ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងពិធីប្រកួតប្រជែងការរចនាម៉ូតផ្ទះគំរូនៅថ្ងៃទី២៣ខែវិច្ឆិកានេះ ដោយលោកគាំទ្រ ចំពោះ ការវិនិយោគនៃក្រុមហ៊ុនAGENT21 GLOBAL ដែលមានចក្ខុវិស័យប្រែក្លាយតំបន់រុនតាឯកខេត្តសៀមរាបជាទីក្រុងស៊ីវិល័យមួយនៅថ្ងៃអនាគត។
លោក ខៀវ កាញារីទ្ធ ប្រសាសន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះគំរូរបស់ក្មួយៗនិស្សិតគឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់នៅកម្ពុជា ដើម្បីប្រែក្លាយតំបន់រុនតាឯកនេះទៅជាកូនក្រុងដ៏ឆ្លាតវៃ ស៊ីវិល័យមួយក្នុងពេលអនាគតខាងមុខ។

លើសពីនេះលោករដ្ឋមន្រ្តីបានគូរបញ្ជាក់ថា «សំរាប់ខ្ញុំពិតជាមានមោទនភាព និងសូមគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ចំពោះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងក្រុមហ៊ុន AGENT21 GLOBAL ជាពិសេសក្មួយៗនិស្សិតទាំងអស់ សូមបន្តបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយភាពម៉ឺងម៉ាត់ គណនេយ្យភាព សម្រាប់ការចូលរួមលើកកម្ពស់គុណភាពផ្តល់សេវានិងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលជារៀងរហូត»។
សម្រាប់ លោកស្រី លី ចន្រ្ទ័លក្ស្មី នាយិកាក្រុមហ៊ុន AGENT21 GLOBAL បានលើកឡើង ថា ដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញនិងស្ថេរភាពនយោបាយ ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនសម្រេចចិត្តប្រកបដោយភាពជឿជាក់ ក្នុងការរៀបចំកម្មវិធីនេះឡើង ហើយស្របទៅតាមទស្សនវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រែក្លាយជាទីក្រុងស៊ីវិល័យមួយនៅថ្ងៃអនាគត។

លោកស្រីបានន្ថែមថា« ហេតុដូច្នេះ ក្រុមហ៊ុន AGENT21 GLOBAL បានបើកឱកាសអោយនិស្សិតឆ្នាំទី៣ឆ្នាំទី៤និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគររូបនីយវិទ្យាធ្វើការប្រកួតប្រជែងបញ្ជេញស្នាដៃនូវម៉ូតផ្ទះប្រជាជនគម្រូ ដោយមានការសហការជាមួយលោកគ្រូអ្នកគ្រូជាអ្នកដាក់ពិន្ទុដោយសុក្រិតដូច្នេះយើងអាចជឿជាក់បានថាម៉ូតផ្ទះដែលបានទទួលជ័យលាភីពិតជាសក្តិសមនៅតំបន់រុនតាឯកយ៉ាងពិតប្រកដ។
កន្លងទៅថ្មីៗ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបដិសន្ធិឡើងក្នុងពេលដែលស្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំឲ្យរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្តរួចជាស្រេច ដើម្បីអភិវឌ្ឍន៍តំបន់នេះឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យនិងមានផាសុខភាពដល់ប្រជាជន។
សម្រាប់ ក្រុមហ៊ុន Agent21 Global វិញ នឹងឧបត្ថម្ភផ្ទះជាក់ស្តែងទៅដល់ទីតាំងចំនួន៣ ដែលនឹងយកគំរូតាមម៉ូតផ្ទះរបស់ជ័យលាភី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរពតាមអនុសាសន៌របស់ សម្តេចតេជោ ហ៊ុន សែន ហើយរួមគ្នាកសាងតំបន់នេះអោយលេចជារូបរាងពិតប្រាកដ ។
នៅក្នុងកម្មវិធីប្រកួតប្រជែង ស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូនៅថ្ងៃនេះ បានបង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ និងយុជនយើង ហើយក្រុមហ៊ុន Agent21 Global ពិតជាមានមោទនភាពយ៉ាងក្រៃលែងនៅពេលឃើញធនធានមនុស្សកម្ពុជាមានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់យកជាត្រីវិស័យ ដើម្បីសង់ផ្ទះដ៏ប្រណិតជូនប្រជាជននៅក្នុងតំបន់តែម្តង។
នៅពេលខាងមុខនេះ ក្រុមហ៊ុន AGENT21 GLOBAL ប្តេជ្ញាថា នឹងនាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុនជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា៕







