ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន ៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាសម្រាប់ស្ត្រី។ សិក្ខាកាមត្រូវបានជ្រើសរើសតាមរយៈកម្មវិធីជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (Women in Sales Empowerment ឬ WiSE) ដែលជាកម្មវិធីថ្មីមួយត្រូវបានបង្កើតឡើងដើម្បីជួយស្ត្រីឱ្យពង្រីកអាជីពផ្នែកលក់របស់ពួកគេដោយទទួលបានការបណ្តុះបណ្តាលនិងការគាំទ្រផ្សេងៗ។
កម្មវិធី WiSE ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមកិច្ចសហការជាមួយអង្គការ Digital Divide Data-Cambodia (DDD Cambodia) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញផ្តោតលើការអភិវឌ្ឍយុវជន។ កម្មវិធី WiSE បានអញ្ជើញស្ត្រីកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានឱ្យដាក់ពាក្យចូលរួមការបណ្តុះបណ្តាលនេះ។ កម្មវិធីនេះក៏បានរួមបញ្ចូលដំណើរការជ្រើសរើសដែលមានលក្ខណៈបរិយាបន្ន (រួមបញ្ចូល) ផងដែរ ដើម្បីបង្កើតឱ្យមានភាពស្មើភាពសម្រាប់សិក្ខាកាមទាំងអស់ និងផ្តល់ឱ្យអ្នកដែលមានទេពកោសល្យនូវឱកាសដ៏សាកសមមួយដោយមិនគិតពីសាវតា។
បន្ទាប់ពីជ្រើសរើសរួច សិក្ខាកាមក្នុងកម្មវិធី WiSE បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រៀនរយៈពេលមួយខែគឺក្នុងខែកញ្ញា ដែលផ្តោតលើការផ្តល់ជូនពួកគេនូវសមត្ថភាពផ្នែកលក់ឌីជីថល និងការបណ្តុះបណ្តាលជំនាញផ្នែកលក់ ដើម្បីទទួលបានសមត្ថភាពកាន់តែប្រសើរឡើង ព្រមជាមួយទំនាក់ទំនងល្អមួយក្នុងការចាប់ផ្តើមអាជីពផ្នែកលក់។
ក្នុងវគ្គបន្ទាប់នៃកម្មវិធីនេះគឺការចុះកម្មសិក្សាដែលចាប់ផ្តើមនៅសប្តាហ៍នេះ សិក្ខាកាមនឹងទទួលបានបទពិសោធក្នុងអំឡុងពេលអនុវត្តការងាររយៈពេល ៣ខែជាមួយនឹងការងារផ្នែកលក់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ នៅចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមដែលធ្វើការងារបានល្អអាចទទួលបានឱកាសចូលរួមជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងនាមជាបុគ្គលិកពេញម៉ោង។
លោក Sergio Avalos Aldana នាយកផ្នែកលក់នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការងារផ្នែកលក់របស់យើងគឺជាចង្វាក់បេះដូងរបស់ក្រុមហ៊ុន ដែលបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលម៉ាកយីហោអន្តរជាតិនិងក្នុងស្រុករបស់យើង។ បុគ្គលិកផ្នែកលក់ចម្រុះប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់អ្វីដែលយើងធ្វើ តាមរបៀបមួយដែលនឹងឆ្លើយតបទៅកាន់អតិថិជន និងអ្នកប្រើប្រាស់របស់យើង។ នេះជាមូលហេតុដែលយើងត្រៀមខ្លួនក្នុងការកសាងអ្នកដែលមានទេព្យកោសល្យខ្លាំងនិងមានភាពចម្រុះខាងផ្នែកលក់។ យើងមានក្តីសោមនស្សរីករាយសូមស្វាគមន៍សិក្ខាកាមរបស់កម្មវិធី WiSE ថ្មីរបស់យើងមកកាន់ក្រុមការងាររបស់យើង។ វាជាពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមក្នុងក្រុមការងារផ្នែកលក់របស់យើង ជាទីដែលយើងខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនផលិតស្រាបៀរដែលលើកកម្ពស់ទំនាក់ទំនងល្អជាងគេ និងដើម្បីផ្តល់សេវាកម្មដល់អតិថិជនដែលមិនអាចប្រៀបផ្ទឹមបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់»។
