Event

ធនាគារ ស្ថាបនា ចាប់ដៃគូជាផ្លូវការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ប្រែ​ក្លាយ​ភ្នាក់ងារ​ទ្រូម៉ាន់នី​ ​​ក្នុងការផ្តល់សេវាដកប្រាក់ដូចជា​​ម៉ាស៊ីនអេធីអឹម

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ​ ស្ថាបនា ដែល​​ជា​​ធនាគារ​ពាណិជ្ជ​ឈាន​​មុខគេ​មួយ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើមកិច្ចសហការ​ដៃគូ​ជា​ផ្លូវ​ការ ​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​​ហិរញ្ញវត្ថុ​ដ៏​​ល្បី​​ឈ្មោះ​​មួយ​​នៅ​កម្ពុជា។

តាមរយៈភាព​ជាដៃគូ​នេះ​ ​អតិថិជន​របស់​ធនាគារ ស្ថាបនា អាចដក​សាច់​ប្រាក់​ពី​ភ្នាក់ងារ ទ្រូម៉ាន់នី​ ណា​មួយ​ក្នុង​​ចំណោម​ភ្នាក់ងារ​ទ្រូម៉ាន់នី​ជាង ១ម៉ឺនទីតាំង​នៅ​ទូទាំង​ប្រទេស ដែលមានភាពងាយស្រួល​​ដូច​ទៅនឹង​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះ​ដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ធនាគារ ស្ថាបនា យើង​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​​លើ​ការច្នៃ​ប្រឌិត ដើម្បីបន្ត​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។ ការ​ប្រែ​ក្លាយ​​រាល់​ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹង​​ម៉ាស៊ីន អេធីអឹម អាច​ឱ្យ​យើង​ផ្តល់​​សេវា​​ធនាគារ​ប្រចាំថ្ងៃកាន់តែងាយស្រួល​ដល់​អតិថិជន​របស់​យើង​មិន​ថា​ពួកគេ​រស់​នៅ​ទីណា​នោះ​ទេ។ ជាក់ស្តែងណាស់ សេវា​ធនាគារ​​​​ដ៏ទូលំទូលាយមួយនេះ ​ អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ផ្ញើ​ប្រាក់​ទៅ​កូនៗ​​នៅ​​ទីក្រុង ឬ ​ឪពុក​ដែល​ធ្វើការ​នៅទីក្រុងអាច​ផ្ញើ​ប្រាក់​ទៅ​ម្តាយ​របស់ពួក​គាត់​នៅ​ឯ​ខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែល យើងមាន​ម៉ាស៊ីនអេធីអឹម និង​បណ្តាញ​សាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាព​ជា​ដៃគូ​ជា​មួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះ​នឹង​ពង្រឹង​វិសាលភាព​ និង​ផ្តល់​ជម្រើស​កាន់តែ​​​ច្រើនបន្ថែមទៀត​​ដល់​អតិថិជន​របស់​យើង»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមាន​​ប្រសាសន៍​ថា៖ «សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​នានា​ផ្តល់​​ជូនកំពុង​​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​កម្ពុជា។ តាម​រយៈ​​ភាព​ជាដៃគូ​នេះ យើង​នឹង​​អាច​​​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​​​បន្ថែម​​ទៀត និង​ផ្តល់​ជូន​​សេវាកម្ម​​តម្លៃ​បន្ថែម​ផ្សេងៗ ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​និង​​ទូទាត់​ប្រកប​ដោយ​ប្រសិទ្ធភាព និងរលូន»។

ដើម្បី​ជំរុញ​កិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់​ជូននូវ​ប្រូម៉ូសិន​ពិសេស “​ឥត​គិត​ថ្លៃ​សេវា​រយៈ​ពេល ៣​ខែ” ដល់​អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ដក​ប្រាក់​នៅ​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើ​មុខងារ “Human ATM” នៅ​លើ​កម្មវិធី​ស្ថាបនា ម៉ូបាល (Sathapana Mobile) ដែល​​ជា​កម្មវិធី​​ទទួល​បាន​ពាន​​រង្វាន់ដ៏មាន​កិត្យានុភាព​។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។  

ប្រូម៉ូសិន​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​ចាប់​ពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២២ នេះ​ត​ទៅ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមាន​បន្ថែម​ទៀតក្នុងពេលឆាប់ៗនេះ៕

អំពី​ ធនាគារ​ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  

TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន។ 

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពី​នេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

Most Popular

To Top