ភ្នំពេញ៖ ក្នុងក្តីរំភើបឈានដល់ព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនវៀតធេល កម្ពុជា (មិត្តហ្វូន) សហការជាមួយសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កីឡាកម្ពុជា។ ពិធីនេះមានការចូលរួមពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន រួមទាំងអត្តពលិកជម្រើសជាតិជាច្រើននាក់ទៀត។

ដោយមានបំណងចង់ជំរុញ និងផ្តល់កម្លាំងចិត្តដល់ប្រតិភូកីឡាកម្ពុជា ក្នុងការហ្វឹកហាត់ និងប្រកួតឱ្យកាន់តែប្រសើរឡើង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខ ក្រុមហ៊ុនមិត្តហ្វូនបានឧបត្ថម្ភកីឡាចំនួន៥ប្រភេទ រួមមាន៖ បាល់ទាត់ បាល់ទះ ប៉េតង់ គុនខ្មែរ និង ល្បុក្កតោជាមួយនឹងថវិកាសរុបចំនួន ២៥០០០ ដុល្លារ។

ថ្លែងក្នុងពិធីនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានចែករំលែកថា៖ «សម្រាប់មិត្តហ្វូន ការយកចិត្តទុកដាក់ និងការវិនិយោគលើកីឡា គឺជាការវិនិយោគនាពេលអនាគត និងសម្រាប់សុខភាពសហគមន៍។ ការឧបត្ថម្ភកីឡាកម្ពុជា គឺជាទំនួលខុសត្រូវរបស់មិត្តហ្វូន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកំពស់គុណភាពនៃ សកម្មភាពកីឡាកម្ពុជា។ នេះក៏បង្កើតលក្ខខណ្ឌ សម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រកបដោយវិជ្ជាជីវៈ រួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រុម ដើម្បីបញ្ជាក់ជំហររបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ»។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ និងកោតសរសើរចំពោះការស្រលាញ់ និងការរួមចំណែករបស់មិត្តហ្វូនចំពោះវិស័យ កីឡាកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីបំណងចង់ បន្តទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុន និងដៃគូសហការនាពេលខាងមុខថា «ពួកយើងនឹងព្យាយាម និងខិតខំជានិច្ច ដើម្បីសម្រេចបានលទ្ធផលល្អបំផុតតាមរដូវកាល ដែលជាការប្រកួត។ សូមអរគុណចំពោះសេចក្តីស្រលាញ់ ដែលមិត្តហ្វូន មានសម្រាប់កីឡាកម្ពុជា សូមជូនពរក្រុមហ៊ុនតែងតែអភិវឌ្ឍន៍ កាន់តែជោគជ័យ និងរក្សាទំនាក់ទំនងល្អជានិច្ច អមដំណើរកីឡាកម្ពុជា»។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ត្រូវបានគេស្គាល់ថាជាស៊ីហ្គេមឆ្នាំ ២០២៣ ឬ ស៊ីហ្គេមលើកទី ៣២ ព្រោះវាជាព្រឹត្តិការណ៍កីឡាលើកទី ៣២ ដែលជាព្រឹត្តិការណ៍ពហុកីឡាប្រចាំឆ្នាំក្នុងតំបន់។ សមាជនេះនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ នេះជាលើកទីមួយហើយដែលកម្ពុជាក្លាយជា ប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ដែលព្រឹត្តិការណ៍នេះមានកីឡាចំនួន ៣៧ ប្រភេទ ដែលមាន ៦០៨ វិញ្ញាសា ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត។

ជាច្រើនឆ្នាំមកនេះ រួមជាមួយនឹងសកម្មភាពអាជីវកម្ម មិត្តហ្វូនបានចាប់ដៃគ្នា និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីរៀបចំសកម្មភាពឧបត្ថម្ភ និងគាំទ្រជាច្រើនសម្រាប់ការ អភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ១០០ លានដុល្លារ។ ភាពលេចធ្លោគឺជាគោលនយោបាយ កាត់បន្ថយថ្លៃសិក្សា និងគាំទ្រដល់សិស្សានុសិស្សសិក្សាតាមអ៊ីនធឺណិត ផ្តល់សេវាអ៊ីនធឺណិតឥតគិតថ្លៃសម្រាប់មន្ទីរពេទ្យ និងការថែទាំសុខភាព។

ក្រៅពីនេះ មិត្តហ្វូនក៏តែងតែយកចិត្តទុកដាក់ និងមានការគាំទ្រច្រើន ចំពោះសកម្មភាពកីឡានៅកម្ពុជា។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក មិត្តហ្វូនក៏បានអមដំណើរ និងឧបត្ថម្ភដល់ក្រុមកីឡាកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះ មិត្តហ្វូន ទើបតែបានចូលរួមក្នុងកម្មវិធី អង្គរសង្ក្រាន្ត រត់ និងជិះកង់ ថវិកាទាំងអស់ដែលបានមកពីការលក់សំបុត្រ គឺបានឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មិត្តហ្វូន ចូលរួមឧបត្ថម្ភ ៥០ម៉ឺនដុល្លារ សម្រាប់ការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា និងចូលរួមសកម្មភាពជាច្រើន អមជាមួយកីឡាកម្ពុជា ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល គណៈប្រតិភូកីឡា និងប្រជាជនទូទាំងប្រទេសកោតសរសើរផងដែរ៕







