មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២តទៅ មានលក្ខណៈកាន់តែធំអស្ចារ្យជាមួយនឹង ការបន្ថែមការប្រគំតន្ត្រី រយៈពេល១ថ្ងៃក្រោយប្រកួត ក៏ដូចជាការបន្ថែមទីតាំងថ្មីមួយចំនួន ដែលមានភាពទាក់ទាញ សម្រាប់អ្នកទស្សនា។

ថ្លែងក្នុងសន្និសិទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៨ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងដែរថា «ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ ពិភពលោក IPCC គឺសំដៅចូលរួមចំណែកជ្រើសរើស និងពង្រឹងសមត្ថភាព កីឡាករប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។

លោកបន្ថែមថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ជាលក្ខណៈជាតិបានចូលរួមផ្សព្វផ្សាយ នូវសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ លើកស្ទួយវិស័យសិល្បៈវប្បធម៌កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ បង្កើតប្រាក់ចំណូល ចូលរួមជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរដែលជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការនី ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដោយឡែកលោក គឹមស្រ៊ុន កុសល តំណាង IPCC ប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា « ក្រោយពីសម្គាល់ឃើញថាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរមានការនិយមគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា យើងក៏បានព្យាយាមបង្កើតកម្មវិធីប្រដាល់កាន់តែកក្រើក និងកាន់តែខ្លាំងសាកសមកិត្តិនាម គុនបុរាណខ្មែរ ដែលស្ថានភាពបែបនេះបង្ហាញពីភាពខ្លាំងដូចគ្នាទៅនឹងភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលមានភាពពេញនិយមទូទាំងប្រទេស ប្រៀបដូចកីឡាករគុនខ្មែរពោពេញដោយសមត្ថភាព និងទេពកោសល្យដើម្បីដណ្តើមខ្សែក្រវ៉ាត់ជាតិ-អន្តរជាតិ International Professional Combat Council (IPCC) ជម្រុះវិលជុំតាមបណ្តាខេត្ត-រាជធានីនិងត្រៀមចេញទៅប្រកួតកំរិតអន្តរជាតិបន្តនៅក្រៅប្រទេស»។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខនៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ បានឱ្យដឹងថា «រដូវកាលទី២នេះមានលក្ខណៈពិសេសប្លែកជាងរដូវកាលទី១ ដោយយើងនឹងមានការរៀបចំព្រឹត្តិការណ៍ ២ថ្ងៃ ប្រគំតន្ត្រីដ៏ធំអស្ចារ្យរយៈ១ថ្ងៃ និងព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC រយៈ១ថ្ងៃ ដើម្បីផ្ដល់ជូនបទពិសោធនៃការកម្សាន្តដ៏អស្ចារ្យមិនធ្លាប់មានដល់បងប្អូននៅតាមបណ្តាខេត្ត»។

អ្នកឧកញ៉ា បានបន្តទៀតថារាល់កីឡាករបានចូលរួមនឹងទទួលបានប្រាក់រង្វាន់ទាំងអស់គ្នា៖
កីឡាករជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ ៤៨លានរៀល
កីឡាករជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ ២៤លានរៀល
កីឡាករជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ ១២លានរៀល
កីឡាករជ័យលាភីលេខ ៤ ទទួលបានប្រាក់រង្វាន់ ៨លានរៀល

សម្រាប់កីឡាករផ្សេងទៀតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏មានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗទទួលបាន ៤លានរៀល ទន្ទឹមនឹងនេះ កីឡាករក៏បានសម្តែងក្ដីរីករាយ និងការប្តេជ្ញាក្នុងការប្រកួតអស់ពីសមត្ថភាពដើម្បី ដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោកក្នុងការបោះជំហានបន្តឆ្ពោះទៅប្រកួតជាមួយកីឡាករបរទេសនៅលើឆាកអន្តរជាតិបន្ត។

មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងត្រូវធ្វើឡើងនៅទីតាំង១២ផ្សេងគ្នាដោយការចាប់ផ្តើមកម្មវិធីដំបូងនៅខេត្តពោធិ៍សាត់ថ្ងៃទី២៤ ធ្នូ រួចបន្តទៅកាន់ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លក្នុងរាជធានីភ្នំពេញ និងវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខណ្ឌកំបូលរាជធានីភ្នំពេញ។

សម្រាប់រដូវកាលទី២នេះ មានទីតាំងថ្មីបន្ថែមចំនួន ៤រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តកំពតដែលសុទ្ធតែជាទីតាំងដ៏ល្អសម្រាប់រៀបចំព្រឹត្តិការណ៍នេះធ្វើឱ្យរដូវកាលថ្មីនេះកាន់តែទាក់ទាញ។
WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស មានកីឡាករ ១២រូបត្រូវប្រកួតបែងចែកជា២ពូល គឺពូលA និងពូលB ដើម្បីស្វែងរកអ្នកខ្លាំងប្រចាំពូលនីមួយៗ និងប្រកួតខ្វែងដើម្បីជម្រុះយកជើងខ្លាំង ២រូបប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER រួមជាមួយនឹងប្រាក់រង្វាន់ ៤៨លានរៀលពីភេសជ្ជៈប៉ូវកម្លាំង WURKZ។

សម្រាប់កីឡាករចូលរួមផ្សេងទៀត ភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏មានប្រាក់លើកទឹកចិត្តសរុបរហូតដល់ទៅ ១២៤លានរៀលថែមទៀតផង។ ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ មានការផ្សាយផ្ទាល់ទូរទស្សន៍ TOWN FULL HDTV និងផេកផ្លូវការ ហ៊្វេសបុកភេសជ្ជៈប៉ូវកម្លាំង WURKZ ៕
