Event

ក្រុមសាស្រ្តាចារ្យ​​​​ឈ្មោះ Hatka ទទួលបានជ័យលាភីចំណាត់​ថ្នាក់​លេខមួយ​ក្នុងកម្មវិធី​ SmartStart Lecturer Hackathon ដំបូងបំផុត​​​ដោយ​ទទួលបាន​ឱកាស ធ្វើ​ដំណើរទស្សនកិច្ច​សិក្សា បច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៖ សាស្ត្រាចារ្យមួយក្រុមមកពីសាកលវិទ្យាល័យចំនួន៣ ផ្សេងគ្នាបាន​ជ័យលាភីចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្ររបស់កម្មវិធី Lecturer Hackathon ដែលជាកម្មវិធីលើកដំបូងរបស់ SmartStart Unipreneur Learning Platform (SmartStart ULP) ក្នុងការប្រកួតប្រជែងដែលមានបំណងលើកកម្ពស់ជំនាញបង្រៀន សហគ្រិនភាពដល់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។

កម្មវិធី Lecturer Hackathon នេះ​គឺជាព្រឹត្តិការណ៍​ដំបូង​​បំផុតសម្រាប់សាស្រ្តាចារ្យ​​​ ដែល​កន្លង​មកធ្លាប់​​បាន​ធ្វើ​ជាមួយ​​ក្រុម​​និស្សិត ដើម្បី​​លើក​កម្ពស់ការ​យល់​ដឹង​និង​ការប្រាស្រ័យទាក់​ទងឱ្យ​​កាន់​តែប្រសើរ​ឡើងរវាង​សាស្រ្តាចារ្យ​​​​និង និស្សិត​កម្ពុជា ដើម្បី​ឱ្យ​​​​យុវជន​​ជំនាន់​​ក្រោយ​​ត្រៀម​ខ្លួន​សម្រាប់​ភាពជាសហគ្រិនឌីជីថល។ ក្រៅ​ពី​​ការ​​លើក​កម្ពស់​ការ​យល់​ដឹង និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត កម្មវិធី Lecturer Hackathon ក៏បានលើកទឹកចិត្តឱ្យ​មាន​ការប្រាស្រ័យទាក់ទង និងការ​ធ្វើ​ការងារ​ជា​ក្រុម​រវាងសាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុងប្រទេសកម្ពុជា​ផងដែរ ខណៈ​ដែល​សាស្ត្រាចារ្យមក​ពីស្ថាប័ន​ផ្សេងៗ​គ្នា​បាន​ចូល​រួមគ្នាជាក្រុមដើម្បីធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ផ្សេងទៀត។

ក្រោមកិច្ចសហការ​រវាង​​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartStart ULP Hackathon ក៏មានបំណងផ្តល់ឱកាសដល់​សាស្ត្រាចារ្យសាកលវិទ្យាល័យឱ្យ​យល់ដឹងកាន់តែច្បាស់អំពីតម្រូវការផ្នែក​សហគ្រិន និងការអប់រំរបស់និស្សិត​​របស់​ពួកគាត់ ដោយអនុញ្ញាតឱ្យពួក​គាត់​​ស្វែង​យល់​​ពីបទពិសោធន៍របស់​​​សិស្សនៅ​ក្នុង​បរិយាកាសកម្មវិធី Lecturer Hackathon ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង។

ក្រុម​ដែល​​ទទួល​បាន​ជ័យ​លាភី មានឈ្មោះថា Hatka ដែលប្រមូល​ផ្តុំ​ដោយ​សាស្ត្រាចារ្យ​មក​ពី​​សាកលវិទ្យាល័យ​ CamTech សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​អង្គរ។ សាស្ត្រាចារ្យទាំង​បី​នាក់នៅក្នុង​ក្រុមដែលទទួលបានជ័យជម្នះ​​​ បានទទួលនូវរង្វាន់ជាការធ្វើ​ដំណើរទស្សនកិច្ចសិក្សា​ផ្នែក​បច្ចេកវិទ្យានៅប្រទេសសិង្ហបុរី​​ ​ដែល​រាល់ការចំណាយត្រូវបានរ៉ាប់រង​​ទាំង​ស្រុង​​ដោយ​ក្រុមហ៊ុន Smart Axiata។ ទស្សនកិច្ចសិក្សានេះមាន​រួម​បញ្ចូលទាំង​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន «បច្ចេកវិទ្យាធំៗ» ផងដែរ​ដូចជាក្រុមហ៊ុន Google ។ ក្រុម​ដែល​ឈ្នះក៏​នឹង​ធ្វើ​ដំណើរ​​​ទៅ​ទស្សនា​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​ស្ថាប័ន​នេះ​គាំទ្រ​ដល់​សហគ្រិន​នៅ​ក្នុងសាកល​វិទ្យាល័យ​នោះ​ផងដែរ។

