ការបើកសម្ពោធដាក់ឱ្យដំណើរការអគារ “313Quayside” ដែលជាគម្រោងអភិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុងផ្តល់ជីវិតថ្មីដល់តំបន់មាត់ទន្លេនាទីក្រុងភ្នំពេញ ដែលបង្ហាញពីការវិលមកវិញនៃភាពសុទិដ្ឋិនិយមសម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ក្រោយការរីករាលដាលជំងឺកូវីដ-១៩។
អគារ 313 Quayside ដែលមានទីតាំងនៅតាមដងវិថីព្រះស៊ីសុវត្ថិតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាជាទីកន្លែងទទួលទានអាហារ និងកន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញថ្មីមួយ។ អគារនេះមានអ្នកជួលរួចហើយដូចជាហាងកាហ្វេ Starbucks ភោជនីយដ្ឋាន Marugame Udon ភោជនីយដ្ឋាន The Waterside, Pizza 4Ps, Rukkha Skybar & Tapas, BBQ & Hot Pot Yakiniku Garden Tokyo, Eric Kayser និងម៉ាកយីហោផ្សេងទៀតរបស់ក្រុមហ៊ុន Pizza Company, Krispy Kreme និង Dairy Queen។
ថ្វីត្បិតតែអគារនេះមានកម្ពស់ទាបក៏ដោយ ក៏ទីតាំងនេះផ្តល់ជូនទេសភាពទន្លេសាបដ៏ស្រស់ស្អាតបែបប៉ាណូរ៉ាមិច និងវត្តឧណ្ណាលោមដែលជាទីតាំងវប្បធម៌មួយក្នុងរាជធានីភ្នំពេញ។ អគារ 313 Quayside ក៏មានទីតាំងនៅជិតផ្លូវថ្មើរជើងកម្សាន្តក្បែរព្រះបរមរាជវាំង និងសារមន្ទីរជាតិផងដែរ និងជាគោលដៅទាក់ទាញសម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរផ្សេងៗទៀត។
លោក James Padden អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Hongkong Land បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលអាចរួមចំណែកដល់ការស្តារឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអចលនទ្រព្យនៅមាត់ទន្លេរបស់យើងគឺអគារ 313 Quayside។ យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះតំបន់មាត់ទន្លេនៃរាជធានីភ្នំពេញ ហើយយើងរីករាយដែលមានការគាំទ្រពីអ្នកលក់រាយល្បីៗមួយចំនួននៅក្នុងប្រទេស ដែលចែករំលែកទស្សនវិស័យនេះជាមួយយើង»។
ក្រុមហ៊ុន Hongkong Land បានបើកសម្ពោធអគារ 313 Quayside នេះជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយដែលមានការចូលរួមពីសំណាក់ដៃគូរបស់ក្រុមហ៊ុន និងអ្នកតំណាងរបស់អ្នកជួលអគារ Quayside នេះ។
ម្ចាស់បារ និងភោជនីយដ្ឋាន The Waterside លោក Geert Leeman បានថ្លែងថា៖ «យើងសូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន Hongkong Land ក្នុងការបើកដំណើរការជាផ្លូវការអគារ 313 Quayside។ ក្នុងនាមជាអ្នកជួល យើងមានការរំពឹងទុកខ្ពស់ចំពោះអគារនេះ ដោយសារទីតាំងល្អតែមួយគត់នៅកណ្តាលទីក្រុងភ្នំពេញ ដែលផ្តល់ទេសភាពទន្លេដ៏អស្ចារ្យដែលជានិមិត្តរូបរបស់ប្រទេសកម្ពុជា»។
ស្ថិតនៅលើទីតាំងដ៏ល្អតាមផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេ) អគារ 313 Quayside ត្រូវបានពិពណ៌នាថាជាទិសដៅទទួលទានអាហារ និងភេសជ្ជៈដ៏ល្អឥតខ្ចោះ ដែលទាក់ទាញភ្ញៀវទេសចរបរទេស និងប្រជាជនក្នុងស្រុក។ ដោយមានចម្ងាយជិតទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ អាគារ 313 Quayside ទទួលបានអត្ថប្រយោជន៍ពីលំហូរភ្ញៀវទេសចរដែលធ្វើដំណើរដោយថ្មើរជើងជាច្រើន ជាពិសេសក្នុងអំឡុងពេលពេលល្ងាច និងនៅចុងសប្តាហ៍។
មាត់ទន្លេក្នុងរាជធានីភ្នំពេញ មានប្រជាប្រិយភាពជាយូរយារណាស់មកហើយពីសំណាក់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរផ្សេងៗ ដែលត្រូវបានទាក់ទាញដោយសារទេសភាពដ៏ស្រស់បំព្រងនៅតាមដងទន្លេសាប ក៏ដូចជាខ្យល់ត្រជាក់នាពេលរាត្រី។ ឥឡូវនេះ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការអគារនានា ដូចជាអគារ 313 Quayside តំបន់មាត់ទន្លេនៃរដ្ឋធានីនេះត្រូវបានរំពឹងថានឹងវិលត្រលប់មករកប្រជាប្រិយភាព និងភាពកុះករឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
សម្រាប់ព័ត៌មានបន្ថែមអំពីអគារ 313 Quayside សូមចូលទៅកាន់គេហទំព័រ៖
https://www.hkland.com/en/properties/phnom-penh/313-quayside
អំពីក្រុមហ៊ុន Hongkong Land
ក្រុមហ៊ុន Hongkong Land គឺជាក្រុមហ៊ុនវិនិយោគ គ្រប់គ្រង និងអភិវឌ្ឍន៍អចលនទ្រព្យដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនដ៏ធំមួយ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៩ អាជីវកម្មរបស់ក្រុមហ៊ុន Hongkong Land ត្រូវបានបង្កើតឡើងដោយឈរលើឧត្តមភាព សុចរិតភាព និងភាពជាដៃគូ។
ក្រុមហ៊ុនកាន់កាប់ និងគ្រប់គ្រងផ្ទៃក្រឡាការិយាល័យកម្រិតខ្ពស់ និងអាគារលក់រាយប្រណីតជាង ៨៥០.០០០ ម៉ែត្រការ៉េនៅក្នុងទីក្រុងសំខាន់ៗនៅតំបន់អាស៊ី ជាពិសេសទីក្រុងហុងកុង សិង្ហបុរី ប៉េកាំង និងហ្សាការតា។ អចលនទ្រព្យរបស់ក្រុមហ៊ុនទាក់ទាញក្រុមហ៊ុន និងម៉ាកយីហោល្បីៗលំដាប់កំពូលក្នុងពិភពលោក។
ផលប័ត្រវិនិយោគ Central Hong Kong របស់ក្រុមហ៊ុនតំណាងឱ្យប្រហែល ៤៥០.០០០ម៉ែត្រការ៉េនៃអចលនទ្រព្យកម្រិតខ្ពស់។ ក្រុមហ៊ុនមានទីធ្លាការិយាល័យដ៏មានកិត្យានុភាពក្នុងប្រទេសសិង្ហបុរីដែលមានទំហំ ១៦៥.០០០ម៉ែត្រការ៉េបន្ថែមទៀត ដែលត្រូវបានកាន់កាប់ជាចម្បងតាមរយៈការបណ្តាក់ទុនរួមគ្នា មានមជ្ឈមណ្ឌលលក់រាយចំនួនបួននៅប្រទេសចិនដីគោក រួមទាំងមជ្ឈមណ្ឌលលក់រាយប្រណីតនៅ Wangfujing ក្នុងទីក្រុងប៉េកាំង និងកាន់កាប់ភាគហ៊ុន ៥០% នៅក្នុងអគារការិយាល័យឈានមុខគេមួយនៅ Central Jakarta ក្នុងទីក្រុងហ្សាកាតា។ ក្រុមហ៊ុនក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍អគារប្រើប្រាស់ចម្រុះដែលមានគុណភាពខ្ពស់មួយចំនួនទៀតងផងដែរដែលកំពុងអភិវឌ្ឍន៍នៅក្នុងទីក្រុងនានាទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមទាំងការកាន់កាប់ភាគហ៊ុន ៤៣% ក្នុងគម្រោងអភិវឌ្ឍន៍អគារប្រើប្រាស់ចម្រុះដែលមានផ្ទៃក្រឡា ១,១លានម៉ែត្រការ៉េនៅ West Bund ទីក្រុងសៀងហៃ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន MCL Land គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវបានបង្កើតឡើងក្នុងដែនដី Bermuda របស់ចក្រភពអង់គ្លេស និងចុះបញ្ជីក្នុងផ្សារហ៊ុនក្រុងឡុងដ៍ (London Stock Exchange) ហើយក៏ចុះបញ្ជីក្នុងផ្សារហ៊ុននៅដែនដី Bermuda និងប្រទេសសិង្ហបុរីផងដែរ។ ទ្រព្យសកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុងដោយក្រុមហ៊ុន Hongkong Land Limited។ ក្រុមហ៊ុន Hongkong Land គឺជាសមាជិករបស់ក្រុមហ៊ុន Jardine Matheson Group៕
សម្រាប់ព័ត៌មានបន្ថែមអំពីអគារ 313 Quayside សូមចូលទៅកាន់គេហទំព័រ៖
https://www.hkland.com/en/properties/phnom-penh/313-quayside