កញ្ញា ព្រើង សុគន្ធឧសភា គ្រូបង្វឹកក្នុងកម្មវិធី WiSE ដែលក៏ជាប្រធានផ្នែកពាណិជ្ជកម្មទំនើបឌីជីថលនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរនោះបានថ្លែងថា៖ “វាជាកិត្តិយសដែលខ្ញុំបានមកធ្វើការងារជាមួយសិក្ខាកាម ដើម្បីស្តាប់រឿងរ៉ាវរបស់ពួកគាត់ និងការប្តេជ្ញាចិត្តនានាដែលជាផ្នែកមួយនៃកម្មវិធី WiSE។ ស្ត្រីក្នុងការងារផ្នែកលក់សព្វថ្ងៃនេះបន្តប្រឈមមុខនឹងបញ្ហាផ្សេងៗដោយសារការលំអៀងដោយមិនដឹងខ្លួន។ ជាមួយនឹងកម្មវិធីថ្មីនេះ យើងមានបំណងបង្កើតប្រព័ន្ធគាំទ្រមួយសម្រាប់ស្ត្រីក្នុងការងារផ្នែកលក់ ដូច្នេះពួកគាត់អាចឈានដល់សក្តានុពលពេញលេញបំផុតរបស់ពួកគាត់»។
លោកស្រី អ៊ឹម សុភាព នាយកប្រតិបត្តិអង្គការ DDD Cambodia បានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេលំដាប់អន្តរជាតិ និងមានការទទួលខុសត្រូវមួយ កំពុងសហការធ្វើការងារជាមួយយើងលើគំនិតផ្តួចផ្តើមនេះ។ កម្មវិធី WiSE ក៏ជាបទពិសោធនៃភាពជាដៃគូដ៏ល្អមួយសម្រាប់យើងផងដែរ មិនត្រឹមតែជាដំណើរសិក្សាដ៏អស្ចារ្យសម្រាប់តែសិក្ខាកាមប៉ុណ្ណោះទេ។ ថាមពល និងចំណង់ចំណូលចិត្តរបស់សិក្ខាកាមបានបំផុសគំនិតយើង ហើយយើងសូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងដំណើរការបន្ទាប់នៃអាជីពរបស់ពួកគេ»។
ការប្តេជ្ញាចិត្តនូវការធ្វើឱ្យពិភពលោកកាន់តែប្រសើររបស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង បន្តផ្តោតលើនិរន្តរភាពសង្គម បន្ថែមពីលើនិរន្តរភាពបរិស្ថាន និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប មានកំណត់ត្រាដ៏រឹងមាំក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយខាងផ្នែកភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) ពីការឧបត្ថម្ភជាប្រចាំដល់សម្ភារនិងឧបករណ៍កីឡាសម្រាប់ស្រ្តី ដូចជាកីឡាបាល់ទាត់ជាដើម ដើម្បីអនុវត្តគំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។
ជាផ្នែកមួយនៃអាទិភាពផ្ទៃក្នុងរបស់ក្រុមហ៊ុនផលិតស្រាបៀរ ហ៊ិននីគែន ក្នុងការលើកកម្ពស់កន្លែងធ្វើការប្រកបដោយសុវត្ថិភាពស្របតាមការប្តេជ្ញាចិត្ត «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» សិក្ខាកាមរបស់កម្មវិធី WiSE ក៏នឹងបញ្ចប់វគ្គបណ្តុះបណ្តាលនានាផងដែរសំដៅលើការបណ្តុះបុគ្គលិកឱ្យក្លាយជាទូតសុឆន្ទៈទៅលើការពិសាដោយការទទួលខុសត្រូវ និងអភិវឌ្ឍវប្បធម៌សុវត្ថិភាពជាចម្បងរបស់ក្រុមហ៊ុន។
លោក Fernando de Castro Pastor នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់យើងក្នុងការបង្កើតភាពរីករាយនៃការរួបរួមគ្នាពិតប្រាកដ ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរនៅក្រុមហ៊ុន ហ៊ិននីគែន យើងដឹងថា យើងមិនអាចធ្វើបែបនេះបានដោយគ្មានការឱបក្រសោប DEI ទាំងស្រុងនោះទេ។ ជាមួយនឹងតម្លៃស្នូលរបស់យើងពោលគឺ “ការយកចិត្តទុកដាក់ចំពោះធនធានមនុស្ស” យើងព្យាយាមភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបុគ្គលិក អតិថិជន និងអ្នកប្រើប្រាស់ដែលកាន់តែសម្បូរបែបរបស់យើង។ ក្នុងកម្មវិធី WiSE សាកល្បងនេះ យើងសង្ឃឹមថានឹងទទួលយកការរៀនសូត្រទាំងនេះដើម្បីកែលម្អបន្ថែមទៀតចំពោះកម្មវិធី DEI របស់យើង ដូច្នេះយើងអាចធ្វើការងារបន្ថែមទៀតដើម្បីបង្កើតកន្លែងធ្វើការប្រកបដោយបរិយាបន្នមួយដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនទាំងអស់គ្នាបានដោយមិនគិតពីសាវតា»៕
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