ភ្នំពេញ៖ ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាង នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការ សាកល្បងក្នុងពេលថ្មីៗនេះ។

ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើយ៉ាងឲ្យសេវាកម្ម និងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជន គ្រប់ពេលវេលា ប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធនេះ លោក ជា ចាន់ តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានពាណិជ្ជកម្ម ក្នុងវិស័យធុរៈកិច្ចជាច្រើន នឹងទទួលបានសមិទ្ធផល ល្អប្រសើរជាបន្តបន្ទាប់ ហើយបានរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះធនាគារ ជីប ម៉ុង ទទួលបានអាជ្ញាប័ណ្ណ ប្រតិបត្តិការធនាគារពាណិជ្ជ នៅដើមឆ្នាំ២០១៩ និងបានបង្កើតសាខាធនាគារ ជាច្រើនកន្លែង ។ ជាក់ស្ដែងការដាក់ដំណើរការជាផ្លូវការ ធនាគារជីបម៉ុងសាខា ២៧១មេហ្កា ម៉ល នាពេលនេះ គឺស្ថិតនៅក្នុងផ្សារ ទំនើបខ្នាតធំ ដែលបង្កើនភាពងាយស្រួល ដល់ការបម្រើសេវាកម្ម ជូនអតិថិជនកាន់តែប្រសើរឡើង ។

លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា សង្ឃឹមជឿជាក់ថា ធនាគារ ជីប ម៉ុង នឹងបន្តចូលរួមចំណែក ក្នុងការពង្រីកសេវាធនាគារ ឲ្យកាន់តែទូលំទូលាយ តាមរយៈការនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា និងផលិតផលហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតំម្រូវការរបស់អតិថិជន បន្ថែមទៀត នៅពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត និងបន្តគោរតាមច្បាប់ និងបទបញ្ញត្តិប្រុងប្រយ័ត្ន ដែលមានជាធរមានតទៅទៀត ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងពីសមិទ្ធផល ដែលទទួលបានកន្លងមកថា “ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបញ្ចេញផលិតផលថ្មីមួយទៀត ទៅក្នុងទីផ្សារ គឺផលិតផលកាតដែលនឹងនាំយក អត្ថប្រយោជន៍ដែលពុំមានពីរ ប្រកបដោយប្រណីតភាព និងសម្បូរបែបបំផុ តមកជូនអតិថិជនរបស់យើង ក្នុងពេលឆាប់ៗផងដែរ។”
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល៕












