ភ្នំពេញ៖ ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata” នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ មេដាយ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ចំនួន៤ ត្រូវបានប្រគល់ជូនបុគ្គល និងសមូហភាពនៃក្រុមហ៊ុន Viettel Group និង ក្រុមហ៊ុនមិត្តហ្វូន សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។ ព្រមទាំងមានការអញ្ជើញចូលរួម ពីតំណាងរដ្ឋាភិបាល និងក្រសួងនានាផងដែរ។ ក្រៅពីនេះក៏មានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។
ក្រោមគំនិត និងប្រធានបទ “The Met’s Sonata” ការប្រារព្ធកម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្ហាញសារដែលមិត្តហ្វូនមាន និងនូវតែបន្ត ដើម្បីបង្កើតការរួមចំណែក ដ៏មានតម្លៃដល់ប្រជាជន និងប្រទេសជាតិកម្ពុជា ដោយការលះបង់ចេញពីបេះដូង។ ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្រ្ត “ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ” នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះបានបង្ហាញពី ដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែក កសាងសេវាទូរគមនាគមន៍របស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជន។
ថ្លែងក្នុងពិធីរំលឹកខួបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Group ចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និង Viettel Group ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន Viettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង។ មិត្តហ្វូន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នាថ្ងៃអនាគត ខ្ញុំសង្ឃឹមថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា»។
ឆ្លៀតក្នុងឱកាសនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Group និងមិត្តហ្វូន ជាការទទួលស្គាល់អំពីការរួមចំណែក របស់ពួកគេក្នុងរយៈពេល១៥ឆ្នាំកន្លងមក។ បុគ្គលនិងសមូហភាពទាំង៤រូប ដែលមានកិត្តិយសទទួលបានមេដាយរួមមាន៖
១. ក្រុមហ៊ុន វៀតធេល កម្ពុជា
២. លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group
៣. លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន Viettel Global
៤. លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុន មិត្តហ្វូន
ក្នុងនាមក្រុមហ៊ុន Viettel Group និងមិត្តហ្វូន លោក Tao Duc Thang បានសម្តែងនូវបំណងចង់ បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជន ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់កម្ពុជា ។
លោកថ្លែងថា «ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី ១៥ឆ្នាំមុន និងទៅអនាគតនឹងតែងតែមាន។ ដូចជាទស្សនៈវិស័យរបស់យើងតាំងពីដើមគឺ “អ្នកច្នៃប្រឌិត និងយកចិត្តទុកដាក់” (Caring Innovator) ។ រាល់ដំណោះស្រាយ រាល់ផលិតផល រាល់សកម្មភាពរបស់មិត្តហ្វូន នឹងខិតខំធានាថាគ្មានប្រជាជនកម្ពុជា ណាដែលមិនទទួលបានប្រព័ន្ធបច្ចេកវិទ្យាឡើយ»។
បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ១៥ឆ្នាំ មិត្តហ្វូនបច្ចុប្បន្នជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ដ៏ធំបំផុត និងរក្សាចំណែកទីផ្សារឈានមុខគេ នៅកម្ពុជាផងដែរ។ ក្នុងដំណាក់កាលថ្មី មិត្តហ្វូនកំពុងឈានមុខគេ នៃនិន្នាការបំលាស់ប្តូរឌីជីថល តាមរយៈការបង្កើតកម្មវិធី និងដំណោះស្រាយឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ មិត្តហ្វូនក៏កំពុងសហការជាមួយក្រសួង ស្ថាប័ននានាក្នុងរដ្ឋាភិបាលលើគម្រោង បំលាស់ប្តូរឌីជីថលផងដែរ។
បន្ថែមពីលើសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ដោយជាង ១ ពាន់លានដុល្លារបានចូលរួមចំណែក ក្នុងថវិកាជាតិ និងជាង ១២០លានដុល្លារអាមេរិក ឧទ្ទិសដល់គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ និងសង្គម។
ក្នុងពិធីគម្រប់ខួបនេះមិត្តហ្វូន ក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយ គុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360 គឺជាផ្នែកបន្ទាប់ដើម្បីបំពេញ បន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន ៕