ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង ទៅកាន់អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើរ ដ៏ប្រណីត ដែលជាគម្រោងវិនិយោគជាង ២៣០លានដុល្លារអាមេរិច របស់ក្រុមហ៊ុន ជីប ម៉ុង មួយនេះ បានឆ្លុះបញ្ចាំងពីការចាក់គ្រឹះដ៏រឹងមាំ និងវិសាលភាពរីកដុះដាល់ទៅមុខ កាន់តែឆ្ងាយរបស់ធនាគារ ជីប ម៉ុង ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងបង្កើនទំនុកចិត្ត ជាមួយប្រជាជនកម្ពុជាឱ្យកាន់តែមុតមាំ។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធាន ក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានថ្លែងពីសេចក្តីរាយការណ៍ ពីសមិទ្ធផលដែលទទួលបានថា៖ “បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងជួបឧបសគ្គយ៉ាងណា គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែអាចកើនឡើង រហូតដល់ ១៣០០លានដុល្លារអាមេរិក ដោយឡែកប្រាក់កម្ចី បានកើនឡើងដល់ ៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើបានកើនឡើងដល់ ១១០០លានដុល្លារអាមេរិក។”

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ទៀតថា៖ “ធនាគារកូនខ្មែរមួយនេះ បោះជំហានចូលទីផ្សារក្រោយគេបន្តិចមែន ប៉ុន្តែយើងមានភាគទុនិក ដែលមានយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយធនាគារ ជីប ម៉ុង ឱ្យក្លាយជាធនាគារឈានមុខគេ និងអាចឈជើងលើទីផ្សាររាប់រយឆ្នាំទៅមុខ។”
ទន្ទឹមនឹងនោះ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង ទាំងមូលដែលតែងនាំមកជូន ប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មជាច្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងបានចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។

សាខា ជីប ម៉ុង ថៅវើរ ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ មានលក្ខណៈកាន់តែពិសេស និងប្រណីតជាងមុន ជាមួយទីតាំងធំទូលាយ និងបរិយាកាសប្រកបដោយផាសុកភាព ដើម្បីធានាថាការផ្តល់ជូនសេវាកម្ម កម្រិតស្តង់ដារ ជាមួយនឹងការយកចិត្តទុកដាក់ដ៏ល្អឥតខ្ចោះ ស្របតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ធនាគារ ជីប ម៉ុង ក៏មាន VIP Lounge នៅក្នុងសាខាថ្មីនេះ ដែលជាកន្លែងទទួលភ្ញៀវដ៏ប្រណីត ផ្តល់ជូនបទពិសោធន៍សេវាកម្ម ធនាគារផ្តាច់មុខ ជូនអតិថិជន ប្រកបដោយឯកជនភាព អាទិភាព និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អតិថិជន។
សូមរំឭកថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលបានពង្រីកខ្លួនកាន់តែខ្លាំង នៅប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុប ចំនួន ១៥ ក្នុងនោះ ១២សាខានៅរាជធានីភ្នំពេញ និង ៣សាខាទៀត នៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕






