Event

ក្រុមហ៊ុន Smart Axiata បកស្រាយបំភ្លឺ ពីការផ្សាយពិធីបិទកីឡាជាតិ លើកទី៣

បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្ម​ នៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវ ការសម្តែងរបស់​តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។​

ថ្មីៗនេះ ក្រុមហ៊ុន​​ Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំ នៃកីឡាជាតិលើកទី៣ បានធ្វើការបកស្រាយបំភ្លឺ​នៅក្នុងសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីមូលហេតុ​ដែលខ្លួន​ មិន​ចាក់​ផ្សាយបន្តផ្ទាល់នូវ ការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លង​មក​នេះ គឺដោយសារតែ មានការផ្លាស់ប្តូររបៀបវារៈ​កម្មវិធី​ ភ្លាមៗមុនពេលចាប់ផ្តើមកម្មវិធី។​

សេចក្តីជូនដំណឹងនេះបាននិយាយថា​ ក្រុមហ៊ុន Smart Axiata ក៏បានគោរពយល់ព្រមទៅ តាមសំណើពីរគឺសំណើផ្លាស់ប្តូរកម្មវិធី ក៏ដូចជាការស្នើសុំមិនឲ្យចាក់ផ្សាយ ការសម្តែង «Time To Rise» នៅលើផេក Smart Axiata និង Pleng ផងដែរ។

«ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រុមហ៊ុនស្មាតបានទទួលដំណឹងពីការកែប្រែ កម្មវិធីដែលតម្រូវឱ្យលោក ម៉ាន់ វណ្ណដា (Mann Vannda) ជាសិល្បករតន្រ្តីរ៉េបដ៏ល្បី នៅក្នុងប្រទេសកម្ពុជាចូលរួម សម្តែងដោយច្រៀងបទ Time To Rise ។ ក្រុមហ៊ុនស្មាតបានទទួល និងគោរពតាមការស្នើសុំផ្លាស់ប្តូរនេះ ហើយក៏បានទទួល​និង គោរពតាម​ការស្នើសុំបន្ថែម លើ សំណើមិនចាក់បញ្ចាំងដោយផ្ទាល់នូវការសម្តែងបទ Time To Rise នៅលើផេករបស់​ក្រុមហ៊ុន ស្មាត និង Pleng ។»

បន្ថែមពីការចាក់ផ្សាយបន្តផ្ទាល់ តាមបណ្តាញសង្គម ពិធីបិទកីឡាជាតិលើកទី៣នេះ ក៏ត្រូវបានចាក់ផ្សាយ​បន្ត​ផ្ទាល់លើកញ្ចក់ បណ្តាញទូរទស្សន៍ជាតិនានាដូចជា ទូរទស្សន៍ជាតិកម្ពុជា (TVK) និងតាមផេកហ្វេសប៊ុកនានាដូចជា ​ BTV Cambodia។

ក្រុមហ៊ុន Smart Axiata បានសរសេរនៅក្នុងសេចក្តីជូនដំណឹង បន្ថែមទៀតថា ក្រុមហ៊ុនគ្មានគោលបំណង ​មិន​ចាក់ផ្សាយ​ការសម្តែងរបស់លោក វណ្ណដា នោះទេ ហើយក៏បានបញ្ជាក់អំពីជំហរ របស់​ក្រុមហ៊ុន​ក្នុងការលើកកម្ពស់ ​កម្មសិទ្ធិបញ្ញា​របស់សិល្បករ សិល្បការនីជាតិ និងអន្តរជាតិផងដែរ។

«ក្រុមមហ៊ុនស្មាត សូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងខ្ញុំគ្មានចេតនាមិនចាក់ផ្សាយផ្ទាល់ ពីការសម្តែងណាមួយឡើយ លើកលែងតែមានការស្នើសុំ។ ក្រុមហ៊ុនស្មាតសូមកោតសរសើរ ចំពោះស្នាដៃសិល្បៈ និងការប្តេជ្ញាចិត្តចូលរួមចំណែករក្សាកេរ្តិ៍មត៌ក និងវប្បធម៌ខ្មែររបស់សិល្បករ សិល្បការិនី ទាំងអស់ដែលបានចូលរួម សម្តែងនៅរាត្រីនោះ។ ម៉្យាងទៀត ក្រុមហ៊ុនស្មាតក៏គោរពនូវកម្មសិទ្ធិបញ្ញា (Copyright) ហើយនេះជាអ្វីដែលក្រុមហ៊ុនស្មាត តែងតែអនុវត្តជាមួយសិល្បករ សិល្បការនីក្នុងស្រុក ក៏ដូចជាអន្តរជាតិ។ »

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានអំពាវនាវដល់សាធារណៈជន ឲ្យផ្តោតសំខាន់ទៅលើភាគជោគជ័យនៃ មហាព្រឹត្តិការណ៍មួយនេះ និងសំណូមពរឲ្យមានការយោគយល់ អាធ្យាស្រ័យគ្នាខ្ពស់ ដើម្បីមានស្មារតីរួបរួមគ្នា លើក​ស្ទួយវិស័យកីឡា និងសិល្បៈនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Smart Axiata​ បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុង​ព្រឹត្តិការណ៍​​ជាតិ​នេះផងដែរ។ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏រួមចំណែក៏គាំទ្រសិល្បករ ​ក្នុងស្រុកតាមរយៈ​ការ​បង្កើត​​កម្មវិធីតន្រ្តី Pleng ដើម្បីចូលរួមចំណែកក្នុងការគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ សម្រាប់កីឡាជាតិ​លើកទី៣ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយ​សិល្បករ​ ល្បីល្បាញ​ក្នុង​ស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទ ចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបាន​សម្តែង​ផ្ទាល់​ក្នុងអំឡុង ពិធី​​បើក​ព្រឹត្តិការណ៍​កីឡា​នេះផងដែរ ដែលប្រិយមិត្តអាចទស្សនាបានតាមតំណភ្ជាប់ https://youtu.be/jqyLbxwLHac

ពិធីបិទកីឡាជាតិលើកទី៣ បានប្រព្រឹត្តិទៅយ៉ាងរលូនយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ខណៈដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំស៊ីហ្គេម ២០២៣ នាពេល ខាងមុខនេះ ៕

Most Popular

To Top