សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នៅថ្ងៃនេះ។ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការចាប់ពីខែមីនា ដល់រហូតដល់ខែកក្កដា ឆ្នាំ២០២២។
ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះបានទទួលបានជិត ៩០ ពាក្យពីក្រុមហ៊ុនដែលមកពី វិស័យផ្សេងៗគ្នា ដែលក្នុងនោះពាក្យចំនួន ៥០ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យកសិកម្ម ២៦ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យផលិតកម្ម និង ៨ ទទួលបានមកពីក្រុមហ៊ុន ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយ ក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាបានបន្ថយការរឹតបន្តឹង ការធ្វើដំណើរក្នុងប៉ុន្មានខែចុងក្រោយនេះ រួមជាមួយនឹងប្រទេសដទៃទៀត នៅទូទាំងពិភពលោក កម្មវិធីនេះគឺបង្កើតឡើងយ៉ាងពិសេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានការលើកទឹកចិត្ត ក្នុងការអភិវឌ្ឍទីផ្សារនាំចេញថ្មី។ ការពង្រីកលទ្ធភាពទៅកាន់ទីផ្សារ អន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមមួយរបស់ សហគ្រិនខ្មែរ ដើម្បីស្របតាមយុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ចក្រោយសម័យកាលកូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា”។
សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី ១បានលើកឡើងថា៖ “កម្មវិធី EMDG គឺជាឱកាសដ៏ល្អសម្រាប់ សហគ្រាសធុនតូច និងមធ្យម ទាំងអស់ក្នុងការបង្កើនសក្តានុពលនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងអនុញ្ញាតឱ្យ សហគ្រាសធុនតូច និងមធ្យម អាចធ្វើការវិនិយោគក្នុងសកម្មភាព លើកកម្ពស់ការនាំចេញ កាន់តែច្រើនថែមទៀត”។
ជាមួយនឹងមតិកែលម្អពី សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី១ កម្មវិធី EMDG វគ្គទី២ នេះត្រូវបានរចនាឡើងដើម្បីផ្តល់ អត្ថប្រយោជន៍បន្ថែមទៀតដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ ទីផ្សារនាំចេញរបស់ពួកគេជាមួយ នឹងដំណើរការនៃកម្មវិធី និង ការដាក់ពាក្យដែលកាន់តែមាន ភាពងាយស្រួលជាងមុន។
កម្មវិធី EMDG វគ្គទី២ នឹងផ្តល់ជាការទូរទាត់ឱ្យវិញរហូតដល់ ៥០% នៃការចំណាយសរុបទាក់ទងនឹង ផែនការអភិវឌ្ឍន៍ទីផ្សារនាំចេញ។ ជាមួយនឹងវិធីសាស្រ្តទូរទាត់ការចំណាយ សហគ្រាសធុនតូច និងមធ្យម អាចរៀបចំផែនការសកម្មភាព ផ្សព្វផ្សាយនាពេលអនាគត និងកសាងទីផ្សារនាំចេញ ប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។
ការអភិវឌ្ឍទីផ្សារអន្តរជាតិ និងសកម្មភាពលើកកម្ពស់ ការនាំចេញមានសារៈសំខាន់ណាស់សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការនាំចេញ ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានរំខាន ដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩។ កម្មវិធី EMDG ត្រូវបានបង្កើតឡើងជាពិសេសដើម្បីគាំទ្រ សហគ្រាសនាំចេញ និង សហគ្រាស ដែលមានបំណងចង់នាំចេញ ឱ្យបោះជំហានទៅមុខ អភិវឌ្ឍ និងពង្រីកទីផ្សារនាំចេញជាសកល។
កម្មវិធីនេះបើកទទួលពាក្យពី ក្រុមហ៊ុនចុះបញ្ជីនៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី EMDG និងលក្ខន្តិកៈ ផ្សេងៗអាចស្វែងរកបាននៅក្នុងគេហទំព័រ https://emc-consulting.asia/2022/08/02/launch-of-kes-export-market-development-grant-emdg-cohort-2/
ដាក់ពាក្យមកកាន់កម្មវិធី EMDG តាមរយៈ៖ https://bit.ly/3AQquwS
ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២
សម្រាប់ចម្ងល់បន្ថែម សូមចុះឈ្មោះចូលវគ្គព័ត៌មាន របស់យើងតាមរយៈ៖ https://bit.ly/3Pygsoi