ភាពច្នៃ​ប្រឌិត​ដែលនាំឱ្យ​ក្រុម Hatka ទទួលបាន​ជ័យ​ជម្នះនោះគឺជាវេទិកា ​​​មានមូលដ្ឋាន​លើ​គេហទំព័រ ដែល​ភ្ជាប់ទំនាក់ទំនង​រវាង​​និស្សិត​សាកលវិទ្យាល័យ​ដែលកំពុងស្វែងរកកន្លែងចុះ​កម្មសិក្សាជា​មួយ​ក្រុមហ៊ុន​ដែល​កំពុងស្វែងរក​អ្នក​ហាត់ការ។

ឯកឧត្តម​បណ្ឌិត អ៊ុម រម្យណី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ថា៖ «SmartStart គឺ​ជាកិច្ចសហការ​ជា​មួយ Impact HUB Phnom Penh ដើម្បីលើកកម្ពស់សកម្មភាព SmartStart ដូចជា​កម្មវិធីLecturer Hackathon ជាដើម។ កម្មវិធី Lecturer Hackathon មាន​គោលបំណង​ផ្តោតលើ​សាស្ត្រាចារ្យ​និង​គ្រូបង្គោល​មួយ​ចំនួន​នៅ​កម្ពុជា។ តាម​រយៈ​ការ​ផ្តល់​ឱកាសដល់​គ្រូ​បង្រៀន និងគ្រូបង្គោលនៅ​ប្រទេស​យើង​ដែលបានចូល​រួមក្នុងកម្មវិធីនេះ អ្នករៀបចំ​កម្មវិធី​សង្ឃឹម​ថា សាស្ត្រាចារ្យ​នឹងយល់​កាន់តែច្បាស់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​របស់សហគ្រិន»។

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន​៩ ក្នុង​រាជធានីភ្នំពេញ ស្វាយរៀង សៀមរាប និងបាត់ដំបង បានចូលរួមក្នុងកម្មវិធី SmartStart ULP Lecturer Hackathon រយៈពេល ៣ថ្ងៃ។ ពួកគាត់​​រួមគ្នា​បង្កើត​បា​ន​ជា​ក្រុម​​ចំនួន ៦ ដែលមានឈ្មោះថា JEANG, HATKA, ANAKUT, TORSU, BOSDOM និង THNAL LEARNING។

ក្រុមទាំង​៦ ដែល​ចូលរួម​ក្នុងកម្មវិធី Lecturer Hackathon នេះ​បានប​ង្កើត​គំនិតច្នៃប្រឌិតថ្មី វាយ​តម្លៃភាព​ប្រកួត​ប្រជែង​របស់​ខ្លួន ហើយបាន​ធ្វើ​តេស្ត​​គំរូដើម (Prototype) ជាមួយការសាកល្បង​យុទ្ធសាស្រ្ត​ចូលទីផ្សារ (go-to-market) ចូលរួមធ្វើការងារជាក្រុម និងអនុវត្តការងារជាច្រើន​ផ្សេងទៀតដែលត្រូវបានបង្កើត​ឡើង​ដើម្បីស្វែង​យល់​ពី​និស្សិត​​​​របស់ខ្លួន និង​ដើម្បី​ផ្តល់ឱ្យ​​និស្សិត​ទាំងនោះ ​នូវ​បទពិសោធ​ផ្ទាល់​អំពី​សហគ្រិនភាព។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តី​ទីរបស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖ «វាគឺ​ជា​បេសកកម្មរបស់​ក្រុមហ៊ុន Smart Axiata ក្នុង​ការ​ក្លាយ​ជា​អ្នកគាំទ្រ​ខាង​​ផ្នែក​ឌីជីថល ដើម្បី​ជួយ​​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំប្រឹង​ប្រែង​​​​​ជំរុញ​​វិស័យបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រតាម​ប្រព័ន្ធ​ឌីជីថលសំដៅ​ជាប្រយោជន៍ដល់​ប្រទេសជាតិ និង​សេដ្ឋកិច្ច។ ក្រុមហ៊ុន Smart Axiata ​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​ការរីកចម្រើន​យ៉ាងឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈការ​វិនិយោគ​លើ​យុវជន​​ជំនាន់​ក្រោយរបស់កម្ពុជា និង​អ្នក​ដែលបង្រៀន​ពួកគេ។ យើង​នៅ​​ក្រុមហ៊ុន Smart Axiata មាន​ការ​ស្ញប់ស្ងែងយ៉ាង​ខ្លាំង​ទៅនឹង​គំនិត​​ច្នៃ​ប្រឌិត​របស់​គ្រប់សាកលវិទ្យាល័យ​ទាំងអស់ និងការធ្វើការងារជា​ក្រុម​ ​ដែល​​យើង​​បាន​ឃើញ​ក្នុងពេល​ធ្វើបទ​​​បង្ហាញ។ យើង​​មិន​​ត្រឹម​តែ​អបអ​សាទរ​​ដល់​​ក្រុម​​ Hatka ដែល​​ទទួល​​បាន​​ជ័យ​​ជម្នះប៉ុណ្ណោះទេ ប៉ុន្តែ​​ខ្ញុំ​​ក៏​សូម​កោត​​សរសើរ​​ដល់​​សាកល​វិទ្យាល័យ និង​ក្រុម​ទាំងអស់​​ដែល​បាន​​រួម​គ្នា​ចូល​​រួម​​ក្នុង​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ»។

