ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជននិងកីឡានៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោករដ្ឋលេខាធិការនាពេលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃក្នុងការចូលរួមពិនិត្យតាមដានវឌ្ឍនភាពការងារ និងបន្តជំរុញការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឱ្យកាន់តែរីកចម្រើន និងមានចេរភាព។
កាយវិការនេះ ជាការលើកទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នាដែលជាមន្រ្តីគ្រប់គ្រង មន្រ្តីរដ្ឋបាល មន្រ្តីបច្ចេកទេសឱ្យខិតខំបំពេញការងារទ្វេឡើងថែមទៀត។
លោកបានបន្តថា ផ្តើមចេញពីកត្តាសន្តិភាព ស្ថេរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ វិស័យអប់រំកាយ និងកីឡាមានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេស ជោគជ័យដ៏ត្រចាស់ត្រចង់ និងបានទទួលមេដាយជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាពេលថ្មីៗនេះ ដែលប្រជាជនកម្ពុជា ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
ជោគជ័យខាងលើ ផ្តើមចេញពីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បានចង្អុលបង្ហាញ និងតម្រង់ទិសក្នុងការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឆ្ពោះទៅឆ្នាំ២០២៣។
លោក ស សុខា បានមានប្រសាសន៍ថា លោកស្រីនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាថ្មីត្រូវបន្តជំរុញ និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា ទាំងកម្រិតមូលដ្ឋាន និងកម្រិតឧត្តមសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា៕ ដោយ៖លី ភីលីព