Event

ក្រុមហ៊ុន Smart Axiata តែងតាំងនាយកប្រតិបត្តិថ្មី​

ភ្នំពេញ​ ថ្ងៃទី១​ កុម្ភៈ ២០២៣៖ ​ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក  ហ្សែដ ស្យាតារា (Ziad Shatara)​​​​​ ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។​ លោក​ ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពី​ឆ្នាំ ២០២១​ បន្ទាប់ពីលោកបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ ២០១៨កន្លងមក។​

លោក​ ហ្សែដ  មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាច្រើន រួមមានប្រទេសហ្សកដានី បង់ក្លាដែស និងអ៉ី តាលីផងដែរ។​​ ថ្មីៗកន្លងមកនេះ លោក ហ្សែដបានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសហ្សកដានី។​ ​បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្តើម​ដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍​​​​  លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។​ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ក៏ដូចជាបរិញ្ញា​​ប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ​ ផងដែរ។

លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា​។​ លោកបានលើកឡើងថា « ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata​ ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ក្នុងការដឹឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ។»

លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍​ Pan-Asian Telecommunication Business​ បានសម្តែងពីមតិយល់ស្រប ដូចគ្នាទៅនឹងលោក Tan Sri Halim ក៏ដូចជាចូលរួមអបអរសាទរចំពោះការតែងតាំងនេះផងដែរ។ លោកបានមានប្រសាសន៍ថា «យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាលបន្ទាប់របស់ក្រុមហ៊ុន Smart Axiata​ ក្រោមការដឹកនាំរបស់លោក ហែ្សដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។​ ក្រុមការងារនៅ Smart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហែ្សដ នឹងនាំមកនូវបទពិសោធន៍ឆ្នើុមជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ​ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗ​​ រួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ២០១៣​ រហូតដល់ឆ្នាំ ២០២១​ មុនពេលដែលលោក ត្រូវបានតែងតាំង តំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្រ្តនៅក្រុមហ៊ុន Axiata Group ​ក្នុងឆ្នាំ ២០២១ ផងដែរ។»​

បន្ទាប់ពីកាន់តួនាទីថ្មីនៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ ​បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការទទួលបានឪកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍​និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា៖​ «ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយ​ក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមទ្ធិផល ជាច្រើនសម្រាប់ ក្រុមហ៊ុន​ Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧​លាន ៥សែននាក់ ជាមួួយនឹងផលិត​​ផល និងសេវាកម្មឌីជីថលជាច្រើន។​ ខ្ញុំពិតជារំភើបក្នុងការ​ទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើម​ឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើនដំណាក់កាលបន្ទាប់នៃ​ការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការរបស់អតិថិជនជាមួយនឹងគុណភាពសេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ។»​

លោកបណ្ឌិត Tan Sri Halim Shafie ក៏បានសម្តែងពីការស្ងើចសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនមួយនេះផងដែរ «តំណាងឲ្យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូល ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធិផល និងការរួមចំណែកដ៏ធំធេងរបស់លោកក្នុងការដឹកនាំក្រុមហ៊ុនមួយនេះឲ្យឆ្ពោះទៅរកសក្តានុពល និងភាពរីកចម្រើន ស្របពេល ដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយផងដែរ។​ លោកបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាស ថ្មីៗនាពេលខាងមុខ។​ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group។​»

ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧លាន​៥សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៉ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្តប់នៅទូទាំង ២៥ ខេត្តក្រុង។ Smart Axiata គឺជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដោយមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។

ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់​​ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ​ ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើស​សរស្តម្ភចំនួន ៣​​ ​ គឺ ​​ទូរគមនាគមន៍ឌីជីថល ​ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។​

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧លាន ៥សែននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

Most Popular

To Top