ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករឈានមុខគេរបស់កម្ពុជា បានចូលរួមក្នុងសិក្ខាសាលាអំពីបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដែលរៀបចំដោយ Cambodia Network Operators Group – KHNOG ក្នុងនាមជាអ្នកឧបត្ថម្ភ និងជាតួអង្គសំខាន់មួយនៅក្នុងវិស័យសន្តិសុខឌីជីថល និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ឌីជីថលនៅប្រទេសកម្ពុជា ។
សិក្ខាសាលា KHNOG គឺជាវេទិកាប្រចាំឆ្នាំមួយសម្រាប់បណ្តាញប្រតិបត្តិករនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេស និងប្រតិបត្តិការ ព័ត៌មានស្តីពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងប្រធានបទដែលទាក់ទងផ្សេងៗទៀតអំពីវិស័យឌីជីថល។
ការផ្លាស់ប្តូរទៅកាន់ឌីជីថលណាមួយក៏ដោយ តែងតែចាប់ផ្តើម និងបញ្ចប់ពី ប្រតិបត្តិការនៃសេវាបណ្តាញ នែតវ៉ើក (Network) ដោយសារវាជាឆ្អឹងខ្នងដែលផ្សារភ្ជាប់ឧបករណ៍ទំនើប ទៅនឹងកម្មវិធីផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្ទុកពត៌មានផងដែរ។ សេវាបណ្តាញ គឺជាប្រព័ន្ធសរសៃឈាមរបស់អាជីវកម្មនានា ដែល ជំរុញទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ទៅកាន់ដៃគូ ទៅកាន់អ្នកផ្គត់ផ្គង់ និងត្រឡប់មកវិញ។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មប្រត្តិបត្តករក្នុងការប្រាស្រ័យទំនាក់ទំនង និងផ្លាស់ប្តូរជំនាញបន្ថែមទៀតទៅវិញទៅមកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដើម្បីធានាឲ្យបាននូវបណ្តាញដ៏សំខាន់មួយ ដែលប្រកបដោយស្ថេរភាព។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីក្នុងរយៈពេលបីឆ្នាំកន្លងមក សិក្ខាសាលា KHNOG ត្រូវបានប្រារព្ធ ឡើងជាលើកទី ៤ កាលពីថ្ងៃអាទិត្យ 20 វិច្ឆិកា 2022 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីមួយនេះមានគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងដូចជា សន្តិសុខអ៊ីនធឺណិត និងបណ្តាញ សុវត្ថិភាពការប្រើប្រាស់ និងកម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។
លោកស្រី វេង កញ្ញា សហប្រធានប្រតិបត្តិនៃស្ថាប័ន KHNOG បានមានប្រសាសន៍ថា «តំណាងឲ្យក្រុមការងារKHNOG នាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបាន។ យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួម និងចែករំលែកបទពិសោធជាមួយគ្នាដើម្បីកសាងសហគមន៍បច្ចេកវិទ្យាពត៌មាន ឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រទេសកម្ពុជា»។
លោក Andrey Kuzin នាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Smart Axiata បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី ការវិវត្តិរបស់ប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលផងដែរ។
លោកបាននិយាយថា «ការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្ម សម្រាប់បន្ត ដំណើរការ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ភាពជោគជ័យនៃការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺអាស្រ័យទៅលើជំនាញរបស់បុគ្គលិករបស់ស្ថាប័ន។»
លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រេចចិត្តនៅក្នុងស្ថាប័ន ដោយផ្អែកទៅលើទិន្ន័យ និងតួនាទីដ៏សំខាន់របស់សេវាបណ្តាញក្នុងការចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយនៅកម្ពុជា ដែលប្រកបដោយបរិយាបន្ន។
«ដោយសារពួកយើង [ក្រុមហ៊ុន Smart Axiata] នៅក្នុងវិស័យទូរគមនាគមន៍ ការផ្សារភ្ជាប់ទំនាក់ទំនង (Connectivity)គឺជាធាតុសំខាន់មួយក្នុងការរក្សានូវលំហូរព័ត៌មាន ព្រោះវាជះឥទ្ធិពលទៅលើអាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាប្រទេសទាំងមូល ដោយសារតែ ការផ្សារភ្ជាប់ទំនាក់ទំនង គឺជាមធ្យោបាយក្នុងការរួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទៅក្នុងសេដ្ឋកិច្ចទំនើប។»
បន្ថែមពីលើការពិភាក្សាខាងលើ ក្រុមការងាររបស់ Smart Axiata ក៏បានចូលរួមផ្តល់បទបង្ហាញ អំពីប្រធានបទសំខាន់ៗចំនួនពីរនៅក្នុងវិស័យឌីជីថល រួមមានវិញ្ញាបនប័ត្រសុវត្ថិភាពផ្នែកឌីជីថល (Digital Security Certification) និងការប្រើប្រាស់កម្មវិធី Open API (Application Program Interface)។
ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេស។ ដើម្បីផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងលូន និងគួរឲ្យទុកចិត្តបានទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata បាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវបណ្តាញដែលមានល្បឿនលឿន ប្រកបដោយសុវត្ថិភាព និងមានភាពរហ័ស។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍបណ្តាញ និងដំណើរការឌីជីថលឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ការជំរុញសេដ្ឋកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានបន្ថែមអំពីសកម្មភាពក្រុមហ៊ុន Smart Axiata អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd.ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiataគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smartគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smartបាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebookក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smartមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smartជីវិតរស់រវើក!