ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា បានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅ ក្នុងវិស័យផលិតស្រាបៀរ ជាមួយនឹងការបន្តនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតចូលមកកាន់ទីផ្សារ ដែលថ្មីៗនេះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ក្នុងការនាំយក Craft Beer ដំបូងដែលនឹងមានលក់ផ្តាច់មុខ នៅក្នុងភោជនីយដ្ឋាន Mastercraft Microbrewery ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។
លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថា ផលិតផលថ្មី Craft Beer របស់ក្រុមហ៊ុនគឺមានឈ្មោះថា Cambodia Mastercraft ដែលនឹងមានរសជាតិ ផ្សេងគ្នាជាច្រើន ផលិតឡើង ដើម្បីបំពេញតម្រូវការអតិថិជន ស្របពេលដែលសន្ទុះ នៃការនិយមចូលចិត្ត ពិសាស្រាបៀរស្រស់បែបនេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកឲ្យដឹងទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកស្រាបៀរ Cambodia Mastercraft ផ្តាច់មុខសម្រាប់ភោជយនីដ្ឋាន Mastercraft Microbrewery ដែលជាកន្លែងល្អបំផុត ដើម្បីសម្រាកញុំាអាហារ និងស្រាបៀរស្រស់ ក៏ដូចជាចែករំលែក ការសើចសប្បាយ និងបង្កើតពេលវេលាល្អៗសម្រាប់អតិថិជន។
លោកបណ្ឌិត Zvonimir Nemet ឲ្យដឹងថា ភោជនីយដ្ឋាន Mastercraft Microbrewery ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាកន្លែងដែលសក្តិសមបំផុត ក្នុងការបើកលក់ស្រាបៀរ Craft Beer ដំបូងរបស់ក្រុមហ៊ុន ព្រោះមណ្ឌលផ្សារទំនើបមួយនេះ ស្ថិតចំកណ្តាលទីក្រុង ដែលមានអ្នករស់នៅច្រើនកុះករ គួបផ្សំនឹងការកម្សាន្តដ៏សម្បូរបែប មាននៅទីនោះផងដែរ។
លោកបញ្ជាក់ទៀតថា ខ្មែរ ប៊ែវើរីជីស នឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនផលិតផល ដែលស្របតាមតម្រូវការ របស់អតិថិជនឱ្យបានពេញលេញ ក៏ដូចជាពង្រីកខ្លួនកាន់តែធំ នៅក្នុងវិស័យផលិតស្រាបៀរផងដែរ។
ជាមួយនឹងរោងចក្រស្តង់ដារអន្តរជាតិ ដ៏ធំស្គឹមស្គៃលាតសន្ធឹង លើផ្ទៃដីយ៉ាងធំក្នុងខណ្ឌដង្កោ ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយនេះ មានម៉ាកផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំងពេញទីផ្សារ។
ចំពោះវិស័យស្រាបៀរវិញ ក្រុមហ៊ុនដែលឈានមុខគេ ក្នុងការច្នៃប្រឌិត និងរិះរកផលិតផលថ្មីៗមួយនេះ បានបន្តពង្រីកផលិតផល ជាហូរហែទាំងប្រភេទកំប៉ុង និងដបដើម្បីបំពេញតម្រូវការអតិថិជន។
ខ្មែរ ប៊ែវើរីជីស បានផលិតស្រាបៀរ កម្ពុជាដំបូងនៅឆ្នាំ ២០១១ រួចដល់ឆ្នាំ២០១៩ ក្រុមហ៊ុនក៏បានប្តូរសំបកកំប៉ុងវេចខ្ចប់ថ្មី យ៉ាងទាក់ទាញផ្តល់នូវអារម្មណ៍ ប្លែកដល់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ នៅខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនក៏បានប្តូររូបរាង ដបថ្មីនៃស្រាបៀរ កម្ពុជាយ៉ាងល្អប្រណិតបំផុត ដោយទទួលបានការសរសើរជាខ្លាំង ពីអតិថិជនទោះស្ថិតក្នុង សម័យកូវីដ១៩ក៏ដោយ។
នៅដើមឆ្នាំ២០២២នេះ ក្រុមហ៊ុនបានផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកដបដំបូងបំផុត ដោយប្រើបច្ចេកវិទ្យាមិនធ្លាប់មាន នៅកម្ពុជា ហៅថា Flash Pasteurization ហើយទទួលបានការពេញចិត្ត ពីអតិថិជនជាខ្លាំង ជាមួយនឹងរសជាតិស្រស់បំផុត និងលក្ខណៈពិសេសជាច្រើន ដែលមិនធ្លាប់មានពីមុនមក៕