ព្រឹត្តិការណ៍​​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ដ៏​ធំ​នេះ​​ត្រូវ​បាន​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ពុធ​ ទី​៧ ខែ​កញ្ញា នៅ​សណ្ឋាគារ ពូឡូវ៉ៃ រាជធានី​ភ្នំពេញ។ មានអ្នកចូលរួម​​​ប្រហែល ៦០​នាក់ រួម​ទាំង​សាស្ត្រាចារ្យ អ្នករៀបចំកម្មវិធី និង​​មន្ត្រីរាជការ​​បាន​​ចូលរួម​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ។

កញ្ញា Melanie Mosard នាយកប្រតិបត្តិ​ Impact Hub Phnom Penh បាន​មាន​ប្រសាសន៍​ថា៖ «កម្មវិធី Hackathon គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​អំពី​ទេពកោសល្យ​ក្នុង​ការ​បង្រៀន និង​ការ​បង្វឹក​​ដែល​មាន​នៅ​​កម្ពុជា។ ដោយ​សារ​តែ​​កម្មវិធី peer-to-peer បានធ្វើអោយ​សាស្ត្រាចារ្យ​នីមួយៗ​ អាចលើក​បង្ហាញ​និង​ចែក​រំលែក​អំពី​របៀប​ដែលពួកគាត់​អាច​អនុវត្ត​វិធីសាស្រ្តដែល​បាន​ប្រើនៅ​ក្នុងកម្មវិធី Hackathon ទោ​​សាកលវិទ្យាល័យ​ របស់ខ្លួន​ផ្ទាល់​។ ជា​ចុងក្រោយ យើង​សង្ឃឹម​ថា បទពិសោធ​ជាក់​ស្តែងនេះ​បាន​បំផុស​គំនិតដល់​​​​សាស្ត្រាចារ្យជំនាន់​ថ្មី​​​​​ដែល​នឹង​បង្រៀន​អំពី​សហគ្រិនភាព​នៅទូទាំង​ប្រទេស​កម្ពុជានៅ​ក្នុង​សាកលវិទ្យាល័យ​រៀងៗខ្លួនរបស់ពួកគាត់»។

ជា​ផ្នែកមួយនៃការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart Axiata ចំពោះកា​រអភិវឌ្ឍ​ឌីជីថល និងសហគ្រិនភាព​នៅ​កម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន​បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) មួយ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍, Impact Hub Phnom Penh និងសាកលវិទ្យាល័យកម្ពុជាចំនួន១០ ដើម្បី​ផ្តល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល SmartStart Unipreneur Learning Platform (SmartStart ULP) ដែល​ផ្តល់​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​នូវ​គំនិត​សហគ្រិនភាព និង​សមត្ថភាព​បច្ចេកទេស រួមទាំង​ការ​ប្រើប្រាស់​សំខាន់ៗនូវ​ជំនាញ​បច្ចេកវិទ្យា​ដែល​ពាក់​ព័ន្ធទៅនឹង​ទីផ្សារ​កម្ពុជា។

កម្មវិធី​ SmartStart ULP ត្រូវ​បាន​កំពុង​ដាក់​អនុវត្តនៅ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​​​បាត់ដំបង,​ សាកល​វិទ្យាល័យអង្គរ, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា (CamTech)​។​ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Learning Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឫចូលទៅកាន់  http://www.smartstart.com.kh/ ៕

Most Popular

To Top