ភ្នំពេញ៖ ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុត នៅលើពិភពលោកនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀត ។
ពិព័រណ៍សៀវភៅនេះដែរនឹងមានការអញ្ជើញចូលរួមជាគណៈអធិបតីលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា ព្រមទាំងបងប្អូនក្រុមការងារ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅប្រទេសចំនួន១៥ក្នុងនោះមាន៣៧ទីក្រុងដែលពួកគេបានទៅដល់និងប្រារព្ធពិធីនេះឡើង។
អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យស្មើនឹង១ដុល្លារឡើងទៅ ក្នុងមួយក្បាល នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Cambodia 2023 ។ ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣ នេះតទៅ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះនឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឹរហូតដល់ថ្ងៃទី១២ខែមិនាឆ្នាំ២០២៣ឯណោះ។ កម្មវិធីនឹងបន្តជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់។
ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំង មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។ មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមានអាយដលជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរយើងដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។
ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។”
Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ 2020 នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ។
អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/














