តំណាងចែកចាយធំៗចំនួន១៧ នៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងតំបន់ជើងឯកនៃខណ្ឌដង្កោ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ នៃការផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយអញ្ជើញដឹកនាំ គណៈគ្រប់គ្រងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលតំណាងចែកចាយដោយផ្ទាល់ និងបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាបានធ្វើបទបង្ហាញអំពើសង្វាក់ផលិតកម្មផ្ទាល់។
លោកឧកញ៉ា លាង ពៅ បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលម្ចាស់តំណាងចែកចាយធំៗបានអញ្ជើញមកទស្សនារោងចក្រផ្ទាល់។ នេះបញ្ជាក់អំពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលរបស់ក្រុមហ៊ុនឈានដល់កិច្ចសហការជាមួយគ្នា ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរឡើង ជូនដល់អតិថិជន»។
ទន្ទឹមនឹងនេះ ភ្ញៀវទាំងអស់ក៏បានសម្តែងក្តីរីករាយ និងបង្ហាញទំនុកចិត្តកាន់តែខ្ពស់ ចំពោះផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពីស្វែងយល់អំពីដំណើរការ នៃការផលិតពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដែលមានការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ អនាម័យខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើទំនួលខុសត្រូវចំពោះបរិស្ថាន។
បន្ទាប់ពីដើរទស្សនាខ្សែសង្វាក់ផលិតកម្មរួចមក ភ្ញៀវទាំងអស់ក៏បានភ្លក់ស្រាបៀរ ទើបផលិតថ្មីស្រស់ៗ និងពិសាភោជនីអាហារនាពេលរាត្រីដោយក្តីរីករាយ។
ខ្មែរ ប៊ែវើរីជីស ជាមួយក្រុមហ៊ុនឈានមុខគេមួយ នៅកម្ពុជាផ្នែកច្នៃប្រឌិតផលិតផលស្រាបៀរ និងភេសជ្ជៈដែលបច្ចុប្បន្នក្រុមហ៊ុនមានផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WUKRZ ទឹកក្រូចអាយស៍ IZE និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវត្ថុធាតុដើមគុណភាពខ្ពស់នាំចូលពីអឺរ៉ុប។
ជាក់ស្តែង កាលពីដើមឆ្នាំ២០២២ ក្រុមហ៊ុនបានបង្កើតផលិតផលស្រាបៀរ ប្រភេទដ្រាហ្វច្រកក្នុងដបដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍ឈ្មោះថា ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេសផ្តល់នូវរសជាតិស្រស់បំផុត៕







