តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថាការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។
កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។
កីឡាករកាន់តួនាទីជាអ្នកលើកបាល់រូបនេះបន្ថែមទៀតថា ក្រុមដែលខ្លួនគិតថាជាឧបសគ្គនៅប្រកួតក្រោយៗទៀតនោះគឺមាន ខាងព្រៃវែង ខាងភ្នំពេញ និងកំពង់ស្ពឺ ព្រោះតែក្រុមមួយៗមានសុទ្ធតែកីឡាករឆ្នើមៗ និងលេងល្អ។
ចំណែកកីឡាករចិត្តត្រជាក់ រស់ ហាន់វ៉ា ក៏សរសើរថាកម្មវិធីបាល់ទះ Slamball នេះគឺរៀបចំបានល្អ និងប្លែកដូចជាបានចុះទៅប្រកួតដល់បណ្ដាខេត្តផ្សេងៗ នាំឲ្យអ្នកគាំទ្របានទស្សនាផ្ទាល់ ឃើញកីឡាករដែលខ្លួនបានស្រឡាញ់គាំទ្រទៀតផង។ មួយវិញទៀតការប្រកួតនេះបែបស្តង់ដារ លេងមិនជាប់ដៃ ដែលជាគំរូល្អមួយដល់អ្នកជំនាន់ក្រោយ និងជាការលើកទឹកចិត្តដល់អ្នកចង់ហាត់ជាអាជីព ក្រៅពីនេះក៏ជាការកម្សាន្តមួយដល់ប្រជាជនតាមខេត្តបានទស្សនា។
សូមបញ្ជាក់ថាការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ៧ក្រុមនៅតាមបណ្ដាខេត្ត និង១ក្រុមក្នុងរាជធានីភ្នំពេញ។ ដោយក្រុមទាំង៨នេះមានឈ្មោះ ភ្នំពេញត្រីឆ្លាំង គោព្រៃកណ្ដាល ខ្លាពពកបាត់ដំបង ដំរីសៀមរាប ពង្រួលកំពង់ស្ពឺ ត្រីឆ្លាមកំពត នាគព្រៃវែង និងមាន់ជល់កំពង់ចាម។ ការប្រកួតនឹងចាប់ផ្ដើមពីខែវិច្ឆិកាឆ្នាំ២០២២នេះតទៅ រហូតដល់ខែមករាឆ្នាំ២០២៣ ទើបរកឃើញជើងឯក អមជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់៕











