សូមចូលរួមអបអរដំរីភ្លុកពិឃាត ផល សោភ័ណ្ឌក្លាយជា កីឡាករប្រដាល់គុនខ្មែរដំបូងគេ នៅកម្ពុជាដែលបានគ្រងខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរ និងឈ្នះប្រាក់សុទ្ធរហូត ៤៨ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងព្រឹត្តិការណ៍WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសដែលបានបិទបញ្ចប់រដូវកាលទី១ កាលពីយប់ថ្ងៃសោរ៍ទី៣០ ខែកក្កដា។

ផល សោភ័ណ្ឌ បានធ្វើដំណើរឆ្លងកាត់ខេត្តក្រុង ជាច្រើនទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣ខែ កន្លងមកនេះ និងបានប្រកួតជាមួយកីឡាករ ជាច្រើនមុនយប់ផ្តាច់ព្រ័ត្រ នៅទឹកដីកំបូលដោយបានផ្តួលដៃគូប្រកួត ឡុង បេនលឿន ឲ្យសន្លប់ក្នុងទឹកទី១ និងក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិ។
ក្នុងនោះដែរ កីឡាករ ឡុង បេនលឿន ជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់ ២៤ លានរៀល កីឡាករ សោម វិច្ឆ័យ ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់ ៨ លានរៀល កីឡាករ ម៉ន ព្រហ្មម៉ាញ ជាប់ចំណាត់ថ្នាក់លេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល រីឯកីឡាករ ៨ រូបទៀតដែលបានចូលរួមព្រឹត្តិការណ៍នេះ ទទួលបានទឹកប្រាក់លើកទឹកចិត្តម្នាក់ ៤ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សរុបរង្វាន់ទាំងអស់ចំនួន ១២០ លានរៀល។
ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងគាំទ្រដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាព្រឹត្តិការណ៍លំដាប់ប្រទេសដំបូងគេ ដែលនាំយកខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរមកកម្ពុជា និងផ្តល់ប្រាក់រង្វាន់សម្រាប់កីឡាករច្រើនលើសលប់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃការផ្តល់រង្វាន់សម្រាប់កីឡាករ ប្រដាល់គុនខ្មែរ ពិសេសព្រឹត្តិការណ៍នេះ បានធ្វើឲ្យក្បាច់គុនខ្មែរ កាន់តែល្បីរន្ទឺទាំងក្នុង និងក្រៅស្រុក។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងក្នុងវគ្គផ្តាច់ព្រ័ត្រថា ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ពិតជាបានចូលរួម លើកស្ទួយវិស័យសិល្បៈវប្បធម៌ នយោបាយសេដ្ឋកិច្ច ទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ពិសេស កម្មវិធីនេះក៏បានចូលរួមជាមួយ ផែនការអភិរក្សក្បាច់គុនបុរាណខ្មែរ បង្កើតប្រាក់ចំណូលដល់ក្រុមកីឡាករ និងពង្រឹងសមត្ថភាពរបស់មន្ត្រីបច្ចេកទេស ព្រមទាំងកីឡាករក្នុងការត្រៀមលក្ខណៈសម្បត្តិ ឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសប្រកួតព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២។
ក្នុងនោះដែរ លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងដែរថា ភេសជ្ជៈប៉ូវកម្លាំងវើកគាំទ្រការប្រដាល់ក្បាច់គុនខ្មែរ ក៏ដូចជារាល់ការតស៊ូទាំងអស់របស់កីឡាករ។
ដោយមើលឃើញពីសារៈសំខាន់ នៃព្រឹត្តិការណ៍នេះក៏ដូចជាជោគជ័យយ៉ាងធំធេង ក្នុងរដូវកាលទី១ លោក បណ្ឌិត អ៊ឹម សុធារិទ្ធ បានបង្ហើបថា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងបន្តនាំយក WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាថ្មីម្តងទៀតនារដូវកាលក្រោយនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ពីមួយវគ្គទៅមួយ បានផ្តល់ផ្ទាំងទស្សន័យភាពអស្ចារ្យសប្បាយរីករាយជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទាក់ទាញអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ លើសពីការរំពឹងទុកជាខ្លាំង៕








