Event

ក្រុមហ៊ុន Smart Axiata ឧបត្ថម្ភ សម្ភារបរិក្ខារ ដើម្បីពង្រឹងគុណភាពបរិយាកាសសិក្សា ដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

ភ្នំពេញ ថ្ងៃអង្គារ ទី១០ មករា ២០២៣ ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហ៍កម្ម ដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាស សិក្សាដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា។

ក្រុមហ៊ុន Smart Axiata បានផ្តល់ជូនសម្ភារ មួយចំនួនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម រួមមាន កញ្ចប់ប្រព័ន្ធអ៊ីនធឺណិត Smart @Home ចំនួន ៣ឈុត ដោយរួមជាមួយនឹងកញ្ចប់ប្រើប្រាស់សេវាកម្ម អ៊ីនធឺណិតកម្រិតលឿនបំផុតដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញ ទូរទស្សន៍៥៥អ៊ីញ ចំនួន ១ ឈុត  បង្គោលភ្លើងប្រើប្រាស់ថាមពលសូឡាចំនួន ៧បង្គោល ក្តារខៀនពត៌មានចំនួន ៣ និងបង់អង្គុយចំនួន៧ផងដែរ។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងបន្លាស់ពីម៉ាស៊ីនត្រជាក់ចំនួន ៥ គ្រឿង ដើម្បីជាជំនួយដល់ការសិក្សា និងអនុវត្តជួសជុលរបស់និស្សិតផងដែរ។

កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពសេចក្តីរីករាយក្នុងការចូលរួមចំណែករបស់ក្រុមហ៊ុន Smart ដើម្បីពង្រឹងសោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ការសិក្សាកាន់តែល្អជាងមុន។

កញ្ញាបានលើកឡើងថា « ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការចូលរួមលើកស្ទួយនៅក្នុងវិស័យសំខាន់នានា ជាពិសេសគឺវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ​និងការកសាង​សមត្ថភាព និងធនធានមនុស្សសម្រាប់ជំនាញផ្សេងៗ។ យើងពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ដែលអាចចូលរួមក្នុងការជំរុញបទពិសោធន៍ និងបរិយាកាសសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏ដូចជាការថែរក្សាបរិស្ថាន និងសម្ភាររូបវ័ន្តនៅក្នុងបរិវេណវិទ្យាស្ថាផងដែរ»។

លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអប់រំបណ្ដុៈបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា​​«យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនSmart ដែលតែងតែមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថានឧស្សាហកម្ម ក៏ដូចជានៅតាមស្ថាប័នអប់រំនានា និងបានចូលរួមចំណែគាំទ្រ ដើម្បីពង្រឹងគុណភាពបរិយាកាសសិក្សា ក៏ដូចជាការពារបរិស្ថានផងដែរ តាមរយៈប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីបំពាក់បំពូលភ្លើងនៅតាមដងផ្លូវក្នុងបរិវេណវិទ្យាស្ថានផងដែរ។»

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា  Smart Axiata តែងតែប្តេជ្ញាចិត្តក្នុងការពង្រឹងមិនត្រឹមតែគុណតម្លៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ  ប៉ុន្តក៏រួមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យអប់រំ និងកីឡា បច្ចេកវិទ្យា​ ក៏ដូចជាការចូលរួមរក្សាបរិស្ថាន ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងនៅកម្ពុជាផងដែរ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥“5G”ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស(Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូទាំង      ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍ ​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស ​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

        

Most Popular

To Top