំងមួយកម្រិតទៀត ដល់អត្តពលិករបស់ព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top